banner1
ការនាំចេញរបស់កម្ពុជាទៅអាមេរិកកើនឡើង ២៥% ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥

 15-កក្កដា-2025

រយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានចំនួន ៥,៥ពាន់លានដុល្លារ ដែលចំនួននេះ កើន​ឡើងប្រមាណ ២៥%​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះបើតាមរបាយការណ៍បឋមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ តាមរបាយការណ៍ដដែល អាមេរិកនៅតែជាដៃគូទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ទោះស្ថិតនៅក្នុងស្ថានភាពមិនទាន់​ប្រាកដប្រជានៃការដំឡើងពន្ធបដិការ និងសង្គ្រាមពាណិជ្ជកម្មពិភពលោកយ៉ាងណាក្តី។

ទិដ្ឋភាពលើដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងភ្នំពេញ © AFP

របាយការណ៍បឋមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកឈានដល់ ៥,៦៩ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ កើនឡើង ២៥,៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុង​ចំណោម​តួលេខ​នេះ ការ​នាំ​ចេញ​របស់​កម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺ​មាន​ចំនួន ៥,៥២ពាន់​លាន​ដុល្លារ កើន​ឡើង ២៥,៦ %ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

តាមរបាយការណ៍ដដែល សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាក្នុងអំឡុងខែមករាដល់ខែមិថុនា ឆ្នាំ២០២៥។ ដោយឡែកដៃគូពាណិជ្ជកម្មកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ ២ គឺប្រទេស វៀតណាម ដែលមានទឹកប្រាក់នាំចេញ ២,១៩ ពាន់លានដុល្លារ ជប៉ុន ៧៥៣,៥៤ លានដុល្លារ ចិន ៧៥០ លានដុល្លារ កាណាដា ៦០៤,៤៨ លានដុល្លារ និងអេស្ប៉ាញ ៥១១,០៥ លានដុល្លារ។

លោកបណ្ឌិត ឌុច ដារិន្ទ សាស្ត្រាចារ្យសេដ្ឋកិច្ចយល់ឃើញថា មូលហេតុដែលនាំឲ្យការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើង អាចបណ្តាលមកពីការបន្តធ្វើកំណែទម្រង់ក្នុងការជួយសម្រួលពាណិជ្ជកម្ម ការកែលម្អនីតិវិធីពន្ធគយ និងការខិតខំប្រឹងប្រែងនៃទំនាក់ទំនងការទូតសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ តាមលោកបណ្ឌិត ឌុច ដារិន្ទ ផលិតផលនាំចេញរបស់កម្ពុជាក៏មានសមត្ថភាពប្រកួតប្រជែងខ្ពស់ ហើយទទួលបានការជឿទុកចិត្តពីទីផ្សារអន្តរជាតិ ដោយសារការផ្គត់ផ្គង់ទំនិញកម្ពុជាមានគុណភាពល្អជាមួយតម្លៃសមរម្យ និងការផ្គត់ផ្គង់បានទៀងទាត់។

យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចរូបនេះនៅតែមានគំនិតសុទិដ្ឋិនិយមថា កម្ពុជាក៏នៅតែរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងទិដ្ឋភាពវិជ្ជមានសម្រាប់ការនាំចេញទំនិញកម្ពុជាទៅទីផ្សារពិភពលោក ទោះជួបបញ្ហាប្រឈមពីខាងក្រៅដូចជាបញ្ហាពន្ធបដិការ និងជម្លោះព្រំដែនខ្មែរ-ថៃក៏ដោយ។ ក្នុងន័យនេះ លោកបណ្ឌិត ឌុច ដារិន្ទ ពន្យល់បន្ថែមថា កម្ពុជាមានពេលវេលា និងកន្លែងយុទ្ធសាស្ត្រ ដើម្បីបន្តអភិវឌ្ឍលើកំណើនពាណិជ្ជកម្មរបស់ខ្លួន ដោយសារកម្ពុជាបានអនុវត្តការទូតសេដ្ឋកិច្ចយ៉ាងសកម្មកន្លងមក។

ចំពោះលោកបណ្ឌិត ដារិន្ទ រដ្ឋាភិបាលកម្ពុជាគួរបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរទៅឧស្សាហកម្មបៃតង ដែលអាចបន្តជំរុញឲ្យកម្ពុជាមានសមត្ថភាពប្រកួតប្រជែងបន្ថែមទៀតនៅក្នុងខ្សែច្រវាក់ផលិតកម្មសម្រាប់ផ្គត់ផ្គង់ជាសកល។

សូមរំលឹកថា កាលពីថ្ងៃទី៧​ ខែកក្កដា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានប្រកាសអត្រាពន្ធថ្មីមកលើកម្ពុជា ក្នុងចំនួន៣៦% ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ តែ លោក ស៊ុន ចាន់ថុល អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា កម្ពុជានឹងបន្តការចរចា​ពន្ធបដិការ​ជាមួយសហរដ្ឋអាមេរិក បន្តទៀត ដោយសង្ឃឹមថា អត្រាពន្ធ​ថ្មីលើកម្ពុជា ដែលសហ​រដ្ឋ​​អាមេរិកដាក់ ៣៦%នោះ នឹងអាចចុះបន្ថែមទៀត៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 143
ឯកសារពិគ្រោះ : 556
ឯកសារច្បាប់ : 173
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា