ចាប់ពីឆ្នាំ២០២៦ទៅ កម្ពុជានឹងផ្តើមអនុវត្តច្បាប់ស្តីពី កាតព្វកិច្ចយោធាសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥។ តាមប្រមុខរដ្ឋាភិបាលកម្ពុជា ច្បាប់ស្តីពី កាតព្វកិច្ចយោធាត្រូវតែធ្វើវិសោធនកម្ម ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់មួយនេះសមស្របនឹងស្ថានភាពនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន និងចំពេលដែលមានភាពតានតឹងនៃជម្លោះព្រំដែនខ្មែរ-ថៃ។
កងយោធពលខេមរភូមិន្ទធ្វើពិធីបញ្ចប់សមយុទ្ធយោធារួមរវាងកម្ពុជា ឡាវ និងវៀតណាម នៅភូមិស្វាយចក ខេត្តកំពង់ឆ្នាំង ខាងជើងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ AP – Heng Sinith
ថ្លែងក្នុងពិធីអបអរខួបលើកទី៣២ទិវាកងរាជអាវុធហត្ថនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ នឹងត្រូវធ្វើវិសោធនកម្មឡើងវិញ។ កម្មវត្ថុនៃការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីបង្កើនបរិមាណ និងប្រសិទ្ធភាពសាច់ទ័ពនៅក្នុងប្រទេស ក៏ដូចជាឆ្លើយតបនឹងស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងខ្លាំង។ តាមលោកនាយករដ្ឋមន្រ្តី កាតព្វកិច្ចដែលបានចែងក្នុងច្បាប់កាលពីកន្លងទៅ នឹងត្រូវផ្លាស់ប្តូរ ពីរយៈពេលត្រឹម១៨ខែ ទៅជារយៈពេល២ឆ្នាំជាដើម។ គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធានៅក្នុងឆ្នាំ២០២៦ ក្រោយការធ្វើវិសោធកម្មច្បាប់នេះរួចរាល់។
គួរជ្រាបថា មាត្រា២នៃច្បាប់ស្តីពីកាតព្វកិច្ចបានចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទ ដែលមានអាយុពី ១៨ ដល់ ៣០ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់។ ប៉ុន្តែការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីភេទគ្រប់រូប ត្រូវផ្អែកតាមការស្ម័គ្រចិត្ត។ ចំពោះការបំពេញកាតព្វកិច្ចយោធា គឺមានកំណត់ពេល១៨ខែ គិតចាប់ពីថ្ងៃចូលបំពេញកាតព្វកិច្ច។
គួរកត់សម្គាល់ថា ក្រៅតែពីការធ្វើវិសោធនកម្មច្បាប់ស្តីពីកាតព្វកិច្ចយោធា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏នឹងរៀបចំពិនិត្យឡើងវិញ និងបង្កើនថវិកាក្នុងវិស័យការពារជាតិ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពសន្តិសុខជាតិ។ ចំពោះលោក ហ៊ុន ម៉ាណែត ការប្រឈមរបស់កម្ពុជារួមមានសង្គ្រាមផ្ទៃក្នុងរាប់ទសវត្សន៍កន្លងទៅ និងភាពតានតឹងនៃជម្លោះព្រំដែនជាមួយថៃនាពេលនេះ គឺជាមេរៀនសំខាន់មួយសម្រាប់កម្ពុជា ដែលវាប្រៀបបាននឹងឱកាសក្នុងការពិនិត្យវាយតម្លៃ និងដាក់ទិសដៅកំណែកែទម្រង់កងទ័ព៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com