banner1
ជំងឺ​សម្ពាធ​ឈាម៖ ក្មេងមាន​​ជំងឺ​លើស​ឈាមកើនទ្វេ​ដង​ក្នុង​ពេល​តែ​២០ឆ្នាំ

 20-មីនា-2026

លើស​ឈាម​ជា​ជំងឺ​មនុស្ស​ចាស់។ ប៉ុន្តែ​គិត​ចាប់​ពី​ឆ្នាំ​២០០០​មក ចំនួន​ក្មេង​កើត​ជំងឺ​លើស​ឈាម បាន​កើន​ឡើង​ទ្វេ​ដង​។ មាន​កត្តា​ជា​ច្រើន​ជា​ដើមហេតុ​នាំ​ឱ្យ​មាន​កំណើនជំងឺ​លើស​ឈាម​លើ​ក្មេង។ តើ​ជា​អ្វីខ្លះ?

អត្រាអ្នក​កើត​ជំងឺលើសឈាម បានផ្ទុះឡើង យ៉ាងខ្លាំង នៅតាមបណ្តាប្រទេសជឿនលឿន និង អ្នកមាន នៅឆ្នាំ ១៩៧៥ បន្ទាប់​មកក៏​ងាក ទៅវិវឌ្ឍន៍ខ្លាំង នៅតាមបណ្តាប្រទេស ដែល មានប្រាក់ចំណូលទាប និង មធ្យម វិញ។ បើ​តាម​អង្គការ​សុខភាពពិភពលោក គិត​ត្រឹម​ឆ្នាំ​២០២៤ ពិភពលោក​មានអ្នកផ្ទុក​​ជំងឺ​លើស​ឈាម​អាយុ​ចន្លោះ​ពី​៣០​ឆ្នាំទៅ​៧៩ឆ្នាំ ប្រមាណ​១៤០០លាននាក់​​ ឬ​ត្រូវ​ជា​៣៣%​នៃ​ប្រជាពលរដ្ឋ​លើ​ភព​ផែន​ដី។ ហើយ​នៅក្នុងនោះ​ មាន​អ្នកជំងឺ​ពាក់​កណ្តាល មិន​ដឹង​ខ្លួន​ និង​មាន​តែ​ម្នាក់​ក្នុង​ចំណោម​១០​នាក់​ប៉ុណ្ណោះ​បាន​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ។

លើស​ឈាម​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ជំងឺ​រ៉ាំរ៉ៃ និង​ជាជំងឺ​របស់​មនុស្ស​ចាស់ ព្រោះ​ហានិភ័យ​មាន​​ជំងឺ​នេះ​ កើន​ឡើង​ទៅ​តាម​វ័យ។ ករណី​កុមារ ឬ​ក្មេង​ជំទង់​មាន​ជំងឺ​លើស​ឈាម​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បាតុភូតពិសេស ឬ​​​​កម្រ បើ​តាម​អ្វីដែលវេជ្ជសាស្ត្រ​បាន​ដឹង​​រហូត​មក​ទល់​នឹង​ពេល​នេះ​ ប៉ុន្តែ​បើ​តាមការ​សិក្សា​ស្តី​ពី​ស្ថានភាពសុខភាព​កុមារ​​និង​ក្មេង​ជំទង់​ ​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ​១២​វិច្ឆិកា ចុង​ឆ្នាំ​២០២៥ ក្នុង​ទំព័រ​ទស្សនាវដ្តី​អង់គ្លេស​ផ្នែក​វិទ្យាសាស្ត្រ​ The Lancet ចំនួនកុមារ​និង​ក្មេង​ជំទង់​មាន​រោគ​លើស​ឈាម បានកើន​ឡើង​ទ្វេដង នៅ​រវាង​ពី​ឆ្នាំ​២០០០​មកទល់​ពេល​បច្ចុប្បន្ន។ ​​មានន័យ​ថា ជំងឺ​សរសៃ​ឈាមបេះដូង នឹងកើន​ខ្លាំង​ដែរ នៅ​ពេល​ខាង​មុខ ព្រោះ​កុមារ​និង​ក្មេង​ជំទង់មានផ្ទុក​ជំងឺ​លើសឈាម​ទាំងអស់នោះ​ត្រូវ​ប្រឈម​ខ្លាំង​​នឹង​គ្រោះ​​មានវិបត្តិ​សរសៃ​ឈាម​បេះដូង​នៅ​ពេលធំពេញ​វ័យ​។

ជាហានិភ័យ​សុខភាព​កំរិត​ពិភពលោក! ក្នុង​រយៈ​ពេល​​២០​ឆ្នាំ​ចុងក្រោយ​មក​នេះ​ គេ​សម្គាល់​ឃើញ​​មានករណី​ក្មេង​កើត​ជំងឺ​លើស​ឈាមកើន​មួយ​ជា​ពីរ​​។​ បើ​រាប់​ជា​ភាគ​រយ​ ឃើញ​ថា​នៅ​តិច​នៅ​ឡើយ​មែន ប៉ុន្តែ​បើ​គិត​អំពី​សមមាត្រ​នៃ​ពេលវេលា​និង​កំណើនវិញ ជា​អត្រា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល និង​ព្រួយ​បារម្ភ​ខ្លាំង​ព្រោះគេ​ពុំ​ធ្លាប់​ឃើញ​មានជំងឺ​អ្វី​ មាន​​កំណើន​លឿន​រហ័ស​បែបនេះ​ទេ។ វេជ្ជបណ្ឌិត Peige Song អ្នក​វិទ្យាសាស្ត្រ​​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ នៃ​សកលវិទ្យាល័យ​ Zhejang ប្រទេសចិន ដែល​ជា​មេ​​គំនិតម្នាក់ ក្នុង​ចង្កោម​ក្រុម​អ្នក​ស្រាវជ្រាវ​ដឹកនាំ​សិក្សា​អំពី​ស្ថានភាព​សុខភាព​សម្ពាធឈាម​របស់​កុមារ​និង​ក្មេង​ជំទង់​ បានពន្យល់​ប្រាប់បណ្តាញ​CNN​ស៊ីអិនអិន​ថា នៅអំឡុង​ឆ្នាំ​២០០០ ក្មេង​ប្រុស​ចំនួន​៣,៤% និង​ក្មេង​ស្រី​៣%​ មាន​ជំងឺ​លើស​ឈាម។ តែ​ថ្ងៃ​នេះ អត្រា​ក្មេង​ប្រុស​មាន​រោគ​សម្ពាធ​ឈាម​បាន​ឡើង​ដល់​៦,៥% និង​៥,៨%​សម្រាប់​ក្មេង​ស្រី។ កាន់តែធ្ងន់ធ្ងរ​ជាង​នេះទៅ​ទៀត គេ​មិន​សូវ​ចាប់​អារម្មណ៍​​វិភាគឬ​ពិនិត្យ​សុខភាព​កុមារដៅ​រក​​រោគ​សញ្ញា​លើសឈាម​កុមារ​ទេ។ ប្រជាពលរដ្ឋ​ទូទៅ មិន​បាន​គិត​​ដល់​ឡើយ​ថា​ក្មេងអាច​មាន​បញ្ហា​សម្ពាធ​ឈាម។

តើលើស ឈាម ជា អ្វី ? ពាក្យ ថា លើស ឈាម មិនមែន សំដៅ លើ បរិមាណ ឈាម នៅក្នុង ខ្លួន ទេ តែ សំដៅ លើ កម្លាំង សម្ពាធ ឈាម ដែល ធាក់ ទៅ និង កម្លាំង សម្ពាធ ឈាម នៅ ពេល បេះដូង សម្រាក។ ហេតុដូច្នេះហើយ បាន​ជានៅពេលវាស់ សម្ពាធឈាម គេតែង ឃើញមានសរសេរ​លេខបញ្ជាក់​ពី​ កំរិតឈាម ខ្ពស់ និង កំរិតឈាម ទាប ។ កំរិតឈាម ទាំង ពីរនេះ ត្រូវឱ្យស្រប​គ្នា ៖ កំរិត​ឈាម​ទាប ត្រូវ​ស្មើនឹង​​កំរិត​ឈាម ខ្ពស់ ចែកជា​ពីរ រួច​បូក​នឹង ​មួយ (ឧទាហរណ៍​សម្ពាធ​ឈាម ល្អ គឺ ១២-៧ ព្រោះ ១២៖២+១=៧ )។ បើ កំរិត ឈាម ទាំងពីរ​កៀក​គ្នា ឬ ឃ្លាត​គ្នា​ឆ្ងាយ​ពេក​ក៏ ជា​ជំងឺ​មួយ ដែរ។ បច្ចុប្បន្ន​នេះ គេ​ចាត់​ទុក​ថា ប្រសិន បើ​មនុស្ស​ពេញវ័យ​ណា​​ម្នាក់​មាន​កំរិត សម្ពាធ​ឈាម​លើសពី ១៤ នោះ គេ​ហៅ​ថា មាន​ជំងឺ ឡើង​​ឈាម​ហើយ។

ចំពោះ​ក្មេង​វិញ សម្ពាធឈាម​តែង​ទាប​ជា​មនុស្ស​ចាស់/ធំ។ គេ​អាច​ចាត់ទុក​ថា​ក្មេង​ណា​ម្នាក់​មាន​បញ្ហា​លើស​ឈាម នៅ​ពេល​វាស់​ច្រើនលើក​ច្រើន​សា និង​ជា​ច្រើន​ដង​ ​ទៅ​ឃើញ​ថា កំរិត​​ឈាម​​ឡើង​ដល់

-១១/៦ សម្រាប់​ក្មេង​ក្រោមមួយ​ឆ្នាំ

-១១,៥/៦,៥ សម្រាប់​ក្មេង​អាយុ​ពី​១ឆ្នាំ​ទៅ​៥​ឆ្នាំ

-១២,៥/៨,៥ សម្រាប់​ក្មេង​អាយុចន្លោះ​​ពី ៦ ទៅ​១០ឆ្នាំ

-១៤/៩ សម្រាប់​ក្មេង​ចាប់​ពី​អាយុ​១០ឡើង​ទៅ

សម្ពាធ​ឈាមក្មេង​ឡើង​ខ្ពស់​ខ្លាំង ម្តងម្កាល​ ជា​លក្ខណៈ​ទោល អាច​បណ្តាល​មក​ពី​មូលហេតុ​សាមញ្ញ ដូច​ជា​ក្មេង​យំ​ខ្លាំង​ពេក ប្រឹង​ខ្លាំង​ពេក ឬភ័យ​ស្រ្តេសជ្រុល​។  ដោយ​គ្មាន​ផ្តល់​រោគ​សញ្ញា​ច្បាស់​លាស់​ គេច្រើន​តែ​វែក​​ដឹង​ថា​ក្មេង​ណា​ម្នាក់​មាន​ជំងឺ​លើស​ឈាម នៅ​ពេ​លពិនិត្យ​តាមដាន​សុខភាព​ជា​ធម្មតា ឬ​នៅ​ពេល​មាន​រោគសញ្ញា​នៃ​ជំងឺ​ផ្សេង​មួយ​ទៀត។ ​ក្មេង​មាន​

រោគ​​លើស​ឈាម ច្រើន​តែបណ្តាល​ឬ​​មានលាក់​​នូវ​ជំងឺ​មួយ​​មុខ​​ផ្សេង​​ទៀត មាន​ជាអាទិ៍៖ ជំងឺ​នៅ​តម្រង​​នោម ជំងឺ​​សរសៃ​ឈាម​​អាអក​រួម​តូច ជំងឺ​​រួម​​សរសៃ​​ឈាម​​អាទែ​នៅ​​តម្រង​នោម​ មានសម្ពាធ​ក្នុង​ខួរក្បាល មានវិបត្តិ​អរមូន។ ​​ខុស​ពីមនុស្ស​ចាស់ មនុស្សធំ ករណីលើស​ឈាម​​កុមារ​​ដោយ​​គ្មាន​លាក់​ជំងឹ​ផ្សេង​ជាករណីកម្រណាស់។ ប៉ុន្តែ​គឺករណី​លើស​ឈាម​គ្មាន​មូលហេតុ​នេះហើយ​ដែល​ កំពុង​កើនឡើង​និង​ជួប​កាន់តែញយ។

សូមកុំ​មើលស្រាល ជំងឺ​លើស​ឈាម​កុមារ។ បើ​តាម​ការ​សិក្សា​អាមេរិក​ មានជំងឺ​លើស​ឈាម​តាំងពី​កុមារ (អាយុ​៧​ឆ្នាំ) បង្កើន​ហានិភ័យ​ស្លាប់​ដោយ​ជំងឺសរសៃឈាម​បេះដូង នៅ​ពេល​ធំ​ ខ្ពស់​ជាង​ក្មេង​ធម្មតា​ដល់​ទៅ​ជាង​៤០%។ ដោយមិន​និយាយ​ដល់​គ្រោះមរណៈនៅ​ពេលធំ ដែល​ជា​ផលវិបាកធ្ងន់ធ្ងរ ជំងឺលើសឈាមនេះ ជា​អ្នក​​បំផ្លាញ​សរសៃ​ឈាម​របស់​សរីរាង្គកាយ​​ទាំងមូល ហើយ​សរីរាង្គ​នីមួយ​ៗ​ដូច​ជា ថ្លើម ខួរក្បាល បេះដូង តម្រងនោម  និង​ភ្នែក នឹង​ធ្លាក់​ខ្លួន​ឈឺ។ ដូច្នេះ​ក្មេង​មាន​សម្ពាធ​ឈាមខ្ពស់ នឹងក្លាយ​ជា​មនុស្ស​​ឈឺ នៅ​ពេល​ធំ។

អ្វី​ជា​កត្តា​ជំរុញ​ ឬ​បង្កើន​គ្រោះ​មានសម្ពាធ​ឈាម​ខ្ពស់?

មានកត្តា​ធំ​បី​ដែល​បង្កើន​គ្រោះ​កើត​ជំងឺ​លើសឈាម​សម្រាប់​កុមារ និ​ងមនុស្ស​ធំ។ ទីមួយ គឺ​ជំងឺធាត់។ ធាត់​ជា​កត្តា​ហានិភ័យ​ចម្បង​គេ​នៃ​ជំងឺ​សម្ពាធ​ឈាមខ្ពស់  (ឡើងឈាម) ព្រោះ​ការ​​ធាត់​ខ្លាំង លើស​ទម្ងន់ មានន័យ​ស្មើ​នឹង​មាន​អាការៈ​ធន់​ស៊ាំ​នឹង​អាំងស៊ូលីន  និង​ការ​រោល​រលាក។

របប​អាហារ​ជា​កត្តា​សំខាន់​ទីពីរ​ ដែល​នាំ​ឱ្យ​មាន​គ្រោះ​កើត​ជំងឺសម្ពាធ​ឈាមខ្ពស់។ ​ចំណី​អាហារ​​កែច្នៃ​ មហាកែច្នៃ​ ឬ​ការ​បរិភោគ​អាហារ​មិន​ល្អ​សម្រាប់​សុខភាព​ ដែលផ្តល់​ថាមពល​ខ្ពស់​ខ្លាំង មាន​ខ្លាញ់ច្រើន​ ស្ករច្រើនផ្អែមខ្លាំង មានលាយ​សារធាតុ​គីមីបន្ថែម សម្រាប់​លើក​រសជាតិ លើក​ពណ៌ សម្រាប់​ទុក​បានយូរ អាហារ​ប្រៃ​ មាន​ផ្ទុក​ជាតិ​សូយ៉ូម​ខ្ពស់ សុទ្ធ​តែ​ជា​ភ្នាក់ងារ​បង្កើន​គ្រោះ​ហានិភ័យ​ នាំឱ្យ​កើត​ជំងឺ​លើសឈាម និង​ជំងឺ​សរសៃឈាម​បេះដូង។

កត្តា​ទីបី គឺ​កង្វះ​ដំណេក ដេកមិន​គ្រប់គ្រាន់ ដេក​មិនស្កប់។ ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុងក្រោយ​មកនេះ រយៈ​ពេល​ដេក​របស់​មនុស្សជាតិ បាន​ថយ​ចុះអស់​  មួយម៉ោង​កន្លះ។ មនុស្ស​លោក​ដេក​​កាន់​តែ​តិចទៅៗ និង​បានខាត​ម៉ោង​ដេក អស់​មួយ​ម៉ោង​កន្លះ​ក្នុង​មួយ​ថ្ងៃ ដោយ​រវល់​ទៅ​ចំណាយ​ពេល​លើ​រឿង​ដែល​មិន​បានការ​ទាល់​តែ​សោះ។ ​តាម​ការ​ពិត​ទៅ​នោះ គ្រប់​គ្នា​សុទ្ឌ​តែ​ដឹងថា ការ​ដេក​មិន​គ្រប់​គ្រាន់​ជា​កត្តា​បង្កើន​គ្រោះ​មាន​បញ្ហា​សម្ពាធ​ឈាម។ បើ​មនុស្សធំ​មាន​​ជំងឺ​លើសឈាម បាន​ទទួល​ថ្នាំ​ព្យាបាល​ហើយ​តែ​សម្ពាធ​ឈាម​នៅ​តែ​ខ្ពស់ នោះ​ប្រហែល​​បណ្តាលមកពី​អ្នក​ជំងឺ​មាន​បញ្ហា​គាំង​ចង្វាក់​ដង្ហើមនៅ​ពេលសំរាន្ត​ហើយ។ ករណី​ក្មេង​មានជំងឺ​លើស​ឈាម​ក៏​ដូច​គ្នា។

មាន​អាយុ​ទើប​តែ​ប្រមាណ​១៥-១៦​ឆ្នាំ ជា​ក្មេង​កំពុង​ពេញ​ជំទង់ ហើយ​ធាត់​លើស​ទម្ងន់ និង​មានសម្ពាធ​ខ្ពស់​ ច្បាស់​ណាស់​ថា​ក្មេង​ម្នាក់​នេះ មាន​វិបត្តិដំណេក គាំង​​ដង្ហើម​នៅ​ពេល​គេង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ដំណេក​គ្មានគុណភាព។ កង្វះ​ដំណេក​និង​សម្ពាធ​ឈាម​មានចំណង​ទាក់ទង​គ្នា​ណាស់។

ជាងនេះ​ទៀត បន្ថែម​ពី​លើ​កង្វះ​ដំណេក ​ស្ត្រេស និង​កង្វះ​​សកម្មភាព​ផ្នែក​កាយ​សម្បទា ក៏​ជា​កត្តា​ដែល​មិន​ត្រូវ​មើល​រំលង​ឡើយ ព្រោះ​ដោយ​ជាក់​ស្តែង​ទៅ​នោះ ក្មេង​ជំនាន់​នេះ​នៅមុខ​អេក្រង់​ច្រើន និង​ធ្វើ​ចលនា​តិច​ជា​ក្មេង​សម័យមុន​ឆ្ងាយ​ណាស់។ នេះ​បើ​តាម​ប្រសាសន៍​របស់​​លោកវេជ្ជបណ្ឌិត សុង ​ដដែល ដោយ​បញ្ជាក់​ថា លើសឈាម​មិនមែន​ជា​ជំងឺ​របស់​មនុស្ស​ចាស់​ ដូច​អ្វី​ធ្លាប់​គិត​ពីមុនទេ។ ការ​សិក្សា​ដែល​ផ្អែក​លើ​ទិន្នន័យ​សិក្សា៩៦​ផ្សេងៗ​ទៀត ​ក្នុង​ជាង​២០ប្រទេស​លើ​កុមាររាប់​សិបម៉ឺន​នាក់ ជា​ភស្តុតាង។ តែ​ជា​ដំណឹង​ល្អ ហានិភ័យ​​ក្មេង​មាន​ជំងឺ​លើស​ឈាម​អាច​កែ​ប្រែ​និង​បង្ការបាន។ ដើម្បី​លុប​បំបាត់​ការរាតត្បាតនៃ​ជំងឺ​លើស​ឈាមកុមារ គេ​ត្រូវ​ពន្យុះ​​និងលើកទឹកចិត្ត​ឱ្យ​ក្មេង​ធ្វើ​ចលនា​ ហាត់​កីឡា បញ្ចេញ​សកម្មភាពកាយ​សម្បទា ទទួល​ទាន​អាហារ​សុខភាពចម្អិន​ដោយ​ខ្លួន​ឯងនៅ​ផ្ទះ​ មានបន្លែ​ផ្លែឈើ ហើយ​ចៀស​វាង​អាហារ​កែច្នៃ អាហារ​បែបឧស្សាហកម្ម និង​ត្រូវ​ដេក​ឱ្យ​បាន​ច្រើន​ជាង​មុន។ តាម​អនុសាសន៍​ ទារក​ត្រូវ​គេង​១៦-១៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ ១២ម៉ោង​សម្រាប់​កុមារ​អាយុ​៣​ឆ្នាំ ១០ម៉ោង​ចំពោះ​ក្មេង​អាយុ​៦ទៅ​១០​ឆ្នាំ ឯ​ក្មេង​ជំទង់​ចាប់​ពី​អាយុ​១២​ឆ្នាំ​ទៅ​ត្រូវ​គេង​ជា​មធ្យម​៩​ម៉ោង។ រហូត​ដល់​អាយុ​៦​ឆ្នាំ កុមារ​ត្រូវ​ដេកថ្ងៃ​យ៉ាង​ហោច​ឱ្យ​បានកន្លះ​ម៉ោងក្នុង​មួយ​ថ្ងៃ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 147
ឯកសារពិគ្រោះ : 613
ឯកសារច្បាប់ : 174
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា