កម្ពុជាចុះបញ្ជីប្រហុកសៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញវិស័យសេដ្ឋកិច្ច
6-ឧសភា-2025
នៅថ្ងៃទី៥ ឧសភានេះ ប្រហុកសៀមរាបរបស់កម្ពុជាត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឬ GI ដើម្បីលើកកម្ពស់ការកែច្នៃតាមបែបប្រពៃណី គាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងការប្រកបរបរចិញ្ចឹមជីវិតនៅតាមជនបទ។ តាមរយៈការចុះបញ្ជីនេះ កម្ពុជារំពឹងថានឹងអាចជួយលើកកម្ពស់ជីវភាពរស់នៅរបស់ផលិតករក្នុងស្រុក លើកស្ទួយកេរ្ត៍ឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ និងលើកតម្កើងឱ្យមានការទទួលស្គាល់មរតកម្ហូបខ្មែរជាដើម។
កម្ពុជាចុះបញ្ជីប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីជំរុញវិស័យសេដ្ឋកិច្ច © UNIDO
នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបានសម្ពោធប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ដ្រទំនិញ ក្រោមគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលជលផល ឬCAPFISH-Capture ដែលមានការគាំទ្រថវិកាដោយសហភាពអ៊ឺរ៉ុប និងអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ UNIDO សហការជាមួយរដ្ឋបាលជលផល និងក្រសួងពាណិជ្ជកម្មកម្ពុជា។ ការសម្ពោធជាផ្លូវការនេះធ្វើឡើងក្នុងទិវាកម្មសិទ្ធបញ្ញាពិភពលោកឆ្នាំ២០២៥ ដែលប្រព្រឹត្តិទៅក្នុងទឹកដីខេត្តសៀមរាប។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានគូសបញ្ជាក់ក្នុងពិធីសម្ពោធថាការចុះបញ្ជីប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនឹងអាចពង្រឹងទីផ្សារនាំចេញប្រហុកកម្ពុជាទៅទីផ្សារបរទេស និងបង្កើតឱ្យមានការប្រកួតប្រជែងទាំងក្នុងនិងក្រៅប្រទេស។ ដោយឡែក រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានប្តេជ្ញាថានឹងជួយបង្កើនឱកាសទីផ្សារដល់អ្នកផលិតប្រហុកកម្ពុជា និងជួយជំរុញការធ្វើប្រហុកខ្មែរឱ្យកាន់តែមានគុណភាព និងមានរសជាតិឆ្ងាញ់។
តាមសេចក្តីប្រកាសព័ត៌មានរួមស្តីពី ការចុះបញ្ជីប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដោយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម សហភាពអ៊ឺរ៉ុប និងអង្គការUNIDO ប្រហុកសៀមរាបជាផលិតផលមានលក្ខណៈពិសេសដាច់ដោយឡែករបស់កម្ពុជា និងមានលក្ខណៈពិសេសដូចម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគិរី។ មានលក្ខណៈពិសេសក៏ព្រោះតែវាជាតំណាងនៃការផ្សារភ្ជាប់រវាងប្រពៃណី និងការអភិវឌ្ឍ។
គួរដឹងថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឬ GI មានតួនាទីយ៉ាងសំខាន់នៅអ៊ឺរ៉ុប ហើយមកទល់ពេលនេះ មានទំនិញជាង ៣៥០០ប្រភេទ ត្រូវបានចុះបញ្ជី។ នេះបើតាមការលើកឡើងរបស់តំណាងសហភាពអ៊ឺរ៉ុប លោក Igor Driesmans។ កម្ពុជាបានទទួលការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសពីសហភាពអ៊ឺរ៉ុបជាង ១ទស្សវត្សរ៍មកហើយ។ ក្រៅពីប្រហុកសៀបរាប កម្ពុជាបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំនួន៧ផលិតផល រួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី អំបិលកំពត បង្កងតាកែវ និងទឹកត្រីកំពត៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ