banner1
ក្រុមប្រឹក្សាជាតិតស៊ូស្នើឲ្យអាមេរិកបញ្ចុះការយកពន្ធទំនិញពីកម្ពុជាឲ្យទាបបំផុត

 8-មេសា-2025

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​របស់ លោក សម រង្ស៊ី សរសេរ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ២០២៥ ដោយ​ស្នើ​ឲ្យ លោក ដូណាល់ ត្រាំ ប្រធានា​ធិបតី​អាមេរិក​បញ្ចុះការ​យក​ពន្ធ​ទំនិញ​របស់​កម្ពុជា ​ដែល​នាំ​ទៅ​ទីផ្សារ​អាមេរិក​ឲ្យបាន​ទាប​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ បើតាម​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ ការ​តម្លើង​ពន្ធ​របស់​រដ្ឋបាល​អាមេរិក​ចំនួន ៤៩​ភាគ​រយ ​លើ​ទំនិញ​របស់​កម្ពុជា ដែលត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃទី​៩ មេសា ខាង​មុខ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា ប្រឈម​វិបត្តិ​ដួល​រលំ បណ្តាល​ឲ្យពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​បាត់​បង់​ការ​ងារ និង​មនុស្ស​រាប់​សែន​គ្រួសារ​ជួប​គ្រោះ​ទុរ​ភិក្ស​។

ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ © AKP

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៦ ខែ​មេសា ពីទីក្រុងប៉ារីស ​ប្រទេស​បារាំង ក្រុម​ប្រឹក្សាជាតិ​តស៊ូ បាន​រំឭក​ថា នៅក្រោម​ជំនួយ​របស់​អាមេរិក​ ដែល​បង្ហូរ​ចូល​មក​កម្ពុជា​ជាង​៣០​ឆ្នាំ ទាំង​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​(GSP) និង​ជំនួយ​ឥត​សំណង​ប្រមាណ​ ១០០​លាន​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​មាន​ជីវភាព​ធូរធា ប៉ុន្តែបែរ​ជា​នៅ​តែ​យ៉ាប់​យឺន​ទៅវិញ ​ក្រោម​ការ​ដឹក​នាំ​របស់​នាយករដ្ឋ​មន្រ្តី គ្រួសារ​បក្ខ​ពួក​និយម​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ៩០% កាន់​តែ​ធ្លាក់​ខ្លួន ជំពាក់​បំណុល​វ័ណ្ឌក ​បន្ទាប់ពី​គណបក្ស​ប្រឆាំង​ដែលជា​កម្លាំង​នយោបាយ​តាម​ដាន​ការ​ប្រតិបត្តិ​របស់​រដ្ឋាភិបាល ត្រូវ​បាន​រំលាយ​តាំងពី​ឆ្នាំ​២០១៧ ។

ដោយ​ទទូច​សុំ​ឲ្យរដ្ឋបាល​អាមេរិក​បញ្ចុះពន្ធ​លើទំនិញ​នាំចូល​ពី​កម្ពុជា ក្រុម​ប្រឹក្សាជាតិ​តស៊ូ​របស់ លោក សម រង្ស៊ី ក៏​ឆ្លៀត​ភ្ជាប់​រឿងនេះ​ទៅនឹង​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ផងដែរ​។ ក្រុម​ប្រឹក្សាជាតិ​តស៊ូ បានទទូច​ឲ្យ​រដ្ឋបាល លោក ដូណាល់ ត្រាំ អាណិត​ស្រឡាញ់​ដល់​ពលរដ្ឋ​ខ្មែរ ហើយថា​សហរដ្ឋ​អាមេរិក​គួរតែ​ដាក់​លក្ខ​ខណ្ឌជា​អាទិភាព​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យស្តារ​លទ្ធិប្រជាធិប​តេយ្យឡើង​វិញ ដោយ​ដោះលែង​អ្នក​នយោបាយ​ទាំង​អស់ និង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​រួម​បោះឆ្នោត​ឃុំ សង្កាត់ នៅ​ឆ្នាំ​២០២៧ និង​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ២០២៨​។ ​អវត្ត​មាន​របស់​គណបក្ស​ប្រឆាំង​តាំង​ពី​ត្រូវ​បានរំលាយ​កាលពី​ឆ្នាំ​២០១៧ បាន​ធ្វើ​ឲ្យពលរដ្ឋ​ខ្មែរ​ប្រមាណ​៩០% ជំពាក់​បំណុល​ អាច​ឈាន​ទៅ​វណ្ឌករ ដោយសារ​តែ​គ្មានសំឡេង​របស់​បក្ស​ប្រឆាំង​នៅ​ក្នុង​សភា​។​ នេះបើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សាជាតិ​តស៊ូ ដែល​រអ៊ូ​ប្រាប់​ លោក ដូណាល់ ត្រាំ​។

នៅមុន​លិខិត​របស់​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​របស់​លោក ​សម រង្ស៊ី ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក ហ៊ុន ម៉ាណែត ​បាន​ផ្ញើលិខិត​រួច​ហើយ​ទៅកាន់​រដ្ឋបាល លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ដោយ​សុំ​បើក​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិកលើ​ការ​តម្លើង​ពន្ធ ​៤៩% លើទំនិញ​របស់​កម្ពុជា​នាំចូល​អាមេរិក ដែល​ជា​ពន្ធ​ខ្ពស់​ជាង​គេ នៅ​តំបន់​អាស៊ាន​។​ នៅ​ក្នុងពិធី​សម្ពោធ​ស្ពាន​អាកាស​ក្បាល​ថ្នល់ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី៧ ខែ​មេសា ​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា កម្ពុជា​មិន​បាន​នៅស្ងៀម​ចំពោះ​រឿង​នេះ​ទេ គ្រាន់​តែ​មិន​បាន​ផ្សាយ​តាម​ហ្វេស​ប៊ុក​តែ​ប៉ុណ្ណោះ។​ ដោយ​ឆ្លើយតប​ទៅ​កាន់​អ្នក​នយោ​បាយប្រ​ឆាំង នៅ​ក្រៅ​ប្រទេស ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ក្រុម​ការងារ​រដ្ឋាភិបាល​បាន​កោះ​ប្រជុំ​គ្នា និង​ធ្វើការ​ងារ​នេះ អស់​រយៈ​ពេល ​៤១​ម៉ោង មុន​ពេល​ដាក់​លិខិត​ទៅ លោក ដូណាល់ ត្រាំ ដើម្បី​សុំ​ការ​ចរចា​៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFIwww.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 138
ឯកសារពិគ្រោះ : 493
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា