កម្ពុជាទទួលបានសិទ្ធិនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារចិន
7-កក្កដា-2025
ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី៥ កក្កដាថា អគ្គរដ្ឋបាលគយចិនបានអនុញ្ញាតឱ្យផ្លែទុរេនស្រស់របស់កម្ពុជាអាចនាំចូលដោយផ្ទាល់ទៅកាន់ទីផ្សារចិន។ នេះជាផលិតផលកសិកម្មទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចូលទៅកាន់ប្រទេសចិន ខណៈក្រសួងកសិកម្មចាត់ទុកថានេះ ជាសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន។ តែពីខាងម្ចាស់ចម្ការទុរេនបញ្ជាក់ថា ការអនុញ្ញាតរបស់គយចិននាពេលនេះ ហាក់មានភាពយឺតបន្តិច ដ្បិតរដូវកាលប្រមូលផលផ្លែទុរេនសម្រាប់ឆ្នាំនេះ ជិតអស់ទៅហើយ។
ផ្លែទុរេន © ក្រសួងព័ត៌មាន
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៥ កក្កដា ការអនុញ្ញាតរបស់ចិននាពេលនេះ គឺធ្វើឡើងបន្ទាប់ពីគយចិនបានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដារសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។
ជាមួយគ្នានេះ ក្រសួងកសិកម្មក៏បានអំពាវនាវឱ្យម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ទាំងអស់ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់។
លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេនបានសាទរចំពោះសមិទ្ធផលមួយនេះរបស់ក្រសួងកសិកម្ម។ តែក្នុងនាមជាម្ចាស់ចម្ការមួយរូប លោក ឃឹម ប៊ុនឡែន មើលឃើញថា រដូវកាលប្រមូលផលផ្លែទុរេនឆ្នាំនេះជិតអស់បណ្តើរៗទៅហើយ ដូច្នេះការប្រមូលផលអាចនឹងបានតិចសម្រាប់ការនាំចេញទៅកាន់ទីផ្សារចិន។
តាមការបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃទី៥ កក្កដា លោក ឃឹម ប៊ុនឡែន ក៏មិនភ្លេចលើកពីក្តីកង្វល់ពាក់ព័ន្ធនឹងលក្ខខណ្ឌស្តង់ដារអនាម័យដែរ។ ជាក់ស្តែង លោកព្រួយបារម្ភពីការធ្វេសប្រហែសរបស់ម្ចាស់ចម្ការ ដែលអាចបន្តប្រើប្រាស់សារធាតុគីមីក្រោយប្រមូលផល ដែលធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទៅទីផ្សារចិន។ មួយវិញទៀត ប្រសិនបើការពិនិត្យមិនបានត្រឹមត្រូវនូវសារធាតុគីមីពីសំណាក់មន្ត្រីគយកម្ពុជាមុនពេលអនុញ្ញាតឱ្យនាំចេញ ដែលអាចប្រឈមការហាមឃាត់ពីចិន។
ជាការឆ្លើយតប លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មទទួលស្គាល់ថា តំបន់ខ្លះការប្រមូលផលទុរេនជិតអស់ តែសម្រាប់តំបន់មួយចំនួនទៀតដូចជា នៅខេត្តរតនគិរី តំបន់សំឡូត ខេត្តបាត់ដំបង និងតំបន់អូរសោម ខេត្តពោធិ៍សាត់ នៅសល់ចន្លោះពី៣០ ទៅ៤០%ទៀត។ តែទោះយ៉ាងណា លោក បានអះអាងថា នៅឆ្នាំក្រោយ កម្ពុជាអាចនាំចេញទុរេនទៅកាន់ទីផ្សារចិនបានពេញមួយរដូវ។
ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យកម្ពុជានាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារចិននាពេលនេះ ត្រូវបានអ្នកនាំពាក្យក្រសួងកសិកម្មរូបនេះបញ្ជាក់ថា ពុំមានភាពយឺតយ៉ាវឡើយ ដោយហេតុថា ក្រោយចុះពិធីសារជាមួយភាគីចិនរួច កាលពីខែមេសា ក្រសួងកសិកម្មមានកិច្ចការងារត្រូវធ្វើជាបន្តបន្ទាប់ដូចជាការផ្សព្វផ្សាយ ការបណ្តុះបណ្តាលកសិករ និងត្រូវចុះពិនិត្យតាមចម្ការ រហូតអនុលោមតាមលក្ខខណ្ឌតម្រូវរបស់ភាគីចិន។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមេសា កម្ពុជា និងចិនបានចុះហត្ថលេខាលើពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅប្រទេសចិន។ ការចុះហត្ថលេខានេះ គឺធ្វើឡើងអំឡុងពេលប្រធានាធិបតិចិនលោក ស៊ី ជីនពីង មកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្រោយមក នៅថ្ងៃទី២៨ ខែមេសា គយចិនបានចេញសេចក្តីសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចូលផ្លែទុរេនស្រស់ទៅទីផ្សារចិន តែរាល់ផ្លែទុរេនស្រស់ គឺត្រូវមានប្រភពចេញពីកម្ពុជា ដោយគោរពតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងថា ប្រសិនបើទុរេននោះមានផ្ទុកសារធាតុគីមី នឹងត្រូវហាមឃាត់ ឬកម្ទេចចោល៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ