banner1
ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជាមានកំណើន ៤ភាគរយ សម្រាប់ឆ្នាំ២០២៥

 28-មេសា-2025

ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា​នឹង​មានកំណើនអត្រា ៤ភាគរយ នៅឆ្នាំ២០២៥ ដែលថយចុះបន្តិចធៀបនឹងអត្រាកំណើន ៥,៣ភាគរយ កាលពីឆ្នាំ២០២៤។ អ្នកជំនាញពាណិជ្ជកម្មថា សេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ បើជាប់ពន្ធច្រើនលើការនាំទំនិញទៅសហរដ្ឋអាមេរិក ព្រោះកំណើនដែលមានកន្លងមកគឺ ពឹងផ្អែកមួយភាគធំលើការនាំចេញទៅទីផ្សារអាមេរិក។

ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជាមានកំណើន ៤ភាគរយសម្រាប់ឆ្នាំ២០២៥ © AFP

របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកស្តីពី ការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់ឆ្នាំ២០២៥ បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមានកំណើន​​​​ឈ្នះលើតំបន់ភាគច្រើនលើពិភពលោក ហើយសេដ្ឋកិច្ចកម្ពុជាដែលស្ថិតក្នុងតំបន់នេះត្រូវបានព្យាករថា នឹង​មានកំណើន ៤ភាគរយ គឺទាបជាងកាលពីឆ្នាំ២០២៤ ដែលមានកម្ពុជាមានកំណើនសេដ្ឋកិច្ច ៥,៣ភាគរយ។

កំណើនយឺតយ៉ាវនៅកម្ពុជា ​និងក្នុងតំបន់គឺដោយសារនៅឆ្នាំ ២០២៥នេះ មានការកើនឡើងនូវភាពមិនប្រាកដប្រជានៃគោលនយោបាយ​ពិភពលោក ការរឹតត្បិតពាណិជ្ជកម្ម និងកំណើនយឺតយ៉ាវក្នុងសេដ្ឋកិច្ចប្រទេសជឿនលឿន។ ស្របពេលជាមួយគ្នានោះ ការថយចុះនៃកំណើនសេដ្ឋកិច្ចសកល​ទំនងជានឹងនាំឲ្យតម្រូវការទីផ្សារក្រៅប្រទេសធ្លាក់ចុះថែមទៀតដែរ។​

ទោះយ៉ាងណា ធនាគារពិភពលោកលើកឡើងថា ដើម្បីរក្សាសន្ទុះដែលកំពុងមាននេះបន្តទៅមុខ និងដើម្បីបង្កើតការងារបន្ថែមទៀត​ ប្រទេសនៅក្នុងតំបន់​ត្រូវប្រឹងជម្នះភាពមិនប្រាកដប្រជា និងលៃលកដោះស្រាយបញ្ហាប្រឈមយូរអង្វែងពាក់ព័ន្ធជាមួយការប្រែប្រួលនៅក្នុងចរន្តសមាហរណកម្មសកល ការប្រែប្រួលអាកាសធាតុ និងនិន្នការប្រជាសាស្ត្រ។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​លោក មាស សុខសេនសាន ថ្លែងថា ការទាញទម្លាក់​អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា​កើតឡើង ស្របពេលស្ថាប័នអន្តរជាតិជាច្រើនដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិបាន​វាយតម្លៃថា កំណើនសេដ្ឋកិច្ចសាកលលោកក៏ធ្លាក់ចុះ ខណៈមានភាពមិនច្បាស់លាស់ក៏បានកើតឡើង រួមមានការប្រែប្រួលនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលបាន​កំណត់អត្រាពន្ធលើទំនិញកម្ពុជា។

ដោយឡែកអ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍យល់ឃើញថា ការ​ព្យាករណ៍របស់ធនាគារពិភពលោកក្នុងខែមេសានេះ គ្រាន់តែជាចំណែកមួយនៃការគិតទុកមុនក្នុងករណីមាន​ការកើនឡើងរបាំងពន្ធ​​ និងការ​ថមថយសេដ្ឋកិច្ចសាកលលោកដោយសារការដាក់ពន្ធរបស់រដ្ឋបាលអាមេរិក។ លោកយល់​ស្របថា ការវាយតម្លៃរបស់ធនាគារពិភពលោកអាចមានភាពត្រឹមត្រូវក្នុងករណីមានការបន្ធូរបន្ថយរបាំងពន្ធរបស់អាមេរិក តែអាចខុសបើអាមេរិកមានការកែសម្រួលអត្រាពន្ធ។ លោកផ្តល់អនុសាសន៍មួយចំនួនដល់កម្ពុជា ដើម្បីឆ្លើយតបនឹងវិបត្តិពន្ធនេះ គឺដូចជា សម្របសម្រួលគោលនយោបាយរបស់ខ្លួនស្របនឹងប្រទេសអាមេរិក និងធ្វើការចរចាជាមួយអាមេរិកក្នុងកម្រិតតំបន់ជាដើម។

តាមរបាយការណ៍ធនាគារពិភពលោក ការរឹតត្បិតផ្នែកពាណិជ្ជកម្ម ត្រូវបានរំពឹងថានឹងជះផលប៉ះពាល់ទៅលើការនាំចេញរបស់​តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដូចជាកម្ពុជា និងវៀតណាម។ ប្រទេសទាំងពីរនេះ នឹងប្រឈមហានិភ័យដោយសារការប្រែប្រួលពីតម្រូវការរបស់សហរដ្ឋអាមេរិក បន្ទាប់ពីថៃ និងម៉ាឡេស៊ី។​

ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Casey Barnett ថ្លែងថា សេដ្ឋកិច្ចកម្ពុជា នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើអាមេរិកបន្តយកពន្ធ ៤៩ភាគរយ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ប្រសិន​បើអាមេរិកយកពន្ធតែ១០ភាគរយ ហើយនៅក្នុងកម្រិតស្រដៀងនឹងបណ្តាប្រទេសប្រកួតប្រជែងដទៃដូចជា Indonesia និងIndia សេដ្ឋកិច្ចប្រទេសនេះនឹងមានភាពល្អប្រសើរ។ លោកបានសង្កត់ធ្ងន់ថា ភាគច្រើននៃកំណើនរបស់សេដ្ឋកិច្ច និងវិស័យផលិតកម្មកម្ពុជាក្នុងរយៈពេល​៣០ឆ្នាំកន្លងមកគឺបានមកពីទីផ្សារសហរដ្ឋអាមេរិក៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 139
ឯកសារពិគ្រោះ : 499
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា