ថៃសន្យាទិញដំឡូងមី ៣០ម៉ឺនតោន និងពោតក្រហម ១០ម៉ឺនតោន ពីកម្ពុជាក្នុងមួយឆ្នាំ
30-មេសា-2025
ក្រុមហ៊ុន ខសាន របស់ថៃនឹងទិញដំឡូងមីពីកម្ពុជាចំនួន ៣០ម៉ឺនតោន និងពោតក្រហមចំនួន ១០ម៉ឺនតោន ក្នុងមួយឆ្នាំតាមរយៈសហព័ន្ធដំឡូងមីកម្ពុជា។ ការសន្យានេះធ្វើឡើងតាមការចុះអនុស្សារណៈយោគយល់ស្តីពីការទិញផលិតផលកសិកម្មរវាងក្រុមហ៊ុនថៃ ខសាន (Koson Group) និងសហព័ន្ធដំឡូងមីកម្ពុជាតាមរយៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកពាណិជ្ជកម្មកាលពីសប្តាហ៍មុន។ តំណាងកសិករដាំដំឡូងមីកម្ពុជាសាទរលើការចុះកិច្ចព្រមព្រៀងនេះដោយរំពឹងថា កសិករខ្មែរនឹងមានទីផ្សារជាក់លាក់បន្ថែមសម្រាប់កសិផលរបស់ខ្លួន។
ដំឡូងមី © UNDP
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃពីថ្ងៃទី២២ ដល់ ២៥ ខែមេសា ឆ្នាំ២០២៥ លោករាជ រ៉ា ប្រតិភូរដ្ឋាភិបាលកម្ពុជា និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានជួបពិភាក្សាការងារជាមួយសហព័ន្ធឧស្សាហកម្មថៃ និងបានចុះអនុស្សាសារណៈយោគយល់ស្តីពី ការទិញដំឡូងមី និងពោតក្រហមពីកម្ពុជា។ ការណ៍នេះនឹងបើកផ្លូវឲ្យមានការបង្កើនការផ្គត់ផ្គង់កសិផលកម្ពុជាទៅរោងចក្រកែច្នៃនៅប្រទេសថៃ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាន បញ្ជាក់បន្ថែមថា ការចុះអនុស្សារណៈយោគយល់គ្នាថ្មីៗនេះនឹងជួយកសិករខ្មែរ ដើម្បីលក់កសិផលរបស់ខ្លួនក្នុងតម្លៃមួយដែលមានស្ថិរភាព។ លោកថា អនុ ស្សារណៈយោគយល់គ្នានេះក៏ជាការបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់មួយរបស់ភាគីថៃនៅក្នុងការទិញទំនិញដំឡូងមីពីកម្ពុជា។
ចំណែក លោកអិល ឈិញ ប្រធានសមាគមកសិករដំឡូងមីកម្ពុជាយល់ឃើញថា នេះជាដំណឹងល្អសម្រាប់កសិករដំាដំឡូងមីនៅកម្ពុជា ទោះបីជាឈ្មួញថៃបានបន្តទិញដំឡូងមីពីកម្ពុជា ដើម្បីចម្រាញ់យកសារធាតុអាល់ កុល អេតាណុល និងធ្វើចំណីសត្វក៏ដោយ។
តាមលោក អិល ឈិញ ការចុះកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃពេលនេះជាយន្តការមួយដែលបញ្ជាក់ថា ថៃ និងកម្ពុជាបន្តផ្លាស់ប្តូរផលិតផលកសិកម្មរវាងគ្នា និងថា តម្លៃឡើង ឬចុះសម្រាប់កសិករ គឺអាស្រ័យលើតម្រូវការជាក់ស្តែង។
លោក បានបន្ថែមថា ក្នុងខែមេសា ឆ្នាំ ២០២៥ នេះ ដំឡូងមីសើមអាចលក់បានក្នុងតម្លៃ ១៤ម៉ឺនរៀល ក្នុង១តោន ហើយដំឡូងមីស្ងួតអាចលក់បានក្នុងតម្លៃ ៥២ម៉ឺនរៀល ក្នុង ១តោន ពោលគឺទាបជាងខែមេសា ឆ្នាំ ២០២៤។ តាមប្រធានសមាគមកសិករដំឡូងមីកម្ពុជារូបនេះដដែល តម្លៃធ្លាក់ចុះឆ្នាំ២០២៥ ក៏ដោយសារតម្រូវការក្នុងលោកបានធ្លាក់ចុះ។ តែលោក អិល ឈិញ មិនភ្លេចបញ្ជាក់ថា កសិករខ្មែរអាចប្រឈមនឹងផលវិបាក ប្រសិនបើកសិករថៃបង្កើនការដាំដឡូងមីដែរ ព្រោះកម្ពុជានៅមិនទាន់មានរោងចក្រកែច្នៃសម្បូរបែបនៅឡើយ។
គួរជម្រាបជូនថា មានខេត្តចំនួន១៨ នៅកម្ពុជាបានដាំដំឡូងមី ក្នុងនោះមានខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តព្រះសីហនុ កោះកុង កណ្តាល ឬខេត្តតាកែវ និងដែលការប្រមូលផលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ