រដ្ឋាភិបាលកម្ពុជាបន្តមិនយកពន្ធអគារ ដែលជាប់គាំងក្នុងខេត្តព្រះសីហនុ
25-មេសា-2025
រដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តម្ចាស់គម្រោងអគារជាប់គាំងក្នុងខេត្តព្រះសីហនុ តាមរយៈការអនុគ្រោះពន្ធសម្រាប់អគារ ដែលត្រូវបានសាងសង់ចាប់ពីឆ្នាំ ២០១៦។ នៅក្នុងសេចក្តីជូនដំណឹងនៅថ្ងៃពុធ ទី២៣ មេសានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំឱ្យម្ចាស់គម្រោង ដែលមិនទាន់ទទួលបានការសម្រួលពន្ធ អាចទៅស្នើពាក្យសុំពីក្រុមការងារជំរុញវិនិយោគរបស់ខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួល និងការលើកទឹកចិត្តផ្សេងទៀត។
រដ្ឋាភិបាលកម្ពុជាបន្តមិនយកពន្ធអគារ ដែលជាប់គាំងក្នុងខេត្តព្រះសីហនុ © សហការី
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុគ្រោះពន្ធអាករចំពោះគម្រោងអគារជាប់គាំងក្នុងទឹកដីខេត្តព្រះសីហនុ រហូតដល់ឆ្នាំ២០២៨។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋាភិបាលសម្រេចបន្តលើកទឹកចិត្តបន្ថែមដោយអនុវត្តការលើកលែងពន្ធលើអចលនទ្រព្យ ដែលមានកំណត់ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤។ ម្យ៉ាងការលើកលែងពន្ធអាករនេះ ធ្វើឡើងសម្រាប់តែអគារណាដែលចាប់សាងសង់ពីឆ្នាំ ២០១៦ ទោះបីបាន ឬមិនទាន់បានបញ្ចប់ការសាងសង់រួចក្នុងឆ្នាំ២០២៥។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនារសៀលនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យខេត្តព្រះសីហនុបានបញ្ជាក់ថា កន្លងមកមានអគារដែលកំពុងជាប់គាំងជាង ២៣០គម្រោង ហើយក្នុងនោះ១២០គម្រោងកំពុងចាប់ដំណើការសាងសង់ និងបញ្ចប់ការសាងសង់។ រីឯខ្លះទៀតត្រូវបានសាងសង់រួចរាល់ និងត្រៀមដាក់ឱ្យដំណើរការ។ បើតាមអ្នកនាំពាក្យរបស់ខេត្តព្រះសីហនុ ការបន្តលើកលែងពន្ធពីសំណាក់រដ្ឋាភិបាលកកម្ពុជា ជាការរួមចំណែកលើកទឹកចិត្តដល់អ្នកវិនិយោគ ជាពិសេសម្ចាស់គម្រោងអគារជាប់គាំងទាំងអស់។ លោកបន្ថែមថា ការអនុវត្តលើកលែងពន្ធនឹងអាចស្តារនូវសោភ័ណភាព និងទាក់ទាញវិនិយោគិនបរទេសឡើងវិញ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
គួររំលឹកថា នៅដើមឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តគម្រោង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” ដើម្បីដោះស្រាយបញ្ហាសំណង់អគារជាប់គាំងក្នុងខេត្តព្រះសីហនុ។ រដ្ឋាភិបាលកម្ពុជាបាន លើកទឹកចិត្តផ្នែកពន្ធដារ ចំនួន ៨ចំណុច ដើម្បីទាក់ទាញវិនិយោគិន និងលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យរយៈពេល ៥ឆ្នាំ។
សូមជម្រាបជូនថា នៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៩ កម្ពុជាទទួលបានលំហូរអ្នកវិនិយោគបរទេស ជាពិសេសវិនិយោគិនចិនយ៉ាងច្រើនសន្ធឹកក្នុងខេត្តព្រះសីហនុ។ វត្តមានរបស់អ្នកវិនិយោគិននោះ ស្ថិតក្រោមគម្រោងសាងសង់អគារធំៗរួមមាន សណ្ឋាគារ និងកាស៊ីណូ។ ប៉ុន្តែក្នុងឆ្នាំ ២០២០ វិបត្តិកូវីដ១៩ បានរុញច្រានវិនិយោគិនឲ្យបោះចោលការវិនិយោគនៅខេត្តព្រះសីហនុ និងមិនបានវិលត្រឡប់មកបន្តគម្រោងវិញទេ នៅក្រោយវិបត្តិកូវីដ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ