banner1
សមាជិកសភាជប៉ុន វាយតម្លៃថាកម្ពុជា មានសក្តានុពល ទាក់ទាញការបណ្តាក់ទុន

 5-ឧសភា-2025

កម្ពុជាជាប្រទេសប្រកបដោយសក្តានុពលជាពិសេស ផលិតផលកសិកម្មដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំចេញ និងកម្លាំងពលកម្មជំនាញ នៅក្នុងដំណើរការផលិត ប្រកបដោយគុណភាព។ សក្តានុពលទាំងអស់នេះអាចប្រែក្លាយកម្ពុជា ទៅជា«មជ្ឈមណ្ឌលកណ្តាលមួយរបស់អាស៊ាន»។ នេះជាការវាយតម្លៃរបស់ សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុនលោក Nishimura Yasutoshi ក្នុងពេលលោកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបន្ទាប់ពីបានជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។

អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ លោក Nishimura Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក៏មិនភ្លេចកោតសរសើរកម្ពុជា ចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ អ្នកតំណាងរាស្រ្តជប៉ុននៅបានកត់សម្គាល់ឃើញថា កម្ពុជាជាទីកន្លែង មានសក្តានុពល ទាក់ទាញការបោះទុនវិនិយោគ ព្រោះថា កន្លងមកមាន ក្រុមហ៊ុនជប៉ុនធំៗជាច្រើនបានមកធ្វើជំនួញនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota AEON និង Minebeaជាដើម។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន ម៉ាណែត។

ក្នុងជំនួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក Nishimura Yasutoshi បានថ្លែងកោតសរសើរកម្ពុជា មិនដាច់ពីមាត់ ដោយថា ប្រទេសកម្ពុជាមានកម្លាំងពលកម្ម ដែលខិតខំប្រឹងប្រែង និងមានជំនាញប៉ិនប្រសប់ដែលអាចទាក់ទាញចិត្តវិនិយោគិនជប៉ុនឲ្យមកបោះទុនរកស៊ីនៅកម្ពុជា។ សមាជិកសភាជប៉ុនខាងលើបានបង្ហាញការតាំងចិត្តខ្ពស់ ដើម្បី«កៀរគរ ជំរុញ និងលើកទឹកចិត្ត» វិនិយោគិនជប៉ុនឲ្យមកវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត វិញបានថ្លែងថា ការរីកចម្រើនរបស់កម្ពុជា គឺបានមកពីការរួមចំណែករបស់ភាគី ជប៉ុនដែលបានចូលរួមក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាតាមយរៈកងកម្លាំងថែរក្សាសន្តិភាពរបស់ជប៉ុន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។លោកហ៊ុន ម៉ាណែតក៏បានលើកទឹកចិត្តដល់វិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ដោយឡែក នៅក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លោក Nishimura Yasutoshi បានលើកឡើងពីសមិទ្ធផលនានា ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការល្អរវាងជប៉ុន និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការដោះមីន ការគាំទ្រយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជប៉ុននៅមូលដ្ឋានសមុទ្ររាមនាពេលថ្មីៗនេះ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងជំនួបកាលពីថ្ងៃសុក្រ លោកហ៊ុន សែនបានរំលឹកប្រាប់លោក Nishimura Yasutoshi ថា ជប៉ុនជាប្រទេសដែលបានចូលរួមកសាងសន្តិភាពនៅកម្ពុជា ចាប់តាំងពីមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយបន្ទាប់មកកិច្ចសហប្រតិបតិ្តការនានារវាង ភាគីទាំងពីរបានផ្តល់ផ្លែផ្កាលើវិស័យជាច្រើន ដែលទ្រទ្រង់ដល់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។​ ក្រៅពីជំនួបជាមួយ មេដឹកនាំកំពូលៗកម្ពុជា លោក Nishimura Yasutoshi ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រីចម និម្មល និងមន្ត្រីជាន់ខ្ពស់កម្ពុជាផ្សេងទៀត។

ជប៉ុនជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់កម្ពុជាក្នុងចំណោមដៃគូធំៗជាច្រើនទៀត ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន និងកូរ៉េខាងត្បូង។ យោងតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP ដែលស្រង់សំដី លោក វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជប៉ុនបាន និងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជិតទ្វេដង ពី១,៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ដល់២,២ពាន់លានដុល្លារនៅឆ្នាំ២០២៤៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 139
ឯកសារពិគ្រោះ : 501
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា