ACU៖ ប្រាក់ជាង ១០លានដុល្លារ រកឃើញថា បានបើកលើសដល់មន្ត្រីរាជការ
10-កក្កដា-2025
ប្រាក់បៀវត្សសរុបចំនួនជាង ១០លានដុល្លារ ត្រូវបានបើកលើសជូនដល់មន្ត្រីរាជការក្នុងរយៈពេល ៣ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ ទឹកប្រាក់ជាង ៩លានដុល្លារ ក្នុងចំនួន ១០លានដុល្លារ នេះ ត្រូវ ACU បញ្ជាក់ថាបានផ្ទេរចូលថវិកាជាតិវិញ ខណៈប្រាក់ជាង ១លានដុល្លារ ផ្សេងទៀតមិនទាន់បានបង្វែរចូលរដ្ឋវិញនៅឡើយ។
ACU៖ ប្រាក់ជាង ១០លានដុល្លាររកឃើញថាបានបើកលើសដល់មន្ត្រីរាជការ © ACU
ក្នុងកិច្ចប្រជុំលើកទី៤៨ អាណត្តិទី៣ របស់អង្គភាពប្រឆាំងអំពើពុករលួយ ACU បានរកឃើញថាថវិកាប្រមាណជាង ៤៣ ១៥៥លានរៀល ឬស្មើនឹង ១០,៧លានដុល្លារ គឺជាប្រាក់បៀវត្សដែលបានបើកលើសដល់មន្ត្រីដែលបម្រើការងារក្នុងជួររដ្ឋាភិបាលរយៈពេល ៣ឆ្នាំ។
តាម ACU ថវិកាប្រមាណជាង ៣៦ ៩៣៤លានរៀល ឬស្មើជាង ៩,២១១លានដុល្លារ ត្រូវបានផ្ទេរចូលថវិការជាតិវិញ ស្របពេលដែលប្រាក់ជាង ៦,២២១លានរៀល ឬស្មើ ១,៥លានដុល្លារផ្សេងទៀតនៅមិនទាន់បានបង្វែរចូលថវិការដ្ឋវិញនៅឡើយ។
ជាការកត់សម្គាល់ ការបង្វែរប្រាក់បៀវត្សចូលថវិកាជាតិវិញ គឺបណ្តាលមកពីប្រាក់ទាំងនោះស្ថិតនៅក្នុងភាពទំនេរ រួមបញ្ជូលការចូលនិវត្តន៍មុនកំណត់របស់មន្ត្រី ការលុបឈ្មោះដោយមរណភាព ការបញ្ចប់មុខតំណែង ការលាឈប់ពីក្របខណ្ឌ ការជាប់កិច្ចសន្យា ឬការទទួលប្រាក់បៀវត្ស ២កន្លែងជាដើម។ នេះបើតាមការពន្យល់របស់អង្គភាពប្រឆាំងអំពើពុករលួយ។
សូមរំឭកថា ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត កាលពីខែឧសភា បានចេញសារាចរមួយ ដោយកម្រិតចំនួនមន្ត្រី និងដោយដកចេញ លុបឈ្មោះពីក្របខណ្ឌ ឬផ្តាច់ប្រាក់បៀតវត្សប្រសិនបើរកឃើញថាមិនបានបំពេញភារកិច្ចរបស់ខ្លួន។
តាមលោកនាយករដ្ឋមន្រ្តី សារាចរនោះបានកំណត់ចំនួនមន្ត្រី ដែលកំពុងធ្វើការជាក់ស្តែង រួមមានការរៀបចំរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទរបស់ក្រសួង ស្ថាប័ន។
ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលក៏បានយល់ថាកំណែរទម្រង់រដ្ឋបាលសាធារណៈជាមធ្យោបាយមានប្រសិទ្ធភាពក្នុងការតម្រឹមចំនួនមន្ត្រី ដើម្បីជៀសវាងមន្រ្តីគជើងច្រើន គ្មានការងារធ្វើ ពិសេសលុបបំបាត់មន្ត្រីខ្មោច៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ