banner1
វៀតណាម៖ សន្ទុះវឌ្ឍភាពសេដ្ឋកិច្ចយឺត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥

 8-មេសា-2025

ទិន្នន័យស្ថិតិសេដ្ឋកិច្ចវៀតណាម នៅត្រីមាសទី១ ឆ្នាំនេះ បង្ហាញថាកំណើនសេដ្ឋកិច្ចថយចុះបន្តិច បើប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំមុន ដោយសារក្តីបារម្ភនិង​ភាព​រំជើប​រំជួល​ចរន្ត​វិនិយោគទុន​ជុំវិញការដំឡើងពន្ធរបស់ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។ ប្រមុខដឹកនាំវៀតណាមបានសុំឲ្យភាគីអាមេរិកពន្យារពេល ៤៥ថ្ងៃ កុំទាន់​អនុវត្ត​វិធានការដំឡើងពន្ធគយចំនួន ៤៦% ចំពោះទំនិញវៀតណាមនាំចូលអាមេរិក​​។ ការ​សុំ​ពន្យារពេល​នេះ គឺដើម្បីស្នើសុំបើកផ្លូវ​ចរចា និងស្វែងរកដំណោះស្រាយទ្វេភាគី។

វៀតណាម៖ សន្ទុះវឌ្ឍភាពសេដ្ឋកិច្ចយឺត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ AFP – BAY ISMOYO,SAUL LOEB

ក្តីព្រួយបារម្ភជុំវិញវិធានការដំឡើងពន្ធគយរបស់លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ និងភាពវឹកវរសេដ្ឋកិច្ចសកល បានធ្វើឲ្យវឌ្ឍភាពសេដ្ឋកិច្ច​វៀតណាម ថយចុះពី ៧,៥៥% នៅត្រីមាសទី៤ ឆ្នាំ២០២៤ មកត្រឹម ៦,៩៣% នៅត្រីមាសទី១ ឆ្នាំ២០២៥។ នេះបើតាមទិន្នន័យរបស់ការិយាល័យស្ថិតិវៀតណាម ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៦ មេសា។

អ្នកជំនាញវៀតណាមផ្នែកសេដ្ឋកិច្ចបានលើកឡើងថា ការដំឡើងពន្ធគយរបស់អាមេរិក ​បានប៉ះពាល់ដល់ទំនិញវៀតណាមមួយចំនួន ដូចជា គ្រឿងសមុទ្រ សម្លៀកបំពាក់ ស្បែកជើង ឈើ​ គ្រឿងឧបករណ៍អេឡិចត្រូនិក និងទូរស័ព្ទដៃ ជាដើម។ ក្នុងនោះ ក្រុមហ៊ុនធំៗរបស់អាមរិក ដែលមានរោងចក្រនៅវៀតណាម រួមមាន ក្រុមហ៊ុន Nike និង ក្រុមហ៊ុន Adidas អាចនឹងប្រឈមការថយចុះនៃការបញ្ជាទិញពីដៃគូ នៅអាមេរិក និង ប្រាក់ចំណូលប្រចាំឆ្នាំធ្លាក់ចុះ ព្រមទំាងអាចឈានដល់ការកាត់បន្ថយចំនួនបុគ្គលិករបស់ខ្លួន។

ប្រឈមនឹងការដំឡើងពន្ធដ៏ច្រើនសន្ធឹកសន្ធាប់លើទំនិញវៀតណាម រហូតដល់ ៤៦% ប្រមុខបក្សកុម្មុយនិស្តវៀណាម លោក តូ ឡិម បានផ្ងើលិខិតផ្លូវការមួយទៅចៅហ្វាយ​សេតវិមាន​អាមេរិក លោក ដូណាល់ ត្រាំ ដើម្បី​សុំពន្យារ​ពេល ៤៥ថ្ងៃ។ នៅក្នុងលិខិតនេះ បុរសខ្លាំងវៀតណាម​ បានចាត់ឲ្យឧបនាយករដ្ឋមន្រ្តីវៀណាមទទួល​ពាណិជ្ជកម្ម​ ចរចាជាមួយភាគីអាមេរិក លើកិច្ចព្រមព្រៀងនៃអត្រាពន្ធគយ​។ ​អគ្គលេខាធិការបក្ស​កុម្មុនិស្ត​សង្គម​និយម​វៀតណាម បានបន្ថែមទៀតថាលោកចង់ជួបលោក ដូណាល់​ ត្រាំ នៅចុងខែឧសភាខាងមុខ ដើម្បីសម្រេចកិច្ចការនេះ។

ឆ្លើយតបនឹងសំណើ​ នៅថ្ងៃសុក្រ ទី៤ មេសា លោក ដូណាល់ ត្រាំ បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក តូ ឡិម ហើយអះអាងថាការសន្ទនារវាងថ្នាក់ដឹកនាំទាំងពីរទទួលបានផ្លែផ្កាល្អ។ ក៏​ប៉ុន្តែចៅហ្វាយ​សេតវិមាន​ មិនបានទម្លាយឲ្យដឹងលម្អិតពីលទ្ធផលនៃកិច្ចសន្ទនានេះឡើយ។ តែមេដឹកនាំអាមេរិក​បានបញ្ជាក់ថា ការដំឡើងពន្ធលើទំនិញវៀតណាមនាំចូលអាមេរិក ៤៦% ពីព្រោះរដ្ឋាភិបាលទីក្រុងហាណូយយកពន្ធលើទំនិញអាមេរិកនាំចូលវៀតណាម​ រហូតដល់ ៩០% ដែលមានទំហំទឹកប្រមាណ ១២៣,៥ ពាន់លានដុល្លារ។

បើទោះបីជាវៀតណាមប្រឈមនឹងបញ្ហាដំឡើងពន្ធគយរបស់អាមេរិក នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មីញជីញ បានដាក់គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន ចំនួនប្រមាណ ៨%។ ដើម្បីអាចសម្រេចគោលដៅនេះបាន រដ្ឋាភិបាលទីក្រុងហាណូយត្រូវការកំណើនសេដ្ឋកិច្ច យ៉ាងហោចណាស់ចន្លោះពី ៨,២% ទៅ ៨,៤% សម្រាប់បីត្រីមាសបន្ទាប់ នៅឆ្នាំនេះ។

ទិន្នន័យស្ថិតិផ្លូវការរបស់ក្រសួងហិរញ្ញវត្ថុវៀតណាមបង្ហាញថា ការនាំចេញរបស់វៀតណាមទៅបរទេស បានកើនឡើងពី ៧,៩% នៅត្រីមាសទី៤ ឆ្នាំ២០២៤ ទៅ ១០,៦% នៅត្រីមាសទី១ ឆ្នាំ២០២៥។​ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ផលិតកម្មឧស្សាហកម្មបានថយចុះ ពី១១,៥% នៅចុងឆ្នាំ២០២៤ មកត្រឹម ៧,៨% នៅដើមឆ្នាំ២០២៥៕​

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI​​ www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 138
ឯកសារពិគ្រោះ : 493
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា