banner1
ជប៉ុន​បញ្ចេញ​អង្ករ​ពី​ស្តុក យុទ្ធសាស្ត្រ​​ដើម្បី​ទប់​តម្លៃ​ដែល​ហក់​ឡើង​ខ្លាំង

 10-មេសា-2025

តាំងពីបង្កើត​ជង្រុកយុទ្ធសាស្ត្រ ​​​​ស្តុក​អង្ករទុកមក នេះ​​ជា​លើកទីមួយ​ ដែលរដ្ឋាភិបាល​​ជប៉ុន​ ​សម្រេច​បញ្ចេញ​អង្ករ​មក​លក់​វិញ ដើម្បី​ទប់​ស្កាត់​តម្លៃ​អង្ករ​ដែល​ឡើង​ថ្លៃ​ខ្លាំង​ជា​គំហុក។ បើ​តាម​​សេចក្តីប្រកាស​នា​ថ្ងៃពុធ ទី​៩​ មេសា​ ២០២៥​នេះ រដ្ឋាភិបាលជប៉ុន​​គ្រោង​បញ្ចេញ​ស្តុក​អង្ក​រ រហូត​ដល់រដូវ​ច្រូត​កាត់​ថ្មី។ ​ អង្ករ​ក្នុង​ស្តុក​យុទ្ធសាស្ត្រ​ជប៉ុន ក្នុង​​ឃ្លាំងនៃ​​ខេត្ត​ Kanagawa. © KAZUHIRO NOGI / AFP

ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​អង្ករ​ឱ្យ​មាន​លំនឹង​ល្អ នៅលើ​ទីផ្សារ រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​បញ្ចេញ​អង្ករ​ក្នុង​ស្តុក​យុទ្ធសាស្ត្រ​មកដាក់​​លក់ដេញ​ថ្លៃ​​ ជា​រៀង​រាល់​ខែ​រហូត​ដល់​ខែកក្កដា ដែល​ជា​រដូវ​ប្រមូលផល​ថ្មី។ តាម​គម្រោង​ រដ្ឋាភិបាល​ជប៉ុន​នឹង​បញ្ចេញ​ស្តុក​អង្ករ​យុទ្ធសាស្ត្រ​សរុប​​ប្រមាណ ​២សែន​១ម៉ឺន​តោន​។ ការ​ដេញ​ថ្លៃ​លក់​​​នឹង​ចាប់​ផ្តើម​ធ្វើ​ ​នៅ​ថ្ងៃ​ទី ២១ មេសា​ខាង​មុខ​ ក្នុង​បរិមាណ​អង្ករ​ប្រមាណ​១សែន​តោន​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក​តាគុ អេតូ Taku Eto ដោយ​ពន្យល់បន្ថែម​​ថា ការ​បញ្ចេញ​ស្តុក​យុទ្ធសាស្ត្រ​ ជា​លើក​ទីមួយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥មក ធ្វើ​ឡើង​ដើម្បី​សាកល្បង​ទប់​ស្កាត់​តម្លៃ​អង្ករ​ដែល​ហក់​ឡើង​ខ្លាំង។

ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុងក្រោយ​មក​នេះ អង្ករ​ជប៉ុន​បាន​ឡើង​ថ្លៃជា​លំដាប់ ​ស្ទើរ​មួយ​ជា​ពីរ​ទៅ​ហើយ។ កាលពី​សប្តាហ៍​មុន តម្លៃ​អង្ករ​លក់​រាយ​ ៥គីឡូថ្លៃជាង​៤២០៦​យ៉េន ឬ​ស្មើ​នឹង​ប្រមាណ​២៦អឺរ៉ូ២កាក់ ពោល​គឺ​ថ្លៃជាង​ឆ្នាំ​ទៅ​ដល់​ទៅ​១០៤,៥%។ មាន​កត្តា​ច្រើន​ដែល​ជំរុញ​ឱ្យ​អង្ករ​ឡើង​ថ្លៃខ្លាំង។

ទីមួយ​ កាលពី​ឆ្នាំ​២០២៣ ជប៉ុន​រង​រលក​កម្តៅខ្ពស់ ជា​ហេតុ​ធ្វើ​ឱ្យ​ស្រូវ​ផ្តល់​ទិន្នផល​ទាប និង​ជា​ហេតុ​ធ្វើ​ឱ្យ​ជប៉ុន​មាន​បរិមាណអង្ករ​តិច​នៅ​ឆ្នាំ​បន្ទាប់។ ម្យ៉ាង​វិញ​ទៀត សេចក្តីត្រូវការ​ផ្នែក​អង្ករ​បានស្ទុះ​​ឡើង​ខ្លាំង​ បន្ទាប់​ពី​អាជ្ញាធរ​ជប៉ុន​បាន​ចេញ​សារ​អាសន្ននៅ​ខែ​សីហា​ ២០២៤ ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ត្រៀម​លក្ខណៈ​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង។ សារអាសន្ន​នេះ​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ភ័យ​ស្លន់ស្លោ​ស្ទុះ​រក​ទិញ​អង្ករ​ទុក។ ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​បន្ថែម​ទៀត ក្រុម​ឈ្មួញ​កណ្តាលបាន​​ឆ្លៀត​​​ប្រមូល​ទិញ​អង្ករ​ស្តុក​ទុក ចាំ​បញ្ចេញ​លក់​​​យក​ចំណេញពេល​ឱកាសហុច​ឱ្យ។ នេះ​បើ​តាម​ការ​លម្អិត​របស់អាជ្ញាធរ​​ដដែល។

ទាក់ទង​នឹង​នយោបាយ​នាំ​ចេញ​អង្ករ​វិញ រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ប្រកាស​ចង់​បង្កើន​​ការ​នាំ​ចេញ​អង្ករឱ្យ​បាន​ច្រើន​ជាង​មុន​៨​ដង។ កម្មវត្ថុ​ថ្មី​ចង់​នាំ​ចេញ​អង្ករឱ្យ​បាន​ដល់ ​៣៥ម៉ឺន​តោន​ នៅ​ឆ្នាំ​២០៣០​ ជា​ផ្នែកមួយ​នៃ​នយោបាយ​ជាតិ ​ដែល​មាន​ទិស​ដៅ​ចង់​ពង្រឹង​ការនាំ​ចេញ​អង្ករផង និង​ពង្រឹងពង្រីក​​វិស័យ​កសិកម្ម​ដាំ​ស្រូវ​ ឱ្យ​ស្រប​ទៅ​តាម​ស្ថានភាព​ប្រជាពលរដ្ឋ​ដែល​កាន់​តែ​ចាស់ជរាផង។

ចំណែកសេចក្តី​ត្រូវ​ការ​ក្នុង​ស្រុក​វិញ ​ពលរដ្ឋ​ជប៉ុនបាន​ប្តូរ​ទម្លាប់​ទទួល​ទាន ដោយ​​​ងាក​ទៅ​ពិសា​នំប៉័ង ​ឬ​មី និង​បរិភោគ​បាយ​កាន់​តែ​តិច​ទៅៗ។ ការ​បរិភោគ​បាយ​បាន​ថយ​​ចុះ​អស់​ពាក់​កណ្តាល​ បើប្រៀប​ទៅ​នឹង​៦០ឆ្នាំ​មុន៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 138
ឯកសារពិគ្រោះ : 495
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា