banner1
មាសកំពុងឡើងថ្លៃ៖ ក្រុមហ៊ុនចិន ​ប្រមូលទិញទីតាំងរ៉ែមាស នៅម៉ាលី កូតឌីវ័រ និងអេត្យូពី

 30-មករា-2026

ក្រោយ​ទិញ​ក្រុមហ៊ុន​រ៉ែមាសកាណាដា និង​ជ្រៀតចូល​ទីផ្សារ​ភាគហ៊ុនហុងកុង ​ក្រុមហ៊ុនចិន ស្សឺជីង ម៉ាញនីង កាន់តែ​បង្កើន​សកម្មភាព​រុករក និង​ជីកចម្រាញ់​រ៉ែមាស​ នៅតំបន់​អាហ្វ្រិក​។ ក្នុងបរិបទមាសកំពុងឡើងថ្លៃខ្ពស់ខ្លាំង​ ក្រុមហ៊ុនជីករ៉ែមាសចិនមួយនេះ ក៏​ប្រមូលទិញទីតាំងរ៉ែមាសច្រើន​ថែមទៀត នៅប្រទេស​ម៉ាលី កូតឌីវ័រ និងអេត្យូពី ​។

ក្នុងបរិបទមាសកំពុងឡើងថ្លៃ ក្រុមហ៊ុនជីករ៉ែមាសចិន ZinJin Mining ប្រមូលទិញទីតាំងរ៉ែមាស នៅម៉ាលី កូតឌីវ័រ និងអេត្យូពី។ REUTERS – Carlos Osorio

ទ្វីបអាហ្វ្រិក គឺជាទីកន្លែងយុទ្ធសាស្ត្រសំខាន់ខ្លាំងណាស់របស់ចិន  ដើម្បីឲ្យ​ចិន​អាច​រក្សាតំណែង​ជាប្រទេស​ផលិត​មាស​ដ៏ជាងគេ ​លើទីផ្សារមាសពិភពលោក។  ថ្មីៗនេះ  ក្រុមហ៊ុនឧស្សាហកម្មរ៉ែរបស់ចិន Zijin Mining ​បាន​ទិញយកអណ្តូងមាសជាច្រើនកន្លែងនៅ​អាហ្វ្រិក​ សរុបតម្លៃប្រមាណ ២៨ពាន់លានយ័នចិន ឬ​ស្មើនឹងប្រមាណ ៣,៣៦ពាន់លានអឺរ៉ូ។

តាមរយៈក្រុមហ៊ុនបុត្រ​សម្ព័ន្ធ Zijin Gold ដែលទើបតែចុះបញ្ជីនៅទី​ផ្សារហ៊ុនហុងកុង ក្រុមហ៊ុនចិននេះ អាច​កាន់កាប់អណ្តូងមាសធំៗជាច្រើននៅអាហ្វ្រិក រួមមានអណ្តូងកំពុងដំណើរការ​ផលិតកម្ម​ស្រាប់​ នៅប្រទេស​ ម៉ាលី និងកូតឌីវ័រ ហើយ​គម្រោងរ៉ែមាស​ដ៏​ធំមួយទៀត​ នៅ អេត្យូពី ដែលគ្រោងនឹងចាប់ផ្តើមសកម្មភាព​ផលិត ក្នុង​ឆ្នាំ ២០២៦ តែម្តង​។ ការ​ទិញ​អណ្តូង​រ៉ែ​មាស​ទាំង​នេះ ស្រប​តាមយុទ្ធសាស្ត្រជាប្រពៃណីចិន​ នៅក្នុងការវិនិយោគទុនយូរអង្វែង​លើ​វិស័យធនធានធម្មជាតិនៅអាហ្វ្រិក។

ក្នុងនាម​ជាក្រុមហ៊ុនចិនផលិតមាស និងទង់ដែងធំជាងគេមួយនៅលើពិភពលោក, Zijin Mining មានវត្តមានយ៉ាងសកម្មរួចមកហើយនៅអាហ្វ្រិក ជាពិសេសនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងហ្គាណា ហើយក្រុមហ៊ុនចិន​នេះក៏​កំពុងតែ​បង្ហាញយ៉ាងច្បាស់អំពីយុទ្ធសាស្ត្រពង្រីកឥទ្ធិពលរបស់ខ្លួន។

ជាថ្មីម្តងទៀត សកម្មភាពឧស្សាកម្មនិស្សារណកម្មជីកចម្រាញ់របស់ក្រុមហ៊ុនចិន បានបង្កើនឲ្យមានការពិភាក្សា ពីប្រទេសផលិតមាស និងពីតស៊ូមតិជុំវិញផលប៉ះពាល់បរិស្ថាន។ នេះបើតាមលោកស្រី Clea Broadhurst អ្នកឆ្លើយព័ត៌មានវិទ្យុបារាំងអន្តរជាតិRFI ប្រចាំការនៅរដ្ឋធានីប៉េកាំង ដោយបញ្ជាក់ទៀតថា ផ្ទុយពី​ចិន​ អាជ្ញាធរកាណាដាបានរឹតបន្តឹងការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ទៅលើវិនិយោគបរទេស ពិសេសក្នុងវិស័យធនធានធម្មជាតិ​។ តែថ្មីៗនេះ  ក្រុមហ៊ុនឧស្សាហកម្មរ៉ែរបស់ចិន Zijin Mining បានប្រកាសទិញយកក្រុមហ៊ុនកាណាដា Allied Gold ។​

យុទ្ធនាការរបស់ក្រុមហ៊ុនឧស្សាហកម្មរ៉ែរបស់ចិន ក្នុងទិញ​អណ្តូងរ៉ែ​​មាសនៅអាហ្វ្រិក​នេះ បានកើតឡើងនៅពេលដែល តម្លៃមាស កំពុងឡើងខ្ពស់ខ្លាំង នៅក្នុងពិភពលោក។ មាសឡើងថ្លៃ ក៏ព្រោះតែ ស្ថានភាពភូមិសាស្ត្រនយោបាយសកល ដែលឋិតក្នុងភាពមិនប្រាកដប្រជា ហើយរូបិយប័ណ្ណអន្តរជាតិ ធ្លាក់ចុះថោក ដូចជា លុយដុល្លារអាមេរិក និងលុយយ៉ែនជប៉ុន ជាដើម បន្តធ្លាក់ចុះ។ ហេតុដូច្នោះហើយ មនុស្សនាំគ្នាស្វែងរកទ្រព្យសម្បត្តិដែលសុវត្ថិភាព ដូចជា មាស នេះឯង។ គិតត្រឹម ដើមសប្តាហ៍នេះ មាសទម្ងន់ ១ អោន (once) មានតម្លៃ ជាង ៥០០០ ដុល្លារអាមេរិក ហើយស្របពេលដែលមាស ១ តម្លឹង មានតម្លៃជាង ៦០០០ ដុល្លារ។ នេះគឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមកទេ ក្នុងប្រវត្តិសាស្ត្រ។

ចិន ជាប្រទេសផលិតនាំចេញមាស ធំជាងគេលើពិភពលោក។ ចិនមានគោលដៅច្បាស់លាស់ណាស់ ក្នុងការទិញក្រុមហ៊ុនកាណាដានិងទិញអណ្តូងរ៉ែមាសបន្ថែមនៅអាហ្វ្រិក។ ពោលគឺ ចិនចង់ធានារក្សាបម្រុងទុកអណ្តូងធនធានរ៉ែមាន​សម្រាប់រយៈពេលវែង ហើយទាញយកអត្ថប្រយោជន៍ឲ្យបានច្រើនបំផុតពីកំណើនតម្លៃមាស។

កាលពីឆ្នាំ២០២៤ ចិនរកឃើញអណ្តូងរ៉ែមាសថ្មី និងដ៏ធំសម្បើម នៅក្នុងខេត្តយូណាន ដែលទីកន្លែងនោះ អាចមានរ៉ែមាស ចំនួនប្រមាណ ១ ១០០ តោន ហើយអាចបង្កើនចំណូលថវិកាច្រើនជាង ៨៣ ពាន់លានដុល្លារ​៕​

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 144
ឯកសារពិគ្រោះ : 589
ឯកសារច្បាប់ : 173
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា