ផលិតកម្មជ័រកៅស៊ូ របស់កម្ពុជាកើនឡើង ១៥ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥
17-មេសា-2025
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជារកចំណូលបានពីការនាំចេញផលិតផលកៅស៊ូចំនួនជាង ១១៦លានដុល្លារ។ ចំនួននេះបានកើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ តម្រូវការជ័រកៅស៊ូពីសំណាក់រោងចក្រផលិតសំបកកង់រថយន្តក្នុងស្រុកក៏កំពុងកើនឡើងជាបន្តបន្ទាប់ដែរ។ សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាអះអាងថា លទ្ធភាពនៃការផលិត និងការផ្គត់ផ្គង់កៅស៊ូរបស់កម្ពុជា គឺអាចគ្រប់គ្រងបានដោយគ្មានបញ្ហាអ្វីទាំងអស់។
ផលិតកម្មជ័រកៅស៊ូរបស់កម្ពុជាកើនឡើង ១៥ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ © អគ្គនាយកដ្ឋានកៅស៊ូ
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម ការនាំចេញជ័រកៅស៊ូរបស់កម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ទទួលបានទឹកប្រាក់ ១១៤,៩៣ លានដុល្លារ និងការនាំចេញឈើកៅស៊ូទទួលបានទឹកប្រាក់ ១,៣៣ លានដុល្លារ។ ចំពោះតម្លៃជ័រកៅស៊ូវិញ ត្រូវបានអគ្គនាយកដ្ឋានកៅស៊ូអះអាងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ គឺមានតម្លៃជាមធ្យម ១៩២៣ដុល្លារ ក្នុង១តោន ពោលកើនឡើងចំនួន ៤៧៤ដុល្លារ ឬស្មើនឹង ៣២,៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ មេសានេះថា ការនាំចេញផលិតផលកៅស៊ូរបស់កម្ពុជា គឺមានចំនួនច្រើនជាងការផ្គត់ផ្គង់ក្នុងស្រុក។
តាមលោក ម៉ែន សុភក្តិ លទ្ធភាពនៃការផលិតកៅស៊ូរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ គឺគ្រប់គ្រាន់ តែលោកថា ក្រុមហ៊ុនផលិតសំបកកង់ឡានតម្រូវឲ្យពង្រឹងគុណភាពលើការកែច្នៃកៅស៊ូបន្ថែមទៀត។ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាដដែលរូបនេះបានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រផលិតសំបកកង់ឡានចំនួន៣ និងកំពុងរៀបចំដំឡើងចំនួន ៣រោងចក្រទៀត។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមដំណាច់ឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ជាង៤២ម៉ឺន៥ពាន់ហិកតា ក្នុងនោះ ផ្ទៃដីកៅស៊ូចៀរជ័រមានចំនួន ៣៣ម៉ឺនហិកតា ស្មើនឹង ៧៧,៦៣ ភាគរយ នៃផ្ទៃដីកៅស៊ូសរុប និងផ្ទៃដីថែទាំ ៩៥ម៉ឺនហិកតា ស្មើនឹង ២២,៣៧ភាគរយ។
ចំណែកផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួន ២២៣ ១២២ហិកតា ស្មើនឹង ៥២,៤៤ ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារ មានចំនួន ២០២ ៣២១ ហិកតា ស្មើនឹង ៤៧,៥៦ ភាគរយ។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ការនាំចេញផលិតផលជ័រកៅស៊ូ និងឈើកៅស៊ូទទួលបានទឹកប្រាក់សរុប ៦៧១,៦៨ លានដុល្លារ ពោលកើនឡើង ៣៦,៤៨ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ប្រាក់ចំណូលដែលបានពីការនាំចេញជ័រកៅស៊ូមានចំនួន ៦៦៦,២៥ លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូមានចំនួន ៥,៤ លានដុល្លារ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ