សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញមកបដិសេធចំពោះសម្បកវេចខ្ចប់អង្ករមួយប្រភេទ ដែលមានមានរូបដូចទៅនឹងទង់ជាតិរបស់ប្រទេសថៃ។ ការចេញមកអះអាងយ៉ាងដូច្នេះរបស់សហព័ន្ធស្រូវអង្ករកម្ពុជា គឺក្រោយមានការបង្ហោះលក់រាយជាប្រភេទអង្ករវេចខ្ចប់ទម្ងន់៥គីឡូក្រាម តាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។
អង្ករខ្មែរ ដែលមានរូបទង់ជាតិថៃទៅបានដាក់លក់លើទីផ្សារអនឡាញរបស់ចិន © CRF
សេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជាចេញផ្សាយថ្ងៃទី២៩ មិថុនាបញ្ជាក់ថា ក្រោយបានសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតជាមួយសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ ដែលបាននាំចេញអង្ករទៅប្រទេស ចិន និងក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន សហព័ន្ធស្រូវអង្ករកម្ពុជារកឃើញថា ប្រភេទអង្ករវេចខ្ចប់ទម្ងន់ ៥គីឡូក្រាម ភ្ជាប់ជាមួយរូបទង់ជាតិប្រទេសថៃ ដែលត្រូវដាក់លក់តាមបណ្តាញសង្គម ចិននោះ មិនមែនមានប្រភពពីប្រទេសកម្ពុជានោះទេ។ សហព័ន្ធស្រូវអង្ករកម្ពុជាអះអាងថា ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។
ក្នុងន័យនេះ សហព័ន្ធស្រូវអង្ករកម្ពុជាពន្យល់ថា ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬ ស្រដៀង ឬ មានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេសនានានៅលើពិភពលោក។ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករប្រមាណ ៦៥ម៉ឺន តោនទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ប្រមាណ ៤៩១លានដុល្លារអាមេរិក។ សហភាពអឺរ៉ុបជាទីផ្សារនាំមុខគេរបស់កម្ពុជា ដែលបានទទួលទិញអង្ករខ្មែរចំនួនជាង ៣២ម៉ឺនតោន ក្នុងទំហំទឹកប្រាក់សរុប ២៥៣លានដុល្លារ។
ដោយឡែក ទិន្នន័យរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិសរុប ៣៤៤ ១៩៩តោន កើនឡើង ១៣,៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ក្នុងនោះអង្ករដែលកម្ពុជានាំទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួនជាង៩ ម៉ឺនតោន ស្មើនឹងទឹកប្រាក់ ៥៣,២៥លានដុល្លារ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com