banner1
៥ខែ ឆ្នាំ២០២៥៖ កម្ពុជាទទួលបានជើងហោះហើរជាង២ម៉ឺនជើង និងអ្នកដំណើរជាង៣លាននាក់

 30-មិថុនា-2025

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ កម្ពុជាបានទទួលជើងហោះហើរសរុបជាង២ម៉ឺនជើង ខណៈអ្នកធ្វើដំណើរវិញមានចំនួនជាង៣លាននាក់។ ចំនួននេះបានកើនឡើងជាលំដាប់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ តាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល វិស័យអាកាសចរណ៍កម្ពុជានៅបន្តមានវឌ្ឍនភាពដដែល ហើយក៏ពុំមានការផ្អាកជើងហោះហើរពីបណ្តាប្រទេសណាមួយឡើយ។

ភ្ញៀវទេសចរបរទេសនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប © KT

យោងតាមរបាយការណ៍ដែលរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ផ្តល់មកឱ្យវិទ្យុបារាំងអន្តរជាតិRFIថ្មីៗនេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា (ភ្នំពេញ-សៀមរាប-ព្រះសីហនុ)ទទួលបានជើងហោះហើរចេញចូលសរុបចំនួន២៧, ៦៧០ជើង កើនឡើងជាង១៤% រាប់ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥។ ចំណែកអ្នកដំណើរចេញ-ចូលវិញ មានចំនួនជាង ៣លាន៤ម៉ឺននាក់ កើន១៨% និងការដឹកទំនិញតាមផ្លូវអាកាសចេញ-ចូលទ្វេទិសមានចំនួនជិត ៣ម៉ឺនតោន កើនឡើង៥%។

តែយ៉ាងណា បើធៀបតួលេខរយៈពេល១ខែ ចន្លោះពីខែមេសា និងឧសភា ឆ្នាំ២០២៥នេះ ចំនួនជើងហោះហើរ និងអ្នកធ្វើដំណើរបានថយចុះបន្តិចបន្តួច។ ជាក់ស្តែង ជើងហោះហើរចេញ-ចូលក្នុងខែឧសភាថយចុះ -៥% ដោយមានចំនួនត្រឹម ៤,៩៨៤ជើង ហើយសម្រាប់អ្នកធ្វើដំណើរវិញមានចំនួនជាង ៥១ម៉ឺននាក់ ថយចុះ-៨%។ ក៏ប៉ុន្តែសម្រាប់ការដឹកទំនិញតាមផ្លូវអាកាស គឺមានចំនួនជាង៦ពាន់តោន កើនឡើងជាង ២៨%។

លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា វិស័យអាកាសចរណ៍កម្ពុជានៅតែល្អ ទាំងចំនួនអ្នកធ្វើដំណើរ និងជើងហោះហើរចេញចូលព្រលានយន្តហោះអន្តរជាតិទាំងបីរបស់កម្ពុជា។ ភាគច្រើនអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបទទួលបានជើងហោះហើរ និងអ្នកដំណើរច្រើន។ ចំណែកក្នុងខែមិថុនានេះ បើទោះបីមិនទាន់មានរបាយការណ៍បូកសរុបចំនួនជើងហោះហើរក៏ដោយ តែអ្នកនាំពាក្យអាកាសចរណ៍រូបនេះបញ្ជាក់ថា វិស័យអាកាសចរណ៍ទាំងមូលនៅតែមានដំណើរការល្អ និងថា គ្មានការផ្អាកជើងហោះហើរណាមួយឡើយ ពិសេសការហោះហើរត្រង់រវាងកម្ពុជា-ថៃ។

សូមជម្រាបថា​ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ជើង កើនឡើង១៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលទទួលបានជើងហោះហើរសរុបចំនួន ៥១ ១៤៩ ជើង។ ចំណែកអ្នកដំណើរវិញ មានចំនួនសរុប៦.២៤លាននាក់ កើនឡើង២២% បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនអ្នកធ្វើដំណើរសរុបជាង៥.១១លាននាក់។ ក្នុងរបាយការណ៍ពីអាកាសចរណ៍ស៊ីវិល គោលដៅ ហោះហើរដែលពេញនិយមបំផុតកាលពីឆ្នាំចាស់ គឺរវាងកម្ពុជា-ថៃ បន្ទាប់មក គឺវៀតណាម ចិន និងឡាវ។

គួរបញ្ជាក់ដែរថា នៅម៉ោង១២យប់ ថ្ងៃទី៨​​ ខែកញ្ញាខាងមុខ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនឹងបិទប្រតិបត្តិការហោះហើរជាផ្លូវការ ដោយផ្ទេរប្រតិបត្តិការហោះហើរទាំងស្រុងទៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅចាប់ពីថ្ងៃទី៩ ខែកញ្ញាតទៅ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 141
ឯកសារពិគ្រោះ : 519
ឯកសារច្បាប់ : 170
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា