ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឱសថឈ្មោះកាបូតេក្រាវៀ (Cabotegravir) ដែលជាប្រភេទ ឱសថចាក់ ដែលមានសកម្មភាពយូរ សម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ (CAB-PrEP)។ តាមក្រសួងសុខាភិបាល នេះគឺជាការផ្តល់ជម្រើសថ្មីមួយ សម្រាប់ក្រុមប្រជាជនដែលមានការប្រឈមមុខ ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ឲ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បង្ហាញឱសថថ្មី សម្រាប់ចាក់បង្ការការឆ្លងមេរោគអេដស៍ © ក្រសួងសុខាភិបាល
តាមសំណេរនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ឱសថ CAB-PrEP នេះ ត្រូវចាក់ជារៀងរាល់ពីរខែម្តង និងមានប្រសិទ្ធភាពខ្ពស់រហូតដល់ ៩៥% ក្នុងការបង្ការមេរោគអេដស៍។ ឱសថ CAB-PrEP គឺជាជម្រើសមួយងាយស្រួល និងមានឯកជនភាព បន្ថែមលើជម្រើសឱសថ PrEP ដែលសម្រាប់តែលេប។
ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការប្រកាសដាក់ឲ្យប្រើប្រាស់ CAB-PrEP នេះ គឺជាការផ្តល់ជម្រើសថ្មីមួយសម្រាប់ក្រុមប្រជាជន ដែលប្រឈមមុខ ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ឲ្យកាន់តែមានប្រសិទ្ធភាព។ តាមក្រសួងសុខាភិបាល ប្រទេសកម្ពុជាក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានដាក់ឲ្យប្រើប្រាស់ CAB-PrEP ដែលជាវិធីសាស្ត្រមួយ ក្នុងយុទ្ធសាស្ត្របង្ការមេរោគអេដស៍ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងផ្តល់ជម្រើសច្រើនក្នុងការបង្ការ។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ចេញផ្សាយថ្ងៃទី១ ធ្នូ ឆ្នាំ ២០២៤ បានបង្ហាញថា នៅឆ្នាំ ២០២៣ កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន ១.២០០នាក់ ក្នុងនោះ ៨៦% នៅក្នុងចំណោមអ្នកឆ្លងថ្មីជាប្រជាជនគន្លឹះ។ មួយវិញទៀត ក្នុងចំណោមអ្នកឆ្លងថ្មីមាន ៤៦% ជាបុរសរួមភេទជាមួយបុរស និងមានក្រុមអ្នកបំប្លែងភេទដល់ទៅ ៩៩%។ គិតសរុបត្រឹម ឆ្នាំ២០២៣ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦.០០០នាក់។ តាមរបាយការណ៍ដដែល អត្រាអ្នកឆ្លងថ្មីមានការថយចុះ៤៦% នៅក្នុងចំណោមមនុស្សវ័យពី១៥ ដល់ ៤៩ឆ្នាំ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com