banner1
តើត្រូវ​សម្អាត​ជាតិ​គីមីពុល​ក្នុងអាហារ​​យ៉ាង​ដូចម្តេច?

 30-មិថុនា-2025

អាហារ​ បន្លែផ្លែឈើ ដែល​មាន​ជាតិ​គីមី​ កំពុង​ក្លាយ​ជា​កង្វល់​របស់​មនុស្ស​ទូទៅ​ណាស់ រហូត​ខ្លះ​សម្រេច​ចិត្ត​មិនបរិភោគ​តែ​ម្តង បើ​មិន​ដឹង​ប្រភព​នៃ​បន្លែ​ផ្លែឈើ​នោះ​ច្បាស់​លាស់។ ចុះបើ​អង្ករក៏​មានជាតិ​គីមី​ដែរ តើ​យើង​នឹង​ឈប់បរិភោគ​បាយឬ​យ៉ាងណា? បើ​តាមការ​សិក្សា​ទើប​ចេញ​ថ្មី ​​អង្ករក៏​មានផ្ទុក​​ជាតិ​គីមីដែរ នា​ពេល​បច្ចុប្បន្ន​នេះ។ បើ​ដូច្នេះមែន តើ​វា​អាច​បង្ក​ហានិភ័យដល់​សុខភាព​យ៉ាងណា បើ​ខ្មែរ​យើងបរិភោគបាយ​ជា​រៀងរាល់ថ្ងៃ​នោះ?

ជាតិពុលគីមី ក្នុងអាហារ ក្នុង​បន្លែផ្លែឈើ ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ខ្លាច​រអារ រហូត​ខ្លះ​លែង​ហ៊ានទទួល​ទាន បើ​ទោះ​បីជា​ដឹង​ថាបន្លែផ្លែឈើ​មានគុណប្រយោជន៍​ធំធេង​ខ្លាំង​សម្រាប់​សុខភាព​ក៏​ដោយ។  ចំណែក​ឯអង្ករ​សម្រាប់​ដាំ​បាយ ដែលជា​អាហារ​គ្រឹះ​របស់​បណ្តាជន​ជាច្រើន​ណាស់​នៅលើ​ពិភពលោក ក៏​មិនបរិសុទ្ធ​ប៉ុន្មាន​ឡើយ។ បើ​តាមការ​សិក្សាថ្មី​ចុងក្រោយ​បាន​បង្ហាញ​ថា អង្ករ​ភាគ​ច្រើន មានផ្ទុកទៅ​សារធាតុ​គីមី​ពុល​ច្រើន​ប្រភេទណាស់ មាន​តាំងពី​​​ពពួក​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំគីមី និង​ពពួក​រ៉ែ​ធ្ងន់ ជាពិសេស​ជាតិ​គីមី​ Arsenic។

ករណី​រ៉ែធ្ងន់ ​ប្រភេទArsenic មានឆ្លង​ទៅ​ក្នុង​អង្ករ​ មិនមែន​ជា​បញ្ហា​ថ្មី​ថ្មោង​ទេ។ គេ​បាន​ដឹង​ និង​រក​ឃើញ​វត្តមាន​រ៉ែ​Arsenic​ក្នុង​អង្ករ​តាំងពី​យូរមក​ហើយ​ ប៉ុន្តែ​បរិមាណ​ជាតិ​រ៉ែ​ពុលArsenic​​នេះ មាន​កំណើន​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​អង្ករ​ ដោយ​ហេតុ​តែ​ការ​ប្រែប្រួល​អាកាសធាតុ។ នេះ​បើ​តាម​ការ​សិក្សា​ទើប​ចេញ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ The Lancet ដោយ​បញ្ជាក់​លម្អិត​ថា​ កំរិត​ជាតិ​រ៉ែ​ពុល​ Arsenic ក្នុង​គ្រាប់​ស្រូវ​ និង​អង្ករ​ប្រែប្រួល​ទៅ​តាម​ របៀប​ដាំ​ដុះ​ ទីតាំង​ដាំ​ដុះ​ និង​ពូជ​ស្រូវ​។​ ​

Arsenic ជា​អ្វី?

ជាសមាសធាតុ​ធម្មជាតិ​ក្នុង​ស្រទាប់​​ដី ក្នុង​ទឹក ក្នុង​ខ្យល់​ គ្មាន​ក្លិន​ គ្មាន​រសជាតិ Arsenic ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សារធាតុ​ពុល​ខ្លាំង​ក្នុង​ទម្រង់​ជា​អសរីរាង្គ ព្រមទាំង​ធ្លាប់​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ជា​ថ្នាំ​ពុល​ផង។ អង្គការ​សុខភាពពិភពលោក​បាន​បញ្ចូល​Arsenic ​ក្នុង​បញ្ជី​ឈ្មោះ​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក សម្រាប់​មនុស្សលោក តាំង​ពី​ឆ្នាំ​១៩៨០​មក។ នៅលើ​ពិភពលោក​ តៃវ៉ាន់ ស៊ីលី បង់ក្លាដែស អាហ្សង់ទីន កម្ពុជា​។ល។ និង​។ល។ សុទ្ធ​សឹង​ជា​តំបន់​ដែល​មាន​អត្រា​ជាតិ​Arsenicខ្ពស់។ នេះ​បើ​យោង​តាម​ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក។ ការ​ស្រូប​ខ្យល់​ ការ​​បរិភោគ​អាហារ​ឬ​ទឹក មាន​ជាតិ​ពុល​Arsenic ជា​ប្រភព​នាំ​ឱ្យ​​​មនុស្ស​ទូទៅប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​មហារីក​សួត ស្បែក និង​ប្លោកនោម។ មាន​ក្នុង​​ធម្មជាតិ កាន់​តែ​ច្រើន​ឡើងៗ ដោយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ដោយ​សកម្មភាពឧស្សាហកម្ម​ផលិត​ជីរគីមី​សម្លាប់​សត្វ​ល្អិត ថ្នាំ​​ពណ៌ ឬ​ឧស្សាហកម្ម​រ៉ែ ​ Arsenic ​អាច​ជ្រៀត​ឆ្លង​ចូល​ទៅបំពុល​ទឹក​ បំពុល​ដំណាំ​ជាពិសេ​ស​​ដល់​ក្នុង​គ្រាប់ស្រូវ​-​អង្ករ។ ​រ៉ែ ​Arsenic អាចប៉ះពាល់​ពុល​ដល់​សុខភាព ទៅ​តាមកំរិត​នៃ​ការ​ស្រូវ​ជាតិ​Arsenic​ចូល​ក្នុង​ខ្លួន។ ប៉ុន្តែ​គ្រប់​អង្ករ​មិន​សុទ្ធ​តែ​មាន​ជាតិ​Arsenicទេ។ ​របៀប​ចម្អិន​ អាច​ជួយ​កាត់​បន្ថយ​និង​បញ្ចុះ​បរិមាណ​ជាតិ​ពុល​Arsenic នេះ​បាន​។ វិធី​ដ៏​ល្អ​ប្រពៃ​បំផុត គឺ​ត្រូវ​ត្រាំ​អង្ករ​រយៈ​ពេល​១២​ម៉ោង​ រួច​លាង​ឱ្យ​ស្អាត​ សិម​យក​មក​ដាំ។ នេះ​បើ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិតជាតិ​បារាំង ​Laurent Chevallier គ្រូពេទ្យ​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​។​ បើ​ពុំ​នោះ​ទេ ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ណែនាំ​ឱ្យ​ដាំបាយជាត់ ដូច​ចាស់​បូរាណ​ខ្មែរ ពោល​គឺ​ដាំ​បាន​​​៥​នាទី ត្រូវ​ចាក់​ទឹក​ចោល​ ដោយ​ថែម​ទឹក​ថ្មី​ ដើម្បី​ឱ្យ​បាយ​បាន​ឆ្អិន​ល្អ។ ការ​ដាំ​របៀប​នេះ អាច​លុប​បំបាត់​ជាតិពុល​ បានជិត​ពីរ​ភាគ​បី​នៃ​​​​រ៉ែពុល ​​Arsenic ដែល​មាន​កប់​ក្នុង​អង្ករ​។

បើ​មិន​អាច​ដាំ​បាយ​តាម​វិធី​ទាំងពីរ​ខាង​លើ​បាន​ អ្នក​បរិភោគ​បាយ​តិច ក្នុង​កំរិត​មធ្យម​ភាគ​​៥គីឡូ​ម្នាក់​ក្នុង​មួយ​ឆ្នាំ​ដូច​យ៉ាង​បណ្តាជន​រស់​នៅ​អឺរ៉ុប គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ ព្រោះ​ម្យ៉ាងទៀត សរីរាង្គកាយ​មនុស្ស​មាន​យន្តការ​អាច​កម្ចាត់ជាតិ​រ៉ែ​ធ្ងន់​ Arsenic បាន ប្រសិន​បើ​បរិមាណ​រ៉ែ​មិន​ច្រើន​ជ្រុល​ហួសហេតុ។ ប៉ុន្តែ​សម្រាប់​​ប្រជាជន​​នៅ​អាស៊ី​ ពលរដ្ឋម្នាក់ៗ​ទទួល​ទាន​បាយមធ្យម​ជាង​១០០គីឡូ​ក្នុង​មួយ​ឆ្នាំ។

បន្ទាប់​មក​ទៀត អង្ករ​អាច​មាន​ផ្ទុក​សារធាតុ​គីមី​ ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ នៅ​ក្នុង​គំរូ​អង្ករ​ជាង​៤០​មុខ ​ដែល​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​បារាំង (អឺរ៉ុប) មួយ​ភាគ​បី​មាន​ផ្ទុក​សារធាតុ​គីមី​សម្លាប់​សត្វ​ល្អិត។ ជា​ការ​ប្រៀបធៀប អង្ករ​បាស្មាទី​ឥណ្ឌា​មាន​កំរិត​ជាតិពុល​គីមី​​ខ្ពស់​ជាង​អង្ករមក​ពី​​ថៃ ដែល​មិន​សូវ​ប្រើ​ជីរ​ ឬ​ ថ្នាំ​គីមី​ខ្លាំង​ ហើយ​ជា​ប្រភេទ​កសិកម្ម​ មិន​សូវ​មាន​លក្ខណៈ​ប្រពលវប្បកម្ម​ខ្លាំង។ ឯអង្ករ​ថៃ​មាន​ផ្ទុក​រ៉ែ​Arsenic ខ្ពស់​ជាង​អង្ករ​កាម៉ាក​របស់​បារាំង។

ជា​ចុងក្រោយ អង្ករ​មាន​ឆ្លង​ជាតិ​ពុល​ម្យ៉ាង​ជា​ពពួក​ផ្សិត​​ ដែល​ដុះ​នៅក្នុង​ជង្រុក​ ជាពិសេស​អង្ករ​ប្រភេទ​បាស្មាទី។ ជាតិ​ពុល​ផ្សិត​នេះ ងាយ​លេច​ឡើង​ដោយ​ហេតុ​តែ​អាកាសធាតុ​ក្តៅ​និង​សើម។ ដូច្នេះ​សូម​ជ្រើសរើស​បរិភោគ​អង្ករ​ សរីរាង្គ ដែល​ដាំ​ដុះ​ដោយ​មិន​សូវ​ប្រើ​ជីរ និង​ថ្នាំ​គីមី​សម្លាប់​សត្វ​ល្អិត។ សម្រាប់​អ្នក​ចូល​ចិត្ត​ ​អង្ករសម្រូប ត្រូវ​ជ្រើសរើស​អង្ករ​ដែល​ដាំ​ដុះ​តាម​បែប​ធម្មជាតិ ព្រោះពុំ​មាន​ការ​ជម្រះ​​សម្រក​ស្រោប​គ្រាប់​អង្ករ​សម្រូប​ដែល​ជា​ទី​មាន​សំណល់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​កក​ផ្តុំ​នៅ​ច្រើន។

តើ​ត្រូវ​លាង​​បន្លែ​ផ្លែ​ឈើ​ដែល​មាន​សំណល់​ថ្នាំ​គីមី ឬថ្នាំ​សម្លាប់​សត្វ​ល្អិត​ផ្សេងៗ​ ​ដូចម្តេច?

បន្លែ​ផ្លែឈើ ឆ្លង​ជាតិ​គីមី​មិន​ដូច​គ្នា​ទេ។ បន្លែ​ផ្លែឈើ​ខ្លះ​ងាយ​ស្រូប ងាយ​ទទួល​ជាតិ​គីមី​ឱ្យ​តោង​ជាប់​ណាស់ លាង​ទឹក​ល្មមៗ​មិន​ច្រាស និង​មិន​ជ្រុះ​ចេញ​អស់​ទេ។ ជាក់​ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា ផ្លែឈើ​ល្បី​ខាង​មាន​ជាតិ​គីមី​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ច្រើន​ជាង​គេ​គឺ​ផ្លែ​ពុទ្រា ឯ​នៅ​អឺរ៉ុប គឺ​ផ្លែ​ស្តរបឺរី។ សំណល់​ជាតិ​គីមី​សម្លាប់​សត្វ​ល្អិត អាច​ភ្នាក់ងារ​នាំ​ឱ្យ​ងាយ​កើត​ជំងឺ​មហារីក ជំងឺ​បំប្លែង​ហ្សែន ពុល​ដល់​ប្រព័ន្ធ​បន្ត​ពូជ​ ឬ​ជា​ជាតិ​ពុល​អមតៈ​PFAS ដែល​គ្មាន​អ្វី​អាច​កម្ចាត់​ចេញ​ពី​បរិស្ថាន ​និង​ពី​ក្នុង​ខ្លួន​មនុស្ស​ទេ បើ​វា​ជ្រាប់​ចូល​ទៅ​ហើយនោះ។ ជាតិ​ពុលអមតៈ​​PFASនេះ អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ ដូច​ជានាំ​ឱ្យ​មាន​ជំងឺ​ថ្លើម ជំងឺ​ក្រពេញ​អរមូន​ទីរ៉ូអ៊ីត  ធាត់​ជ្រុល​ចុកខ្លាញ់ អារ និង​មហារីក។

ប៉ុន្តែ​បន្លែ​ផ្លែឈើ​ ជា​ប្រភព​ផ្តល់​វីតាមីន ដែល​​ល្អ​ប្រសើរ​ខ្លាំង​​ណាស់​សម្រាប់​សុខភាព។ ដូច្នេះ​ដើម្បី​ទាញ​ប្រយោជន៍​ពី​បន្លែ​ផ្លែឈើ​ស្រស់​ និង​​ជម្រះ​ជាតិ​ពុល​គីមី​ ការ​លាង​ទឹក​តែម្យ៉ាង​មិន​គ្រប់​គ្រាន់​ទេ បើ​ទោះ​បី​ជាតិ​គីមី​មួយ​ចំនួន​សាប​រលាភ​ទៅ​តាម​ទឹក​ក៏​ដោយ។

ទឹក​ខ្មេះ​ស មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការជម្រះ​ជាតិ​គី​មី ជា​សំណល់​នៃ​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ សូម​បន្លែ​ និង​ពិសេស​ផ្លែឈើ​ហូប​ទាំង​សម្បកទៅ​ត្រាំ​ក្នុងល្បាយ​​ទឹក​ស្អាត៥ ទៅ​៦​ភាគ​​លាយ​ ជាមួយ​ទឹក​ខ្មេះ​មួយ​ភាគ រួច​លាង​​សម្អាតមុន​នឹង​បរិភោគ។ ត្រូវ​វាល់​បរិមាណ​ទឹក​ខ្មេះ​ឱ្យ​ទាប ដើម្បី​កុំ​ឱ្យ​ខូច​រសជាតិ ​និង​ស្ថានភាព​បន្លែ​ផ្លែឈើ។ ប្រសិន​បើ​គ្មាន​ទឹក​ខ្មេះ ឬ​មិន​ចូល​ចិត្ត​ប្រើ​ទឹក​ខ្មេះ យើង​អាច​ប្រើទឹក​​អំបិល​ក៏​បាន។ ទឹក​អំបិល ទឹក​ប្រៃ អាច​ជម្រះ​ទាំង​សំណល់​ជាតិ​គីមី​ថ្នាំ​សម្លាប់​សត្វល្អិត ទាំង​បាក់តេរី​ ព្រមទាំង​ពង​សត្វល្អិតៗ​ផ្សេង​ទៀត ដែល​សំងំ​នៅ​ក្នុង​ផ្លែឈើ។ យក​ប៊ីកាបូណាតមួយ​កូន​ស្លាបព្រា​កាហ្វេ មក​លាយ​ទឹក​ស្អាត​ ហើយ​ដាក់​បន្លែ​ផ្លែឈើ​ត្រាំ​ និង​លាង​តាម​ក្រោយ ក៏​អាច​ជួយ​លុប​បំបាត់ ​​និង​កាត់​បន្ថយ​ជាតិ​ពុល​គីមី​បាន​ច្រើន​ដែរ។ ជា​ចុងក្រោយ សូម​ជ្រើសរើស​ទទួល​ទាន​តែ​បន្លែ​ផ្លែឈើ ក្នុង​ស្រុក ដាំ​ដុះ​តាម​បែប​សរីរាង្គ តាម​ធម្មជាតិ​ និង​ហូបបន្លែ​​ផ្លែឈើ​តាម​រដូវ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 141
ឯកសារពិគ្រោះ : 519
ឯកសារច្បាប់ : 170
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា