banner1
ឯកអគ្គរដ្ឋទូតបារាំងជំរុញកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS

 12-ឧសភា-2025

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សក់ ប៉ឺឡេ បានលើកឡើងពីការចង់ឃើញរដ្ឋាភិបាលកម្ពុជាធ្វើសច្ចាប័នលើច្បាប់សមុទ្រ UNCLOS ដើម្បី​​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ចរចាបញ្ហា​ព្រំដែន​សមុទ្រ និង​កោះ​ជាមួយ​ប្រទេស​ជិតខាង។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានក្នុងស្ថានទូតបារាំងកាលពីថ្ងៃទី៥ ឧសភា ឆ្នាំ​២០២៥ ដោយលោកអះអាងថា ​លោកមិន​ទាន់​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​ បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

ឯកអគ្គរដ្ឋទូតបារាំងជំរុញកម្ពុជាផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS © RFI

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សក់ ប៉ឺឡេ បានថ្លែងថា រដ្ឋាភិបាលកម្ពុជាមិនដែលបានលើកបញ្ហាព្រំដែនមកជជែកជាមួយភាគីបារាំងឡើយ និងថា ផែនទីដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះគឺមានតាំងពីសម័យអាណានិគមនិយមបារាំង។ តាមលោក បញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាងគឺ ជារឿងដ៏សំខាន់ដែលត្រូវការចរចាដោះស្រាយ។ ដោយសារតែកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដូច្នេះកម្ពុជាអាចដោះស្រាយបញ្ហាព្រំដែនបានដោយពុំចាំបាច់មានការចូលរួមពីភាគីបារាំង។ ក្នុងន័យនេះ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជារូបនេះ ស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាពន្លឿនការធ្វើសច្ចាប័នលើ​អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីអាចដោះស្រាយភាពតានតឹង និងធានាផលប្រយោជន៍នៃដែនសមុទ្រកម្ពុជាដែលកំពុងមានភាពចម្រូងចម្រាស់ជាមួយថៃ។

លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០ ឧសភានេះថា លោកមិនមានអ្វីអត្ថាធិប្បាយលើអនុសញ្ញាស្តីពីច្បាប់សមុទ្រ UNCLOS ទេ ដោយស្នើឲ្យសួរទៅកាន់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ លោក អាន សុវឌ្ឍនា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មិនទាន់ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិនៅឡើយ គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី១០ ឧសភានេះ។

គួរជម្រាបជូនថា បច្ចុប្បន្ន កម្ពុជានៅមិនទាន់ឲ្យសច្ចាប័នលើអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ (UNCLOS) នៅឡើយទេ។ ក្នុងអំឡុងឆ្នាំ ១៩៨៣ កម្ពុជាបានត្រឹមចុះហត្ថលេខាលើអនុសញ្ញានោះប៉ុណ្ណោះ។ កាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០២៥ កន្លងទៅ នៅក្នុងបាឋកថាសាធារណៈស្តីពីការវិវត្តរបស់ UNCLOS ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដែនសមុទ្រ លោក Horinouchi Hidehisa អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងបច្ចុប្បន្នជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) បានថ្លែងថា ការយកអនុសញ្ញារបស់ UNCLOS ទៅដោះស្រាយពិតជារឿងសំខាន់សម្រាប់ប្រទេសដែលប្រឈមនឹងជម្លោះព្រំដែនសមុទ្រ ដូចករណីប្រទេសកម្ពុជា និងថៃបច្ចុប្បន្ន។ ដូច្នេះសម្រាប់អ្នកជំនាញ រដ្ឋាភិបាលកម្ពុជាត្រូវពន្លឿនផ្តល់សច្ចាប័នលើអនុសញ្ញាច្បាប់សមុទ្រ ដើម្បីការពារផលប្រយោជន៍របស់កម្ពុជាពាក់ព័ន្ធនឹងបញ្ហាដែនសមុទ្រនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងស្ថិតក្នុងការដោះស្រាយបញ្ហាតំបន់ត្រួតស៊ីគ្នា (OCA) ជាមួយថៃដែលមានទំហំសរុប ២៦០០០គីឡូម៉ែត្រ ក្នុងឈូងសមុទ្រថៃ។ ចំណែកបញ្ហាកោះគុជត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរអះអាងកំពុងចរចារគ្នាដែរ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 140
ឯកសារពិគ្រោះ : 505
ឯកសារច្បាប់ : 170
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា