ប្រឈមនឹងការប្តេជ្ញារបស់ចិន លោក ដូណាល់ ត្រាំ ព្រមដកថយដោយមិនដំឡើងពន្ធលើឧបករណ៍បច្ចេកវិទ្យាទំនើប
17-មេសា-2025
បន្ទាប់ពីបានយល់ព្រម ផ្អាកមិនអនុវត្តអត្រាពន្ធថ្មីរយៈពេល៩០ថ្ងៃ សម្រាប់ប្រទេសជាង៦០ ពេលនេះ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានដកថយមួយជំហានទៀតហើយ។ ផ្អែកតាមលិខិតជូនដំណឹងមួយ របស់ការិយាល័យពន្ធគយសហរដ្ឋអាមេរិក ចុះថ្ងៃទី១១ មេសា គឺអាមេរិកនឹងលើកលែង មិនអនុវត្តអត្រាពន្ធថ្មីនេះ ទៅលើទំនិញបច្ចេកវិទ្យាទំនើបមួយចំនួន ដូចជាទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍អេឡិកត្រូនិកច្រើនប្រភេទទៀត ដែលភាគច្រើនលើសលប់ គឺសុទ្ធតែផលិតនៅចិន។ នេះអាចចាត់ទុកបានថា ជាការបន្ទន់ជំហររបស់វ៉ាស៊ីនតោន ប្រឈមនឹងការប្តេជ្ញាចិត្តមិនចុះចាញ់របស់ចិន។
ទូរស័ព្ទ iPhone តាំងបង្ហាញនៅ Apple Store ក្នុងទីក្រុង Pittsburgh ថ្ងៃទី ១២មេសា២០២៥ AP – Gene J. Puskar
ប្រឈមនឹងការប្តេជ្ញាចិត្តមិនចុះចាញ់របស់ចិន លោក ដូណាល់ ត្រាំ បានដកថយស្ងាត់ៗ។ ផ្អែកតាមលិខិតជូនដំណឹងមួយរបស់ការិយាល័យពន្ធគយសហរដ្ឋអាមេរិក ចេញផ្សាយនៅល្ងាចថ្ងៃសុក្រ ទី១១ មេសា គឺអត្រាពន្ធនាំចូលថ្មី នឹងមិនត្រូវអនុវត្តទេ ទៅលើទំនិញឧបករណ៍អេឡិកត្រូនិក ដែលនាំចូលពីចិនមកកាន់សហរដ្ឋអាមេរិក។ នៅក្នុងលិខិតនេះ គេឃើញមានទំនិញជាង២០មុខ ដែលរួចខ្លួនពីអត្រាពន្ធកប់ពពកនេះ ក្នុងនោះមានដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ កញ្ចក់អេក្រង់ រួមទាំងឧបករណ៍ស្តុកទិន្នន័យគ្រប់ប្រភេទ ដូចជា Hard disk, USB Flash, Memory Card ជាដើម។ល។
ដោយឡែក ចំពោះឧបករណ៍ សឺមីកុងឌុកទ័រវិញ គឺបានរួចខ្លួនរួចហើយ ពីអត្រាពន្ធ១០%ជាទូទៅ ដែលសហរដ្ឋបានប្រកាសអនុវត្តទៅលើប្រទេសដៃគូពាណិជ្ជកម្មទាំងអស់។ គិតត្រឹមពេលនេះ លោក ដូណាល់ ត្រាំ នៅមិនទាន់សម្រេចអ្វីថ្មីបន្ថែមទៀតទេ ទាក់ទិននឹងអត្រាពន្ធលើឧបករណ៍សឺមីកុងឌុកទ័រ។
គួរកត់សំគាល់ថា ការលើកលែងមិនអនុវត្តអាត្រាពន្ធថ្មី ទៅលើទំនិញឧបករណ៍អេឡិកត្រូនិកនេះ គឺជាដំណឹងមួយដ៏ល្អ ជាពិសេសសម្រាប់អ្នកប្រើប្រាស់ជនជាតិអាមេរិក។ ប្រជាជនអាមេរិកនិយមប្រើប្រាស់ឧបករណ៍អេឡិកត្រូនិកខ្លាំងណាស់ ហើយដែលភាគច្រើនលើសលប់នៃឧបករណ៍ទាំងនោះ សុទ្ធតែផលិតនៅចិន ឬក៏មានគ្រឿងផ្សំមួយផ្នែកផលិតនៅចិន។ ផ្អែកតាមលោក Pascal de Lima ប្រធានផ្នែកសេដ្ឋកិច្ចនៅ Business Knowledge Management Consulting BKMC អត្រាពន្ធថ្មីរបស់លោកដូណាល់ ដាក់ទៅលើទំនិញចិន១៤៥% គឺអាចធ្វើឲ្យទំនិញឧបករណ៍អេឡិកត្រូនិកនាំចូលពីចិន ត្រូវឡើងថ្លៃដល់ទៅ២០%យ៉ាងហោច។ ការឡើងថ្លៃដែលមកធ្វើបាបជីវភាពប្រជាជនអាមេរិកខ្លួនឯង។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ដូចជា Apple, Dell, Microsoft និង Nvidia ជាដើម ក៏បានធូរទ្រូងបន្តិចដែរ។ ទូរស័ព្ទiPhone របស់ Apple ភាគច្រើនលើសលប់ គឺផលិតនៅចិន។ គ្រាន់តែលោកដូណាល់ ត្រាំប្រកាសថានឹងដំឡើងពន្ធលើទំនិញចិនដល់ ១៤៥% Apple បានខាតតម្លៃភាគហ៊ុននៅផ្សារមូលបត្រដល់ទៅ ៦៤០ពាន់លានដុល្លារ។
សូមបញ្ជាក់ថា ទីផ្សារអាមេរិកបានស្រូបយកទំនិញផលិតនៅចិន ចំនួនប្រមាណ១៦,៤% ដែលគិតជាទឹកប្រាក់ប្រមាណ ៥០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ចំពោះទំនិញឧបករណ៍អេឡិកត្រូនិកចិន ដែលរួចខ្លួន មិនជាប់អត្រាពន្ធថ្មីនេះ គឺមានប្រមាណជា២០% នៃការនាំចូលសរុបទៅកាន់ទីផ្សារអាមេរិក។ លោក Daniel Ives អ្នកវិភាគហិរញ្ញវត្ថុនៅ Wedbush Securities បានលើកឡើងថា ប្រសិនបើគ្មានការលើកលែងនេះទេ ឧស្សាហកម្មបច្ចេកវិទ្យាទំនើបរបស់អាមេរិក អាចនឹងដើរថយក្រោយដល់ទៅ១០ឆ្នាំឯនោះ ពោលគឺវានឹងមកបង្អាក់យ៉ាងខ្លាំង ដល់បដិវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលកំពុងតែស្ទុះឡើង។
ជាមួយនឹងការដកថយជំហាននេះ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បានអះអាងថា ក្រុមហ៊ុនទាំងអស់ដែលបានរួចខ្លួន មិនទាន់ជាប់ក្នុងអត្រាពន្ធថ្មី កំពុងតែប្រញេបប្រញាប់ ដើម្បីរើបណ្តាញផលិតកម្មរបស់ខ្លួន មកកាន់សហរដ្ឋអាមេរិកវិញ។
គួររំលឹកដែរថា ហេតុផលធំចម្បង ដែលញ៉ាំងឲ្យលោកដូណាល់ ត្រាំដាក់ពន្ធកប់ពពកទៅលើទំនិញនាំចូលពីបរទេស គឺលោកត្រាំចង់ឲ្យក្រុមហ៊ុនទាំងអស់ រើរោងចក្រមកផលិតនៅលើទឹកដីអាមេរិក។ តែយ៉ាងណាក៏ដោយ លោក Nouriel Roubini អ្នកជំនាញសេដ្ឋកិច្ចនៅសកលវិទ្យាល័យញូយ៉ក បានលើកឡើងថា អត្រាពន្ធខ្ពស់ខ្លាំង ដែលនៅជាធរមានលើទំនិញផ្សេងៗទៀត វានឹងគ្មានឥទ្ធិពលអ្វី ធ្វើឲ្យក្រុមហ៊ុនសហគ្រាសទាំងអស់ រើរោងចក្រត្រលប់មកសហរដ្ឋអាមេរិកវិញ ដើម្បីផលិត iPhone ឧបករណ៍បច្ចេកវិទ្យាទំនើប ឬក៏ទំនិញថោកៗគ្រប់មុខផ្សេងទៀតនោះទេ។ សម្រាប់អ្នកជំនាញរូបនេះ វិធានការពន្ធដ៏កម្រោលរបស់លោកដូណាល់ ត្រាំ គឺជាវិធានការប្រហោងក្នុង រវើរវាយ បែបលេងសើចតាមតែចិត្តនឹកឃើញ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ