banner1
ក្រសួងសេដ្ឋកិច្ច​​​​បន្តជួយចំណាយ​បន្ទុកអាករលើតម្លៃបន្ថែមសម្រាប់​​ប្រេងសាំងធម្មតា និងម៉ាស៊ូ​ត

 24-មីនា-2026

នៅថ្ងៃទី​​២៤​ មីនា នេះ ក្រសួងសេដ្ឋកិច្ចកម្ពុជា​ បាន​​ប្រកាសវិធានការ​​​​បន្ធូរបន្ថយ​អាករលើតម្លៃ​បន្ថែម​ចំពោះ​ការផ្គត់ផ្គង់​ប្រេងសាំងធម្មតា និងម៉ាស៊ូ​ត​ ក្នុងបរិបទ​នៃការកើនឡើងថ្លៃប្រេង​លើទីផ្សារអន្តរជាតិ។ ក្រសួងសេដ្ឋកិច្ចកម្ពុជា​​បានកំណត់ឱ្យ​​សហគ្រាសនាំចូល និងចែកចាយប្រេងឥន្ធនៈ​​ត្រូវ​បន្តគិត​អាករលើតម្លៃបន្ថែមក្នុងអត្រា ​៤ភាគរយ សម្រាប់​ការផ្គត់ផ្គង់ប្រេង​​​សាំងធម្មតា និងប្រេងម៉ាស៊ូត ដោយមានសុពលភាព​​​​រហូតដល់​​មានការសម្រេច​​​​ជាថ្មីរបស់រដ្ឋាភិបាល​។

តាមធម្មតា នៅប្រទេស​កម្ពុជា VAT ឬបន្ទុកអាករលើតម្លៃបន្ថែមលើទំនិញនាំចូល​ ក៏ដូចជាប្រេងឥន្ធនៈ មានអត្រា​ ១០ភាគរយ ក៏ប៉ុន្តែ​​​ក្នុង​​ស្ថានភាព​នៃវិបត្តិថាមពល​សាកលដែល​​បង្កដោយសង្គ្រាមនៅមជ្ឈិមបូព៌ា​ រដ្ឋាភិបាលកម្ពុជា​​បានដាក់ចេញវិធានការ​បន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមនេះ ​សម្រាប់ប្រេងសាំងធម្មតា និងម៉ាស៊ូត មកនៅត្រឹម ៤ភាគរយវិញ​។ នេះបើតាមសេចក្តីណែនាំ​​​របស់ក្រសួងសេដ្ឋកិច្ចចុះថ្ងៃទី​២៤ មីនានេះ ​​និងថា ​៦ភាគរយ​នៃបន្ទុកអាករ ដែលបន្ធូរបន្ថយនោះ​ រដ្ឋនឹងជួយចំណាយ​​​​​​ជំនួស​​​​​ក្នុងគោលបំណង​ជួយសម្រួលដល់ជីវភាព​ពលរដ្ឋខ្មែរ​។

បើតាម​ក្រសួងសេដ្ឋកិច្ចកម្ពុជាដដែល​ សហគ្រាសនាំចូល និងចែកចាយប្រេងឥន្ធនៈបន្ត​ ត្រូវគិតអាករលើតម្លៃបន្ថែមក្នុង​អត្រា ៤ភាគរយ​ សម្រាប់​ការផ្គត់ផ្គង់ជូនពលរដ្ឋ​​ដោយត្រូវចេញ​វិក្កយបត្រ​​​​កំណត់​អាករថ្មីនេះដែលមានសុពលភាព​ចាប់ពីថ្ងៃទី​២០ មីនា រហូតដល់​មានការសម្រេចជាថ្មីរបស់រដ្ឋាភិបាល​។

គួរជ្រាបថា តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២០ មីនា រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥៤០០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា និង ៦៧០០រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត​។ ជាតម្លៃដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកសូន្យដុល្លារ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤ភាគរយ​ មក ០ភាគរយ​ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% ដោយរដ្ឋាភិបាលទទួលបន្ទុកជំនួសចំនួន ៦ភាគរយ​។ ដូច្នេះបានន័យនេះថា បើគ្មានអន្តរាគមន៍ពីរដ្ឋ​នោះទេ តម្លៃសាំងធម្មតានឹងហក់ឡើងដល់ ៥៦០០រៀលក្នុង១លីត្រ និងម៉ាស៊ូតវិញឡើងដល់ ៧០០០រៀលក្នុង១លីត្រ។

ដោយឡែក​​គណៈបក្សក្រៅរដ្ឋាភិបាល គឺគណបក្ស​កម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍​កាលពីថ្ងៃទី​១៧​មីនាកន្លងទៅ ដោយ​​ស្នើឱ្យរដ្ឋាភិបាលកម្ពុជា​​​​​ទម្លាក់ពន្ធ​ និងអាករលើតម្លៃបន្ថែមមកត្រឹមសូន្យ​​។ គណបក្ស​ក្រៅរដ្ឋាភិបាលនេះ​បាន​ព្យាករថា ​បើរដ្ឋាភិបាលទម្លាក់ពន្ធទាំង ​២ប្រភេទ មកត្រឹមសូន្យមែននោះ ​តម្លៃប្រេងសាំង​អាចធ្លាក់ចុះ​ប្រហែល​ជាង ​៤០០០រៀល​ក្នុង១លីត្រ និងប្រេងម៉ាស៊ូត​ក៏អាចធ្លាក់ចុះ​​ប្រហែល​ជាង ៥ ០០០ រៀលក្នុង១លីត្រដែរ។ គួរជ្រាបដែរថា ការនាំចូលប្រេងឥន្ធនៈ​ពីក្រៅប្រទេសត្រូវជាប់រនាំងគយកម្ពុជា​​ចំនួន ៤ប្រភេទ គឺពន្ធគយ​ ​អាករពិសេស អាករបន្ថែម និងអាករលើតម្លៃបន្ថែម​។

សង្គ្រាមនៅតំបន់មជ្ឈិម​​បូព៌ា​​​បានបង្កើតឱ្យមានវិបត្តិថាមពល​សា​កលកាន់តែធ្ងន់ធ្ងរឡើង ហើយកម្ពុជាក៏គេចមិនផុត។ ​​សម្រាប់កម្ពុជា ក្រៅពីតម្លៃប្រេងឥន្ធនៈ​​ហក់ឡើងខ្ពស់កប់ពពក តម្លៃដឹកជញ្ជូន តម្លៃ​ហ្គាស ឬតម្លៃ​​​នៃ​ប្រភព​ថាមពល​ដទៃទៀតក៏កំពុងក្លាយជាចំណោទ និងជាបញ្ហាដែរ ក៏ប៉ុន្តែ​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញមុខអំពាវនាវនៅថ្ងៃទី​២៣មីនាម្សិលមិញ​នេះ​​​កុំឱ្យពលរដ្ឋ​ភ័យ​ស្លន់​ស្លោពីការ​ខ្វះ​ប្រេង​ឥន្ធនៈ និងឧស្ម័ន LPG ឬហ្គាសសម្រាប់​ប្រើ​ប្រាស់​ប្រចាំថ្ងៃឱ្យសោះ​។ ទោះជាយ៉ាងណា លោក កែវ រតនៈ បាន​អំពាវនាវឲ្យមានការសន្សំសំចៃការប្រើប្រាស់​ប្រេង​ឥន្ធនៈ ឧស្ម័ន LPG ឬហ្គាស រួមទាំងសន្សំសំចៃការ​ប្រើ​ភ្លើង​អគ្គិសនីផងដែរ៕​

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 147
ឯកសារពិគ្រោះ : 613
ឯកសារច្បាប់ : 174
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា