banner1
ការដំឡើងពន្ធរបស់អាមេរិកលើកម្ពុជា និងប្រទេសនានាត្រូវចូលជាធរមានថ្ងៃទី៩ មេសា

 10-មេសា-2025

ក្រឹត្យ​ដំឡើង​ពន្ធ​របស់​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ដាក់​ទៅ​លើ​ប្រទេស​ជា​ដៃគូ​ពាណិជ្ជ​កម្មរបស់​អាមេរិក​ត្រូវ​ចូល​ជា​ធរមាន​នៅថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ២០២៥ ​ក្នុង​នោះ ចិន​រង​ទណ្ឌកម្ម​បន្ថែម​ពន្ធ​ពី​អាមេរិក​ធ្ងន់​ជាង​គេ​រហូត​ដល់​ទៅ ១០៤%​។ តែ​បើ​និយាយ​ពី​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០​ ប្រទេស​វិញ​ កម្ពុជា​ស្ថិត​នៅលេខ​រៀង​ទី​១ ដែល​រង​ការ​ដំឡើង​ពន្ធ​ខ្ពស់​ជាង​គេ​ពី​រដ្ឋបាល​អាមេរិក​រហូត​ដល់ ​៤៩% លើ​ទំនិញ​កម្ពុជា​នាំ​ចូល​ទីផ្សារ​អាមេរិក​។

លោក ដូណាល់ ត្រាំ បង្ហាញតារាប្រទេសដែលអាមេរិកតម្លើងពន្ធនាំទំនិញចូលអាមេរិក © Reuters

សារព័ត៌មាន CNBC បានដកស្រង់សម្តីអ្នកជំនាញពាណិជ្ជកម្មថា កម្ពុជាត្រូវបានអាមេរិកដំឡើងអត្រាពន្ធខ្ពស់បំផុត ពោលដល់ទៅ ៤៩% នៅក្នុងសង្គ្រាមពាណិជ្ជកម្មពិភពលោក ដែលបញ្ឆេះដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទោះបីជាអតិរេកពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិកមានកម្រិតទាប ធៀបនឹងប្រទេសដទៃទៀតក៏ដោយ។ នៅចំពោះមុខនេះ អ្នកជំនាញព្រមានថា កម្មករកម្ពុជាកំពុងស្ថិតក្នុងការប្រយុទ្ធ ដើម្បីការរស់រានមានជីវិតផ្នែកហិរញ្ញវត្ថុ ប៉ុន្តែទំនិញរបស់កម្ពុជានឹងពិបាកនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាត្រូវបានសារព័ត៌មាន CNBC ស្រង់សំដីមកចុះផ្សាយនៅថ្ងៃទី៨ ខែមេសា ពោលមួយថ្ងៃមុនក្រឹត្យរបស់លោក ដូណាល់ ត្រាំ ចូលជាធរមានថា ក្រុមហ៊ុនផលិតមួយចំនួននៅកម្ពុជាកំពុងសម្លឹងមើលប្រទេសផ្សេងទៀត ដើម្បីបោះទីតាំងថ្មី ពិសេសប្រទេស អេហ្ស៊ីប អនុតំបន់សាហារ៉ាអាហ្វ្រិក ឥណ្ឌា និងឥណ្ឌូណេស៊ីដែលអាមេរិកយកពន្ធទាបជាងកម្ពុជា។ យោងតាមលោក Barnett រោងចក្រនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះកំពុងស្វែងរកមធ្យោបាយ ដើម្បីរស់រានសម្រាប់ប៉ុន្មានខែខាងមុខ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា លោកនៅមិនទាន់បានទទួលព័ត៌មានអ្វីជុំវិញការចូលជាធរមាននៃការដំឡើងពន្ធរបស់អាមេរិកនេះនៅឡើយទេ។ សូមបញ្ជាក់ ថា នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ កម្ពុជាត្រូវបានអាមេរិកដំឡើងពន្ធរហូតដល់ទៅ ៤៩% លើទំនិញនាំចូលទីផ្សារអាមេរិក និងតាមពីក្រោយដោយឡាវ ៤៨% វៀតណាម ៤៦% ភូមា ៤៤% ថៃ ៣៦% ឥណ្ឌូណេស៊ី ៣២% ប៊្រុយណេ និងម៉ាឡេស៊ីចំនួន ២៤% ហ្វីលីពីន ១៧% ខណៈសិង្ហបុរីត្រូវបានអាមេរិកដំឡើងពន្ធតែ ១០%ប៉ុណ្ណោះ៕

ប្រភពព័ត៌មាន​ ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 138
ឯកសារពិគ្រោះ : 495
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា