banner1
ឥណ្ឌារៀបចំជំនួបកំពូល ដើម្បីបង្កើតច្បាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

 18-កុម្ភៈ-2026

ជំនួបកំពូលស្តីពីផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតចាប់ផ្តើមបើកទ្វារ នៅថ្ងៃចន្ទ ទី១៦ កុម្ភៈ។ កិច្ចប្រជុំកំពូលអន្តរជាតិនេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ដែលរំពឹងថា នឹងមានមនុស្សចូលរួមរាប់ពាន់នាក់។ នៅក្នុងនោះ មានវត្តមានប្រមុខដឹកនាំរដ្ឋាភិបាល ឥស្សរជនជាន់ខ្ពស់បរទេសជាង៤០ប្រទេស និង​ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្រមទាំងអ្នកជំនាញ​ក្នុង​វិស័យបញ្ញាសិប្បនិម្មិត។ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក៏នឹងត្រូវចូលរួមក្នុងជំនួបកំពូល AI នៅប៉ុន្មានថ្ងៃខាងមុខ អំឡុងដំណើរទស្សនកិច្ចផ្លូររដ្ឋ នៅឥណ្ឌា។

នៅឥណ្ឌា ជំនួបកំពូលស្តីពី បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI Impact Summit ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ទី១៦ កុម្ភៈ ដល់ថ្ងៃសុក្រទី២០ កុម្ភៈ ផ្តោតសំខាន់លើផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត លើទីផ្សារការងារ និងសុវត្ថិភាពកុមារ។ ជំនួបកំពូលរយៈពេល៥ថ្ងៃនេះក៏នឹងត្រូវពិភាក្សាគ្នាអំពីការរៀបចំផែនទីបង្ហាញផ្លូវរួួមគ្នា ដើម្បីគ្រប់គ្រងលើបច្ចេកវិទ្យា AI នៅជុំវិញពិភពលោក។ នេះជាជំនួបកំពូល AI លើកទី៤ បន្ទាប់ពីការផ្តួចផ្តើមឲ្យមានការជួបជុំពិភាក្សាគ្នាអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ គួរជ្រាបថា ជំនួបកំពូល AI ធ្លាប់បានរៀបចំ៣លើករួចហើយ ពោលនៅទីក្រុងប៉ារីស នៅទីក្រុងសេអ៊ូល និងនៅទីក្រុង Bletchley ប្រទេសអង់គ្លេស ។

រដ្ឋាភិបាលឥណ្ឌារំពឹងថានឹងមានអ្នកចូលរួមរាប់ពាន់នាក់ រួមទាំងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលចំនួនប្រមាណ២០នាក់ ឥស្សរជនជាន់ខ្ពស់មកពី៤៥ប្រទេស ជាពិសេស ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាអាទិ៍ លោក Sam Altman អគ្គនាយកក្រុមហ៊ុន OpenAI និងលោក Sundar Pichai  អគ្គនាយកក្រុមហ៊ុន Google។ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក៏នឹងត្រូវចូលរួមក្នុងជំនួបកំពូល AI នៅថ្ងៃព្រហ្បតិ៍ ទី១៩ កុម្ភៈ ខាងមុខ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា។

នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា មូ៉ឌីបានបង្ហោះសារនៅលើបណ្តាញសង្គម X ថាកិច្ចប្រជុំកំពូលស្តីពីផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតលើកនេះ នឹងត្រូវពិភាក្សាគ្នាលើប្រធានបទមួយចំនួន រួមមាន ការច្នៃប្រឌិត កិច្ចសហការ និងការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌និងការទទួលខុសត្រូវ ជាដើម។ លោក ម៉ូឌីបានបន្ថែមទៀតថា នាពេលបច្ចុប្បន្ននេះ វិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅប្រទេសឥណ្ឌាកំពុងបោះជំហានឆ្ពោះទៅមុខយ៉ាងលឿន។ ឥណ្ឌាក៏មានធនធានយុវជនដែលមានសមត្ថភាពខ្ពស់លើវិស័យទាំងនោះដែរ។

គួរជ្រាបថា រហូតមកទល់ពេលបច្ចុប្បន្ន ឥណ្ឌាមិនទាន់អាចបង្កើតម៉ូដែល AI ទំនើបចុងក្រោយបាននៅឡើយទេ ដើម្បីប្រកួតប្រជែងនឹងសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែ ឥណ្ឌាកំពុងទាញប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីអភិវឌ្ឍន៍ម៉ូដែល AI របស់ខ្លួន។ ដូច្នេះ រដ្ឋាភិបាលក្រុងញូដេលីបានជំរុញឲ្យមានការប្រើប្រាស់ AI ទូទាំងប្រទេស។ ជាក់ស្តែង នៅចុងឆ្នាំ២០២៥ ប្រជាជនឥណ្ឌាចំនួនប្រមាណ ៧២លាននាក់ បានប្រើប្រាស់ ChatGPT ជារៀងរាល់ថ្ងៃ។ នេះជាចំនួនអ្នកប្រើប្រាស់ច្រើនជាងគេសម្រាប់ក្រុមហ៊ុន OpenAI។

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបានបង្កការគំរាមកំហែងដល់ទីផ្សារការងារ ក្នុងវិស័យបច្ចេកវិទ្យា ដែលធ្វើឲ្យប្រទេសឥណ្ឌាខាតបង់ប្រាក់អស់ប្រមាណ ២៨៣ពាន់លានដុល្លារ។ បើផ្អែកតាមវិភាគ ពីពេលនេះដល់ឆ្នាំ២០៣០ ប្រាក់ចំណូលរបស់មណ្ឌលហៅទូរស័ព្ទចេញចូលអាចនឹងធ្លាក់ចុះ រហូតដល់ទៅ៥០% ដោយសារការប្រើប្រាស់ AI យ៉ាងច្រើនលើសលុប៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 144
ឯកសារពិគ្រោះ : 597
ឯកសារច្បាប់ : 173
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា