កម្ពុជារំពឹងខ្ពស់ថា ការចរចាពន្ធជាមួយអាមេរិកនៅជុំទី៣ នឹងទទួលបានជោគជ័យ
25-មិថុនា-2025
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល នៅក្នុងពិធីខួប១០ឆ្នាំ នៃសហព័ន្ធស្រូវអង្ករកម្ពុជានាដើមសប្តាហ៍នេះ បានដាក់ក្តីសង្ឃឹមថា ការចរចាពន្ធបដិការជាមួយអាមេរិកក្នុងជុំទី៣ នាពេលខាងមុខនឹងទទួលបានជោគជ័យ។ ការជឿជាក់របស់ លោក ស៊ុន ចាន់ថុល ធ្វើឡើងបន្ទាប់ពីការចរចាជុំទី២កន្លងទៅ ភាគីកម្ពុជា និងអាមេរិកបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឯកភាពគ្នាលើបញ្ញត្តិជាច្រើន។
ប្រតិភូកម្ពុជាធ្វើដំណើរទៅចរចាពន្ធបដិការជាមួយភាគីអាមេរិក © ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
មុនការចរចាពន្ធបដិការជុំទី៣ ជាមួយអាមេរិកឈានចូលមកដល់ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា ភាគីកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា បានបញ្ចូនឯកសារចុងក្រោយទៅការិយាល័យពាណិជ្ជកម្មអាមេរិករួចហើយ និងដោយរំពឹងថា ភាគីអាមេរិកនឹងពិនិត្យឯកសារទាំងនោះ។ តាមលោក ស៊ុន ចាន់ថុល ឯកសារដែលកម្ពុជាបានបញ្ចូនទៅនោះ គឺមានកិច្ចព្រមព្រៀងពាណិជ្ជ កម្មបដិការ សេចក្តីព្រាងក្របខ័ណ្ឌពន្ធចំពោះផលិតផលរបស់អាមេរិកនាំចូលមកកម្ពុជា រួមនឹងលក្ខខណ្ឌតម្រូវអនុលោមភាពសម្រាប់កម្ពុជា។
ក្នុងពិធីខួប១០ឆ្នាំរបស់សហព័ន្ធស្រូវអង្ករកម្ពុជា អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារូបនេះបានពន្យល់ថា ការចរចាពន្ធមិនមែនជារឿងងាយស្រួលឡើយ ហើយក៏មិនអាចធ្វើត្រឹមតែមួយដង ឬពីរដងទទួលបានជោគជ័យនោះទេ។ ចំណុចនេះ លោកលើកឡើងថា ប្រទេសមួយចំនួនបានចរចាចំនួន៥លើក ឬ៦លើករួចហើយ តែពុំទាន់ទទួលបានជោគជ័យនៅឡើយ។
ទន្ទឹមគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានបដិសេធមិនទទួលស្គាល់ការចោទប្រកាន់ពីមជ្ឈដ្ឋាននានាថា ការចរចាពន្ធគយរបស់កម្ពុជាជាមួយអាមេរិកត្រូវបរាជ័យ។ ផ្ទុយទៅវិញ លោករំពឹងយ៉ាងមុតមាំថា ការចរចាពន្ធជាមួយអាមេរិកជុំទី៣ ដែលគ្រោងធ្វើឡើងនាពេលខាងមុខ នឹងទទួលបានជោគជ័យ។
លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ចក៏បានបង្ហាញគំនិតសុទិដ្ឋិនិយមថា ដំណើរការចរចាពន្ធបដិការ ដែលកំពុងបន្តជាមួយអាមេរិក ស្ថិតក្នុងគន្លងផ្លូវជាវិជ្ជមាន និងជាឱកាសសម្រាប់បន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពិសេសបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាលើការគាំទ្រសេដ្ឋកិច្ចទីផ្សារសេរីផ្អែកលើច្បាប់។ តែលោកបណ្ឌិតយល់ថា កិច្ចព្រមព្រៀងនេះ ត្រូវទាមទារពេលវេលា ហើយកម្ពុជាត្រូវសម្របសម្រួលដោយប្រុងប្រយ័ត្ន។
តាមសេដ្ឋវិទូខ្មែររូបនេះ ការចរចាជុំទី៣ អាចត្រួសត្រាយផ្លូវឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្ម ដែលផ្តល់ផលប្រយោជន៍ទាំងសងខាងដល់កម្ពុជា-អាមេរិក ហើយការចរចាច្រើនជុំអាចអនុញ្ញាតឱ្យភាគីទាំងពីរស្វែងរកដំណោះស្រាយកាន់តែទូលំទូលាយ ពិសេសបន្តកែលម្អការប្តេជ្ញាចិត្តផ្នែកបច្ចេកទេស។
គួរជម្រាបថា ក្នុងដំណើរការចរចាពន្ធបដិការជាមួយអាមេរិក ប្រតិភូកម្ពុជាដែលដឹកនាំដោយ លោក ស៊ុល ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីជំនាញផ្សេងទៀតបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកចំនួន២លើករួចមកហើយ ដើម្បីជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មអាមេរិក។
ក្នុងជំនួបចរចាទាំងពីរលើកកន្លងទៅ ភាគីកម្ពុជាបានជួបពិភាក្សាជាមួយលោកស្រី Sarah Ellerman តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដោយពុំទាន់ទទួលបានលទ្ធផលអ្វីជាការកត់សម្គាល់ឡើយ ក្រៅតែពីភាគីទាំងពីរពិភាក្សាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិមួយចំនួន៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ