ក្រសួងសេដ្ឋកិច្ចថា ២០២៤ ជាឆ្នាំដែលកម្ពុជាមិនបានចុះកិច្ចព្រមព្រៀងខ្ចីលុយពីចិន
14-មីនា-2025
ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុបានរាយការណ៍ថា ឆ្នាំ២០២៤ គឺជាឆ្នាំ ដែលកម្ពុជាមិនបានចុះកិច្ចព្រមព្រៀងស្នើសុំកម្ចីពីចិនទេ ថ្វីបើចិនជាម្ចាស់បំណុលធំទី១របស់កម្ពុជា ដែលបានចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីក្នុងទំហំ ៣០០លានដុល្លារ នៅឆ្នាំ២០២៣ ក៏ដោយ។ យោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជា ដែលទើបចេញផ្សាយនាថ្ងៃទី១០ ខែមីនា ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២៤ កម្ពុជាជាប់បំណុលចិនចំនួន៣៤% ឬស្មើប្រមាណជាង៤ពាន់លានដុល្លារអាមេរិក។
ចរាចរណ៍ម៉ូតូឡាននៅលើមហាវិថីនរោត្តមឆ្ពោះទៅកាន់វិមានឯករាជ្យ © ASEAN+3 Macroeconomic Research office
មានកម្រាស់៤០ទំព័រ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាបានបង្ហាញថា គ្មានកិច្ចព្រមព្រៀងឥណទានថ្មីណាមួយត្រូវបានធ្វើឡើងរវាងកម្ពុជា និងចិនឡើយក្នុងឆ្នាំ២០២៤ ពោលមានតែកិច្ចព្រមព្រៀងទ្វេភាគីចំនួន ៣ប្រទេសប៉ុណ្ណោះ ដែលបានកត់ត្រា ក្នុងនោះ ប្រទេសកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងផ្តល់កម្ចីឲ្យកម្ពុជាច្រើនជាងគេក្នុងឆ្នាំ២០២៤ ពោលមានចំនួនជាង២៦៤លានដុល្លារ។ រីឯកម្ចីពីជប៉ុនជាប់កម្រិតខ្ពស់ទី២ មានចំនួនជាង២៣៧លានដុល្លារ និងកម្ចីពីបារាំងជាប់កម្រិតខ្ពស់ទី៣ ដែលមានជាង ២០៥លានដុល្លារ។
តែទោះបីជាកម្ពុជាមិនបានស្នើសុំកម្ចីពីចិនក្នុងឆ្នាំ ២០២៤ ក៏ដោយក៏របាយការណ៍នៅតែបង្ហាញថា ចិននៅជាប្រទេសម្ចាស់បំណុលធំទី១ របស់កម្ពុជាដែលមានទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារអាមេរិក ឬស្មើ៣៤% នៃកម្ចីក្រៅប្រទេសសរុបរបស់កម្ពុជា។ លោក អ៊ំ សំអាន មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិយល់ថា ហេតុផលដែលកម្ពុជាមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានជាមួយចិនកាលពីឆ្នាំ ២០២៤ គឺមិនមែនមកពីកម្ពុជាគ្មានតម្រូវការនោះទេ តែមកពីចិនមិនឱ្យកម្ពុជាខ្ចីលុយបន្តទៀត។ ត្រង់ចំណុចនេះត្រូវបានលោក បង្ហាញហេតុផលចំនួន ២ ទី១ អាចមកពីចិនកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងទី២ អាចមកពីកម្ពុជាមិនបានប្រើប្រាស់កម្ចីរបស់ចិនឲ្យមានតម្លាភាព។
លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចមិនបានឆ្លើយតបលើការឡើងរបស់លោក អ៊ំ សំអានទេ និងបានបញ្ជាក់យ៉ាងខ្លីថា លោកធ្លាប់បានបកស្រាយរួចម្តងមកហើយ។ នៅក្នុងវីដេអូមួយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក មាស សុខសេនសាន្តបាននិយាយថា ចិន និងកម្ពុជាមានគម្រោងជាច្រើន ដែលនឹងត្រៀមពិនិត្យ និងឈានដល់ការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរវាងគ្នា ពោលគឺផ្ទុយពីការលើកឡើងរបស់បុគ្គលមួយចំនួនដែលមានចេតនាបំភាន់ស្ថានការណ៍។
តាមរបាយការណ៍បំណុលដដែល គិតត្រឹមឆ្នាំ២០២៤ កម្ពុជាជាប់ជំពាក់បំណុលបរទេសសរុបចំនួន១២,០៣ពាន់លានដុល្លារ ក្នុងនោះ ៩៩% ឬស្មើប្រមាណ១១,៩២ពាន់លានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង១%ទៀតដែលស្មើនឹង១១៥លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស។ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ចចាត់ទុកកម្រិតបំណុលរបស់កម្ពុជាថាមិនទាន់ហានិភ័យទេ។ តែលោកផ្តល់ជាយោបល់ថា ដើម្បីអាចឱ្យកម្ពុជាគ្រប់គ្រងកម្រិតបំណុលជាតិឱ្យបានល្អ រដ្ឋាភិបាលកម្ពុជាត្រូវបន្តការនាំចេញឱ្យបានច្រើន បន្តទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគពីបរទេស ពង្រឹងវិស័យហិរញ្ញវត្ថុ ហើយកម្ពុជាត្រូវផ្តល់អាទិភាពដល់កម្ចីណា ដែលផ្តល់ការប្រាក់ទាប៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ