កម្ពុជាជំរុញឲ្យមានលំហាត់យោធារួមគ្នាជាមួយនឹងជប៉ុន
25-មិថុនា-2025
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅចំពោះមុខ នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនថា យោធាកម្ពុជា និងជប៉ុន គួរពង្រីកទំនាក់ទំនងដោយធ្វើលំហាត់យោធារួមគ្នា ក្នុងន័យសហការគ្នានៅក្នុងកិច្ចការមនុស្សធម៌។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបរវាង លោក ហ៊ុន ម៉ាណែត ជាមួយនាយឧត្តមសេនីយ៍ MORISHITA Yasunori នៅខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែមិថុនា។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត និង នាយឧត្តមសេនីយ៍ MORISHITA Yasunori។ © STPM
ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃថា ចំណងទាក់ទងកម្ពុជា និងជប៉ុនកាន់តែមានភាពរីកចម្រើនលូតលាស់ ហើយជប៉ុនបានជួយកម្ពុជា ជាច្រើនក្នុងដំណើរការអភិវឌ្ឍកម្ពុជា ក្នុងនោះមានទាំងការថែរក្សាបេតិកភណ្ឌ និងប្រាង្គប្រាសាទ និងសម្របសម្រួលឲ្យមានការអភិវឌ្ឍនៅរមណីយដ្ឋានអង្គរ។ ក្រៅពីវិស័យការទូត ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងក្របខណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរ។
ចំណែក នាយឧត្តមសេនីយ៍ MORISHITA Yasunori បានឲ្យដឹងថាទស្សនកិច្ចរបស់លោក និងគណៈប្រតិភូមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។
លោក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា និងជប៉ុន និងថា ការចែករំលែកបទពិសោធន៍ ជំនាញ និងការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជាគឺជាកិច្ចការសំខាន់ ជាពិសេស ក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងគោកកម្ពុជា ដោយហេតុថាជប៉ុនជាប្រទេសដែលមានជំនាញ និងបទពិសោធន៍ខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យកងទ័ពជើងគោកនៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួម សម្រាប់ការសង្គ្រោះ គ្រោះមហន្តរាយ និងការបោសសម្អាតមីន ជាដើម។
ប្រធានស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា លោក វណ្ណ ប៊ុនណា កត់សម្គាល់ថា ការលើកទឹកចិត្តឲ្យមានលំហាត់យោធារួមគ្នារវាងកម្ពុជា និងជប៉ុន ជាសញ្ញាវិជ្ជមានមួយនៃភាពរីកចម្រើនក្នុងចំណងទាក់ទងប្រទេសទាំងពីរ និងជាការបញ្ជាក់ទៅប្រទេសជាមិត្តកម្ពុជាផ្សេងទៀតថា កម្ពុជាមិនបានពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាលក្រុងប៉េកាំងក្នុងការលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួននោះទេ។ លោកថា ប្រសិនកម្ពុជាអាចធ្វើសមយុទ្ធយោធាជាមួយជប៉ុននាគ្រានេះ វាក៏ជាសញ្ញាប្រាប់ទៅថៃថា កម្ពុជាមានមិត្តច្រើនក្នុងការជ្រោមជ្រែងវិស័យយោធារបស់ខ្លួន ពោលកម្ពុជាអាចមានលទ្ធភាពការពារខ្លួនពីការរំលោភបំពាននានា ជាមួយការគាំទ្រទាំងការទូត និងយោធាពីប្រទេសផ្សេងៗ ក្រៅតែពីចិន។
ជុំវិញទំនាក់ទំនងយោធាកម្ពុជា និងជប៉ុននេះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នាវាចម្បាំងរបស់កងទ័ពស្វ័យការពារជប៉ុន ចំនួន២គ្រឿង គឺ“Bungo” និង “Etazima” បានចូលមកសំចតនៅកំពង់ផែរាម ក្នុងខេត្តព្រះសីហនុរយៈពេល៤ថ្ងៃ។ ជាការចូលចត ក្រោយការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាមបានបញ្ចប់។
ទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា AKP បានរាយការណ៍កន្លងមកថា ការចូលចតរបស់នាវាជប៉ុននៅមូលដ្ឋានទ័ពរាម បានរួមចំណែកដល់ការសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ