banner1
ចំណូលពីការលក់សំបុត្រក្នុងតំបន់អង្គរខែមិថុនា ឆ្នាំ២០២៥​ធ្លាក់ចុះ ដោយសារភាពវឹកវរសាកល

 3-កក្កដា-2025

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥ កម្ពុជារកចំណូលពីការលក់សំបុត្រដល់ភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គរបានជាង ២៦លានដុល្លារ កើនជាង ៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ យ៉ាងណា មិញ ស្ថិតិរបស់គ្រឹះស្ថានអង្គរចេញផ្សាយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ កត់សម្គាល់ថា​ ចំណូលពីការលក់សំបុត្រចូលរមណីដ្ឋានអង្គរក្នុង​ខែ​មិថុនា ​មាន​ការ​ថយ​ចុះ​ជិត ១៩ភាគរយ បើធៀបនឹងខែមិថុនា ឆ្នាំ២០២៤។ តាម​គ្រឹះស្ថានអង្គរ ការ​ថយ​ចុះ​ចំណូលពីភ្ញៀវទេសចរគឺបណ្តាលមកពីវិបត្តិពិភពលោកក្នុងពេលបច្ចុប្បន្ន។

ភ្ញៀវ​ទេសចរ​ទស្សនាប្រាសាទអង្គរវត្ត © ក្រសួង​ទេសចរណ៍

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរស្តីពី ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ប្រចាំខែមិថុនា ឆ្នាំ២០២៥ បង្ហាញថា កម្ពុជាទទួលភ្ញៀវទេសចរបរទេសចូលទស្សនារមណីដ្ឋានអង្គរសរុបចំនួន ៤០ ០៩៦ នាក់ និង​ផ្តល់​ឱ្យកម្ពុជារកចំណូលបាន ១,៧លានដុល្លារ ពីការលក់សំបុត្រ។ ជាការកត់សម្គាល់ ចំនួនទេសចរបរទេសក្នុងខែមិថុនា ហាក់មានការធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ពោលធ្លាក់ចុះរហូតដល់ ១៨,៣១ភាគរយ។

ដោយឡែក ចំនួនទេសចរបរទេសសរុបក្នុងរយៈ ៦ខែចុងក្រោយ បាន​ហក់ឡើងខ្ពស់ជាងឆ្នាំ២០២៤ ពោលមានការកើនឡើងចំនួនភ្ញៀវទេសចរចំនួនជាង ៥៦ម៉ឺននាក់ ឬស្មើ ៨,៧៦ភាគរយ និងបានរកចំណូលពីការលក់សំបុត្រប្រមាណ ២៦លានដុល្លារ ឬស្មើនឹង ៨,០៤ភាគរយ។ នេះបើតាមគ្រឹះស្ថានអង្គរ។

ទន្ទឹមគ្នានេះ លោក លី សែ នាយកប្រតិបត្តិគ្រឹះស្ថានអង្គរបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២ កក្កដា ថា តំហយចំនួនទេសចរមកកាន់កម្ពុជាបណ្តាលមកពីវិបត្តិសេដ្ឋកិច្ច និងជម្លោះពិភពលោក ខណៈជម្លោះព្រំដែនរវាងកម្ពុជា-ថៃប៉ះពាល់បន្តិចបន្តួចប៉ុណ្ណោះទៅលើវិស័យទេសចរណ៍នៅកម្ពុជា។ បើតាមលោក លី សែ ស្របពេលពិភពលោកកំពុងជួបប្រទះភាពតានតឹង គោលនយោបាយសហរដ្ឋអាមេរិកថ្មីគឺជាកត្តាចម្បងដែលនាំឱ្យមានការប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាផងដែរ។

នាយកប្រតិបត្តិរូបនេះរំពឹងថា ខែកក្កដានឹងមានការងើបឡើងវិញនៃកំណើនទេសចរបរទេស ជាងខែមិថុនា។ ប៉ុន្តែលោកមិនអាចបញ្ជាក់ពីសន្ទុះនៃការកើនឡើងនៅឡើយ ត្បិតបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចមិនទាន់មានភាពប្រសើរឡើងដោយសារការអនុវត្តពន្ធគយពាណិជ្ជកម្មថ្មីរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។ ក្នុងន័យនេះលោកបញ្ជាក់ថា វិស័យទេសចរណ៍នៅកម្ពុជាឆ្នាំ២០២៥ អាចនឹងពុំមានកំណើនខ្ពស់ ប៉ុន្តែអាចមានកំណើនជាងឆ្នាំ២០២៤។

គួរជ្រាបថា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គរចំនួនជាង ៩៨ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ និង​រកចំណូលបានប្រមាណ ៤៨លានដុល្លារ ពីការលក់សំបុត្រ។ នេះបើតាមស្ថិតិរបស់គ្រឹះស្ថានអង្គរ និងថាចិនជាគោលដៅទេសចរណ៍របស់កម្ពុជាបន្ទាប់ពីអាមេរិក៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 141
ឯកសារពិគ្រោះ : 522
ឯកសារច្បាប់ : 170
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា