banner1
អឺរ៉ុប​យកពន្ធចំនួន​៣អឺរ៉ូ លើកញ្ចប់បញ្ញើទំនិញតម្លៃក្រោម​១៥០អឺរ៉ូ ដែលជន់ពន្លិចទីផ្សារអឺរ៉ុប

 15-ធ្នូ-2025

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារអឺរ៉ុប ត្រូវ​​ជន់ជោរដោយទំនិញតម្លៃថោក​ៗ​ នាំចូលពីចិន កាន់តែច្រើនឡើងៗ ព្រោះកញ្ចប់បញ្ញើទាំងនោះ ដែល​មាន​តម្លៃក្រោម​១៥០អឺរ៉ូ មិនជាប់ពន្ធនាំចូលឡើយ​។ ដើម្បីការពារ​ការប្រកួតប្រជែង​ដោយ​ស្មោះត្រង់ សហភាពអឺរ៉ុបបានសម្រេច​ កាលពីថ្ងៃទី​១២ធ្នូ ម្សិលមិញ យក​​ពន្ធលើ​កញ្ចប់បញ្ញើទំនិញនីមួយៗ ចំនួន​៣អឺរ៉ូក្នុងមួយកញ្ចប់ ​ទំនិញ​មួយ​មុខ​។

អតិថិជន កំពុងជ្រើ់សរើស​យកកញ្ចប់ទំនិញ នៅកម្មវិធី​ “blind sales” នី the pop-up store King Colis នៅផ្សារទំនើប Roma Est shopping center ថ្ងៃទី​៧​មករា​២០២៥​ AFP – ANDREAS SOLARO

ប្រទេសអឺរ៉ុបទាំង​២៧ បានព្រមព្រៀងគ្នា កំណត់​យកពន្ធចំនួន​៣អឺរ៉ូ លើកញ្ចប់បញ្ញើទំនិញតម្លៃថោក​ៗ ដែលនាំចូលមកកាន់ទឹកដីអឺរ៉ុប​។ នេះបើផ្អែកតាមលិខិតប្រកាស​របស់​ក្រុមប្រឹក្សាអឺរ៉ុប​ ចេញផ្សាយ​កាលពីថ្ងៃសុក្រ ទី​១២ ធ្នូ​។ វិធានការនេះនឹងចូលជាធរមាន​ ចាប់ពីថ្ងៃទី​១កក្កដាឆ្នាំ​២០២៦ទៅ។

លិខិតដដែល​នេះបានពន្យល់លម្អិតថា កញ្ចប់​បញ្ញើនីមួយៗដែលតម្លៃទំនិញ​មិនលើសពី​​១៥០អឺរ៉ូ នឹងត្រូវជាប់ពន្ធ​ចំនួន​៣អឺរ៉ូ ក្នុងមួយកញ្ចប់ សម្រាប់ទំនិញមួយ​មុខ។ ប្រសិន​បើក្នុង​កញ្ចប់តែមួយ​នោះមានទំនិញ​ដូចៗគ្នា​ច្រើន​ចំនួន​ ក៏នៅតែគិត​៣អឺរ៉ូដដែល។ តែបើក្នុងកញ្ចប់បញ្ញើនោះ មានទំនិញខុសៗគ្នាច្រើនមុខ តម្លៃពន្ធ​នឹង​ត្រូវ​គុណទៅតាមនោះ ៣អឺរ៉ូក្នុងមួយ​មុខទំនិញ​។

គួរកត់សំគាល់ថា ប៉ុន្មានឆ្នាំមកនេះប្រជាជននៅអឺរ៉ុប បាននាំគ្នា​សំរុក​ទិញ​​ទំនិញអនឡាញ​ ថោក​​ៗលើគេហទំព័រលក់ទំនិញចិន ដូចជា Temu Shein និង​ AliExpress ជាដើម​។ នៅឆ្នាំ២០២៤ កញ្ចប់បញ្ញើ​ ទាំងនេះ​មានចំនួនសរុប​ប្រមាណ​៤៦០០លាន​កញ្ចប់ មានន័យ​ថា រៀងរាល់​១វិនាទី មានកញ្ចប់​បញ្ញើនាំចូល​មក​អឺរ៉ុបចំនួន​១៤៥កញ្ចប់​។ ប្រមាណ​៩១% នៃកញ្ចប់បញ្ញើតូចៗទាំងនោះ គឺជាកញ្ចប់ទំនិញ​នាំចូល​មកពីចិន​។

សូមរំលឹកថា កន្លងមក ច្បាប់អឺរ៉ុប​មិនយកពន្ធនាំចូលឡើយ ចំពោះកញ្ចប់​បញ្ញើនាំមកពីបរទេស ដែលមានតម្លៃក្រោម​១៥០អឺរ៉ូ។ ក៏ប៉ុន្តែចំនួន​កញ្ចប់ទំនិញ​ចិន​ដ៏ច្រើនសន្ធឹកសន្ធាប់​ ជន់ជោរ​ពេញទីផ្សារអឺរ៉ុបប៉ុន្មានឆ្នាំមកនេះ​​ បាន​ធ្វើ​ឲ្យ​អ្នកផលិត​ដ៏ដូចជាក្រុមហ៊ុនលក់​នៅអឺរ៉ុប ចេញមុខរិះគន់ខ្លាំងឡើង ថាពួក​គេកំពុងរងគ្រោះដោយ​ការប្រកួតប្រជែងមិនស្មោះត្រង់ ព្រោះ​​ទំនិញចិន​ថោកៗទាំងនោះ មិនត្រឹមតែមិន​ជាប់ពន្ធហើយ ថែម​ទាំង​មិនគោរពស្តង់ដារគុណភាពអឺរ៉ុបទៀត​។

គួរបញ្ជាក់ថា​ គឺអាជ្ញាធរពន្ធគយ​បារាំង ដែលបានចាប់ផ្តើម​ប្រយុទ្ធប្រឆាំងនឹងបញ្ហានេះមុនគេ ដោយហេតុតែ​មន្ត្រីគយ​ចាប់ពិនិត្យ​លែងឈ្នះ ព្រោះថាកញ្ចប់​បញ្ញើចូលមកមួយ​ថ្ងៃច្រើនច្រើនជ្រុលហួស​។ មន្ត្រីគយមិនអាចមានលទ្ធភាពពិនិត្យ​គ្រប់កញ្ចប់ ថាទំនិញនីមួយ​ៗ​គោរព​បទដ្ឋានសុវត្ថិភាពស្តង់ដាគុណភាព​របស់អឺរ៉ុបនោះឡើយ​។ លោករដ្ឋមន្ត្រីសេដ្ឋកិច្ច​បារាំង ជាអ្នកបានជំរុញ​ឲ្យ​មានការសម្រេចក្នុងក្របខណ្ឌសហភាពអឺរ៉ុប ដើម្បីឈានទៅ​កំណត់​យកពន្ធ​លើ​កញ្ចប់ទំនិញ​ទាំងនេះ​។

ជំហានបន្ទាប់ ចាប់ពីខែ​វិច្ឆិកា​ ឆ្នាំ​២០២៦ទៅ គឺសហភាពអឺរ៉ុប នឹងគ្រោង​​យកពន្ធមួយ​ប្រភេទទៀត លើកញ្ចប់​បញ្ញើនាំចូលថោកៗទាំងនោះ ដែលជា​ពន្ធ​សេវាការងារ​ត្រួតពិនិត្យ​។ ពន្ធថ្មី​មួយទៀតនេះ អាចមានតម្លៃ ២អឺរ៉ូ សម្រាប់កញ្ចប់បញ្ញើមួយកញ្ចប់។ សហភាពអឺរ៉ុបអះអាងថា ប្រាក់នេះនឹងត្រូវប្រមូលយកទៅចំណាយលើ​ការអភិវឌ្ឍន៍​ពង្រឹងការងារត្រួតពិនិត្យ​ទំនិញ របស់អាជ្ញាធរគយ និងដើម្បី​រៀបចំឲ្យ​មានតុល្យភាពក្នុង​ការប្រកួតប្រជែងដោយ​ស្មោះត្រង់ រវាងទំនិញផលិត​នៅអឺរ៉ុប និងទំនិញ « Made in China »។

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 143
ឯកសារពិគ្រោះ : 569
ឯកសារច្បាប់ : 173
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា