banner1
សហភាពអឺរ៉ុបផ្តល់ជំនួយជាង៣លានដុល្លារ ដើម្បីពង្រឹងសិទ្ធិពលករចំណាកស្រុកកម្ពុជាផ្នែកនេសាទ

 12-ឧសភា-2025

អង្គការ​ពលកម្មអន្តរជាតិ ILO បានប្រកាសអំពីការអនុវត្តកម្មវិធីការពារ និងលើកកម្ពស់សិទ្ធិពលករទូកនេសាទ និងអាហារសមុទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងដំណាក់កាលទី៣ ក្រោមការជួយឧបត្ថម្ភមូលនិធិរបស់សហភាពអឹរ៉ុប ដែលមានទឹកប្រាក់​ជាង​៣លានដុល្លារ។​ អ្នកពាក់ព័ន្ធនឹងឧស្សាកម្មនេសាទ យល់ឃើញថា ការបន្តអនុវត្តកម្មវិធីដែលមានរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៥​ ដល់២០២៨នេះ នឹងរួមចំណែកដល់ការកាត់បន្ថយការកេងប្រវ័ញ្ច និងការរំលោភបំពានសិទ្ធិជាមូលដ្ឋានផ្សេងៗក្នុងឧស្សាហកម្មមួយនេះ​។

ពលករចំណាកស្រុកកម្ពុជានៅខេត្តរ៉ាយ៉ង ប្រទេសថៃ។ © ILO

ប្រធានកម្មវិធីសិទ្ធិការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វិទ្យុបារំាង RFI​ នៅថ្ងៃសៅរ៍ទី១០ ខែឧសភា ថា កម្មវិធីដែលបានបន្តជាថ្មីនេះ គឺជាខែលមួយ ដែលអាចជួយការពារមួយផ្នែកនៃសិទ្ធិរបស់ពលករកម្ពុជា ដែលបានចំណាកស្រុកទៅធ្វើការនៅក្នុងឧស្សាហកម្មនេសាទរបស់ប្រទេសថៃទីដែលពលករកម្ពុជាជារឿយៗប្រឈមមុខនឹងការកេងប្រវ័ញ្ច។ លោកអះអាងថា ពលករជាច្រើនពឹងផ្អែកលើបណ្តាញក្រៅផ្លូវការ និងឈ្មួញកណ្តាល ឬមេខ្យល់ដែលធ្វើឲ្យពួកគេងាយរងគ្រោះនឹង​ការរំលោភបំពានសិទ្ធិការងារ។ តាម​អ្នកធ្វើការងារខាងសិទ្ធិពលកររូបនេះ រដ្ឋាភិបាលកម្ពុជាគួរកែសម្រួលលក្ខខណ្ឌតឹងរ៉ឹងមួយចំនួនសម្រាប់ពលករកម្ពុជាចូលទៅក្នុងឧស្សាហកម្មអាហារសមុទ្រ ដោយគ្មានការរំលោភបំពាន ជាមួយគោលនយោបាយ និងយន្តការជាក់លាក់ ជាពិសេសនីតិវិធីពាក់ព័ន្ធកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថៃ និងភាគីពាក់ព័ន្ធ។

លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពលករចំណាកស្រុកកម្ពុជា ដែលត្រូវបានជួលឲ្យធ្វើការក្នុងឧស្សាហកម្មនេសាទ និងកែច្នៃអាហារ  សមុទ្រ តម្រូវឲ្យទទួលបានលទ្ធភាពកាន់តែប្រសើរឡើងនៃច្រកធ្វើចំណាកស្រុកដោយសុវត្ថិភាព និងការការពារកាន់តែរឹងមាំឡើងចំពោះសិទ្ធិការងាររបស់ពួកគេអំឡុងពេលបំពេញការងារក្រៅស្រុក។

សូមជម្រាបថា កម្មវិធីការពារ និងលើកកម្ពស់សិទ្ធិពលករទូកនេសាទ និងអាហារសមុទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការលក្ខណៈតំបន់ និងទ្វេភាគីជាមួយអាស៊ាន ដើម្បីធានាការចំណាកស្រុកដោយសុវត្ថិភាព​ និងការ​ងារសមរម្យសម្រាប់ពលករចំណាកស្រុកកម្ពុជា។

ប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Bryan Fornari​ ត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការ​ពលកម្មអន្តរជាតិ ILO ថា​ ពលករកម្ពុជាបានរួមចំណែកបំពេញការងារនេសាទនេះកាន់តែច្រើនឡើង និងថា ភាគីពាក់ព័ន្ធត្រូវធ្វើការច្រើនថែមទៀត ដើម្បីធានាថាពួកគេអាចចំណាកស្រុកដោយសុវត្ថិភាព និងទទួលការងារសមរម្យ ក្រោមការសម្របសម្រួលលក្ខណៈតំបន់ជាមួយរដ្ឋាភិបាលកម្ពុជា និងកិច្ចសហប្រតិបតិ្តការជាមួយស្ថាប័នអន្តរជាតិផ្សេងទៀតដូចជា អង្គការ​សហប្រជាជាតិ។ ចំណែកលោក​ Xiaoyan Qian នាយកការិយាល័យអង្គការពលកម្ម ILO ​សម្រាប់ប្រទេសថៃ កម្ពុជា និងឡាវ កត់សម្គាល់ថា អង្គការពលកម្មអន្តរជាតិស្វាគមន៍រាល់ការប្តេជ្ញាចិត្តនានារបស់ភាគីពាក់ព័ន្ធក្នុងការធានាបាននូវការការពារសិទ្ធិរបស់ពលករចំណាកស្រុកក្នុងឧស្សាហកម្មនេសាទ។

គួររំឭកថា ពលរដ្ឋកម្ពុជាជាងមួយលាននាក់ត្រូវបានរាយការណ៍ថា​ បានចំណាកស្រុកទៅប្រទេសថៃក្នុងមួយឆ្នាំៗ ដោយធ្វើការនៅរោងចក្រ កន្លែងដាំដុះ និងឧស្សាហកម្មនេសាទ។ អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសិទ្ធិការងារបង្ហាញក្តីបារម្ភលើសុវត្ថិភាពរបស់ពលករនេសាទនៅថៃ បន្ទាប់ពីសហភាពអឺរ៉ុបបានដកប្រទេសថៃចេញពីការព្រមានរបស់សហភាពអឺរ៉ុបជុំវិញរឿងទាសភាពដែលបានក្លាយជាបញ្ហាអាស្រូវនៅក្នុងឧស្សាហកម្មនេសាទរបស់ប្រទេសជិតខាងកម្ពុជាមួយនេះ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 143
ឯកសារពិគ្រោះ : 569
ឯកសារច្បាប់ : 173
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា