banner1
កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺមហារីកជិត ៤០នាក់ ក្នុងមួយថ្ងៃ

 6-ឧសភា-2025

នៅព្រឹកថ្ងៃទី៥​ ឧសភានេះ កម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក​ ២០២៥-២០៣០»។ ទិន្នន័យសុខាភិបាលបង្ហាញថា កម្ពុជាមានមនុស្សម្នាក់ស្លាប់ដោយជំងឺមហារីកនៅរៀងរាល់ ៤០នាទីម្តង ឬប្រមាណ ៣៨នាក់ក្នុងមួយថ្ងៃៗ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានទទួលស្គាល់ថា មធ្យោបាយប្រយុទ្ធនឹងជំងឺមហារីកនៅកម្ពុជានៅមានកម្រិតនៅឡើយ និងថា ជំងឺមហារីកនឹងឆក់យកជីវិតពលរដ្ឋខ្មែរក្នុងចំនួនមួយខ្ពស់ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។

កោសិកា​មហារីក Juan Gaertner/Shutterstock.com © Shutterstock

ទិន្នន័យសុខាភិបាលថ្មីបង្ហាញថា ជារៀងរាល់ឆ្នាំ កម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២ម៉ឺនករណី និងមានអ្នកស្លាប់ជិត ១ម៉ឺន៤ពាន់ នាក់។ អត្រាអ្នកស្លាប់ដោយជំងឺមហារីកនេះ​ គឺខ្ពស់ជាង ៧០ភាគរយ ខណៈអត្រាជាមធ្យមនៅលើពិភពលោក​ គឺមានតែ ៤៨ភាគរយ។ នៅរៀងរាល់ ៤០នាទីម្តង មានមនុស្សម្នាក់ស្លាប់ដោយជំងឺមហារីកកម្ពុជា​ ពោលមានស្លាប់ប្រមាណ ៣៨នាក់ ​ក្នុងមួយថ្ងៃៗ។ ដោយឡែក សម្រាប់កុមារវិញ កម្ពុជាអាច​ព្យាបាលជំងឺមហារីកជាសះស្បើយក្នុងអត្រាដ៏ទាប​ គឺត្រឹម ២០ភាគរយ ខណៈអត្រាព្យាបាលកុមារកើតជំងឺមហារីកឲ្យជាសះស្បើយ នៅក្នុងពិភពលោកមានដល់ទៅ ៨០ភាគរយ។

នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» នាព្រឹកថ្ងៃទី៥​ ឧសភា លោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលកម្ពុជាបានទាញសញ្ញាអាសន្នថា បើស្ថានភាពនៃជំងឺមហារីកនៅកម្ពុជាស្ថិតនៅដដែលដូចសព្វថ្ងៃនេះ ជំងឺមហារីកនឹងឆក់យកជីវិតមនុស្សប្រមាណ ២១ម៉ឺននាក់ ទាំងក្មេង និងចាស់ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។ ចំនួននេះស្ទើរតែស្មើនឹងចំនួនប្រជាជនខេត្តស្ទឹងត្រែង ឬខេត្តកែប និងខេត្តប៉ៃលិនរួមបញ្ចូលគ្នា ឬជិតស្មើនឹងចំនួនប្រជាជននៅក្រុងសៀមរាប។

ស្ថានភាពអាក្រក់នៃជំងឺមហារីកនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតទទួលស្គាល់ថា មធ្យោបាយប្រយុទ្ធនឹងជំងឺមហារីកនៅកម្ពុជានៅមានកម្រិតដែលចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់។  តាមលោក ហ៊ុន ម៉ាណែត រដ្ឋាភិបាលគ្រោងឧបត្ថម្ភថវិកា ១០លានដុល្លារដល់ការព្យាបាលជំងឺមហារីកនៅពេទ្យហ្លង់ម៉ែ និងស្នើឲ្យពិនិត្យមើលតាមសាលារៀន កុំឲ្យមានសិស្សនាំគ្នាជក់បារីអាឡិកត្រូនិក។ បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីបានជំរុញឲ្យអគ្គនាយកពន្ធដារ គយ ក្រសួងកសិកម្ម និងក្រសួង​សុខាភិបាលពិនិត្យគ្រប់គ្រងលើការនាំចូលបន្លែសាច់ដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

គួររម្លឹកថា របាយការណ៍សុខាភិបាលកម្ពុជាដែលបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២៤ កាលពីថ្ងៃទី៣ មីនា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤ មានអ្នកជំងឺមហារីកសរុបចំនួន ៣១ ៥១៨នាក់ បានទទួលការព្យាបាលនៅមន្ទីរពេទ្យកម្ពុជា ក្នុងនោះ មាន ១២៧នាក់ បានទទួលមរណៈភាព។ តាមរបាយការណ៍ដដែល​ អ្នកជំងឺមហារីក ដែលបានព្យាបាលនៅក្នុងមន្ទីរពេទ្យកម្ពុជាក្នុងឆ្នាំ ២០២៤ បានកើនឡើងចំនួន ៨៧.៤២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។

ក្រសួងសុខាភិបាលបានកត់ត្រាឃើញទៀតថា ក្នុងចំណោមអ្នកកើតជំងឺមហារីក ដែលទទួលបានការព្យាបាលនៅកម្ពុជាក្នុងឆ្នាំ ២០២៤ ប្រភេទជំងឺមហារីក ដែលច្រើនជាងគេគឺ មហារីកសុដន់ និងមហារីកមាត់ស្បូនដែលមានសរុបជិត ៣២ភាគរយ នៃអត្រាអ្នកជំងឺមហារីកសរុប៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 139
ឯកសារពិគ្រោះ : 504
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា