banner1
ជំងឺមហារីក ​កើន​ឡើងស្ទើរ​ទ្វេ​ដង ​​ក្នុង​ចង្កោមមនុស្ស​អាយុ​ ១៥-៣៩ឆ្នាំ

 14-មីនា-2025

បើ​តាម​ការ​សិក្សា​ទើប​ចេញ​ផ្សាយ​កាលពីសប្តាហ៍​មុន គ្រោះ​កើត​​ជំងឺ​មហារីក​ប្រមាណ​៦​ប្រភេទ បានកើន​ឡើង​គួរ​ជា​ទីព្រួយ​បារម្ភ​បំផុត​ និង​នៅ​ទូទាំង​ពិភពលោក ក្នុង​ចង្កោមមនុស្ស​ជា​​ក្មេង​ជំទង់ និងមនុស្ស​ធំអាយុ​ក្រោម​៤០​ឆ្នាំ​ ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ​២០០០ ​ដល់​ឆ្នាំ​២០១៩។ ហេតុអ្វី​បាន​ជា​ជំងឺ​មហារីកកើន​ឡើង​ខ្លាំងយ៉ាង​ដូច្នេះ?

ជំងឺ​មហារីក​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជំងឺមួយ​ ដែល​មាន​កើត​ជា​ញឹកញាប់​លើ​​មនុស្ស​ចាស់​ ដោយហេតុ​តែ​កត្តា​ជីវសាស្ត្រ​ បរិសា្ថន និង​របៀបរបប​រស់​នៅ។ នៅ​ពេល​មនុស្ស​មាន​អាយុ​កាន់​តែ​ច្រើន កោសិកា​ក៏​ចាស់​ទ្រុឌទ្រោម​ ងាយ​​បែក​ខ្ញែក ដែល​ធ្វើ​ឱ្យ​​កោសិកាងាយរង​ការ​​បំប្លែង​ និង​ងាយ​រង​គ្រោះ​កើត​មហារីក។ ហេតុដូច្នេះហើយ​បាន​ក្រុម​គ្រូពេទ្យ​ឯកទេស​ជំងឺ​មហារីក តែងភ្ជាប់តាំងពី​យូរ​មក​ហើយ​ករណី​​ជំងឺ​មហារីក​លើ​មនុស្ស​វ័យ​ក្មេង ទៅនឹង​កត្តា​ពូជ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​​ទោះ​បី​គ្មាន​​ហ្សែនមហារីក​​ពី​កំណើត មិន​​ធាត់ ហាត់​កីឡា​ជា​ប្រចាំ សកម្ម និងខ្លះ​ប្រុងប្រយ័ត្ន​រឿង​​ទទួលទាន​អាហារ​ផង​ ក៏​អាច​កើត​ជំងឺ​មហារីក​បាន​ដែរ និង​​ក្នុង​ចំនួន​ដ៏​ច្រើន​គួរ​ឱ្យ​ព្រួយ​បារម្ភ។ ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​អ្នក​ជំងឺ​មហារីក​វ័យ​ក្រោម​៤០​ឆ្នាំ​បានកើន​ឡើង​ស្ទើរ​ទ្វេដង នៅ​លើ​ពិភពលោក។

ការ​សិក្សា​ថ្មី​មួយ​ទើប​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​ BMJ Oncology បាន​បង្ហាញ​ថា​ គ្រោះ​កើត​ជំងឺ​មហារីក​ក្នុង​ចំណោម​មនុស្ស​ធំ​ពេញ​វ័យ​អាយុ​ក្រោម​៥០​ឆ្នាំ​ បាន​កើនឡើង​​នៅ​ទូទាំង​ពិភពលោក ក្នុង​កំរិត​៧៩% នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៩០ ទៅ​ឆ្នាំ​២០១៩ ហើយ​អត្រា​មរណភាព​ដោយ​ជំងឺមហារីក​ ក្នុង​ចង្កោម​អ្នក​ជំងឺ​វ័យ​ក្មេង (ក្រោម៥០ឆ្នាំ)នេះ ក៏​បាន​កើន​ឡើង​២៨%​ដែរ។ នេះ​បើ​តាម​ការ​សិក្សា​ដដែល ដែល​វិភាគ​លើ​ជំងឺ​មហារីក​ចំនួន​២៩ប្រភេទ នៅក្នុង​២០៤​ប្រទេស​នៅលើ​ផែន​ដី។ ដូច​គ្នា​នេះ​ដែរ របាយការណ៍មួយ​ទៀត ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​The Lancet Public Health បាន​អះអាង​ថា នៅ​សហរដ្ឋ​អាមេរិក​មាន​​ជំងឺ​មហារីក​ចំនួន​១៧​ប្រភេទ បាន​កើន​ឡើង​ជា​លំដាប់​ពីមួយ​ទសវត្សរ៍​​ទៅ​​មួយទសវត្សរ៍ តែច្រើន​ខ្លាំង​​ជា​ពិសេស​ចំពោះ​ក្រុម​មនុស្សកើត​នៅ​រវាង​ពី​ឆ្នាំ​១៩៦៥​ ដល់​ ១៩៩៦។ ឯរបាយការណ៍​អាមេរិក​ បាន​គូស​បញ្ជាក់​ថា អត្រា​កើត​ជំងឺ​មហារីក​សុដន់​លើ​ស្ត្រី​ស្បែក​ស​អាយុ​ក្រោម​៥០​ឆ្នាំ​ បាន​កើន​ឡើង​១,៤% ​ក្នុង​មួយ​ទល់​នឹង ​០,៧% ​ចំពោះ​ស្ត្រី​អាយុ​លើស​ពី ​៥០ឆ្នាំ ឡើង​ទៅ នៅ​អំឡុង​ឆ្នាំ​២០១២​ទៅ​ឆ្នាំ​២០២១។

ចំណែក​ការ​សិក្សា​បារាំង ​ចេញ​ផ្សាយ​នៅថ្ងៃទី​៣ ​ខែ​មីនា ​២០២៥​នេះ បានលម្អិត​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់ ​​អំពី​កំណើន​នៃករណីកើត​ជំងឺ​មហារីក​លើ​ពពួក​មនុស្ស​វ័យ​ក្មេង​ អាយុ​ពី​១៥ ទៅ​ ៣៩ឆ្នាំ ដែល​ក្នុង​វ័យ​នេះ កម្រ​មាន​កើត​ជំងឺមហារីក​ណាស់​ពី​មុន​មក បើ​ប្រៀប​ធៀប​ទៅ​នឹង​មនុស្ស​ចាស់។

អាជ្ញាធរ​សុខ​ភាព​សាធារណៈ​បារាំង​ បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ផ្សព្វផ្សាយ​ជា​លើក​ទីមួយ​ ទិន្នន័យ​នៃ​ចំនួន​អ្នក​កើត​ជំងឺ​មហារីក​នៅក្នុង​ប្រទេស​ ក្នុង​រយៈ​ពេលពីរ​​ទសវត្សរ៍​ចុងក្រោយនេះ។ នៅចន្លោះ​ពី​ឆ្នាំ​២០០០ដល់​ឆ្នាំ​២០២០ មាន​ពលរដ្ឋ​បារាំង​អាយុ​ពី​១៥​ទៅ​៣៩​ឆ្នាំ​ចំនួន២៤%​ ឬ​ត្រូវ​ជា​ជិត​មួយ​ភាគ​បួន​នៃ​ប្រជាជន​សរុប មាន​ផ្ទុក​ជំងឺ​មហារីក។

កំណើន​ជំងឺ​មហារីកដ៏​​​គួរ​ឱ្យ​ព្រួយ​បារម្ភជាង​គេ មានបី​​ប្រភេទ គឺ​ជំងឺមហារីក​សុដន់​ ពោះវៀនធំ និង​លំពែង ព្រមទាំង​មហារីក​ខួរក្បាល ឬតម្រងនោម​។ ជំងឺ​មហារីក​ខួរក្បាល​កើន​៦,១១%​ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំៗ ​៤,៥១%​ សម្រាប់​ជំងឺ​មហារីក​តម្រង​នោម ឬ​មហារីក​សុដន់​១,៦០% និង​មហារីក​ពោះវៀន ១,៤៣%។ នេះ​ជា​តូលេខ​នៃកំណើន​ជំងឺមហារីក ​នៅ​ក្នុង​ប្រទេស​បារាំង ផ្តល់​ដោយ​អាជ្ញាធរ​សុខភាព​សាធារណៈ ដោយ​បញ្ជាក់​ថា​ពលរដ្ឋ​បារាំង​កើត​ក្នុង​ទសវត្សរ៍​ឆ្នាំ​៩០ និង​ក្រោយ​៩០​​ មាន​ហានិភ័យលូតលាស់​ជំងឺ​មហារីក​ពោះវៀនធំ កើន​ឡើង​៣,៦ និ​ង​ជំងឺ​មហារីក​លំពែង​២,៥។​ ចំពោះ​ស្ត្រីភេទ មហារីក​សុដន់ និង​ក្រពេញ​ទីរ៉ូអ៊ីន ព្រម​ទាំង​មហារីក​ស្បែក​មេឡានូម មាន​ច្រើន​ញឹកញាប់​ជាង​គេ។ ចំពោះ​បុរស​វិញ គឺ​ជំងឺ​មហារីក​ពងស្វាស ក្រពះពោះវៀន និង​តម្រង​នោម។

លទ្ធផល​នៃ​ការ​​សិក្សា​បារាំង និង​អាមេរិក​ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នាណាស់។ សម្រាប់​ការ​សិក្សា​អាមេរិក ​ជំងឺ​មហារីក​កើតលើ​មនុស្ស​ក្មេង ​ដែលកើន​ឡើង​លឿន​ខ្លាំង​ជាង​គេ គឺ​ជំងឺ​មហារីក​ប្រព័ន្ធរំលាយ​អាហារ (ពោះវៀន បំពង់អាហារ ថ្លើម …) ក្រពេញកូនកណ្តុរទីរ៉ូអ៊ីត សុដន់ និង​តម្រងនោម។ នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៩០ ​ដល់​ឆ្នាំ​២០១៩ អត្រា​ជំងឺ​មហារីក​បាន​កើន​ស្ទើរ​ទ្វេដង (+៧៩%) ក្នុង​ចង្កោម​ប្រជាពលរដ្ឋ​អាយុ​ក្រោម​៥០ឆ្នាំ នៅ​លើ​ពិភពលោក។ នេះ​បើ​តាម​ការ​សិក្សា​ដ៏​ធំ​ទូលាយ​របស់ស្ថាប័ន​ជំនាញ​ជំងឺ​​មហារីក​អាមេរិក កាលពី​ឆ្នាំ​២០២៣ ដែល​បញ្ជាក់​ថា បាតុភូត​នេះ​លេច​ឡើង​ខ្លាំង​នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍ។

តើ​អ្វី​ជា​មូលហេតុ​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​ជំងឺមហារីក​ទាំងអស់​នេះ? 

ចម្លើយដ៏​ស្មោះ​ត្រង់​​ដំបូង​គេ គឺ​អ្នក​ស្រាវជ្រាវ​មិន​ទាន់​ដឹង​ប្រាកដ​អំពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​មនុស្ស​នៅ​ក្មេង​សោះ​អាច​កើត​ជំងឺ​មហារីកទេ។ សម្រាប់​អាជ្ញាធរ​សុខភាព​សាធារណៈ​បារាំង គេ​ចាំបាច់​ត្រូវ​មាន​សិក្សា​ថ្មី​ ដើម្បី​បាន​យល់​និង​ដឹង​ច្បាស់​អំពី​កត្តា​ហានិភ័យ​នៃ​គ្រោះ​កើត និង​ផ្ទុះ​​ជំងឺ​មហារីកខ្លាំង​ដូច​បាន​សង្កេត​ឃើញ​នាពេល​នេះ  និង​ដើម្បី​ពង្រឹង​​វិធានការពារ។

ចម្លើយ​ទីពីរ គឺ​ដើមហេតុ​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក។ តើ​ជា​មហារីក​អ្វី ព្រោះ​ដើម​ហេតុ​នាំ​ឱ្យ​កើត​ជំងឺ​មហារីក​មិន​ដូច​គ្នា​ទាំងអស់​ទេ។ ​​ម្យ៉ាង​ទៀត បើ​ជា​ចម្លើយ​បែប​ទូទៅ សំដៅ​លើ​ជំងឺ​មហារីក​ជា​រួម និង​ដោយ​ខ្លី​វិញ ​កត្តា​​ធំជាង​គេ​បំផុត​​ដែល​នាំ​ឱ្យ​កើត​ជំងឺ​មហារីក មាន​ពីរ​ គឺ​ចំណី​​អាហារ និង​ជាតិ​ពុល។

របប​អាហារ​សម្បូរ​ជាតិ​សាច់​សត្វ​ចតុប្បាទសាច់​ក្រហម​ (សាច់​គោ សាច់​ជ្រូក សាច់​ចៀម…) អាហារ​ប្រៃ​ ខ្សត់​ជាតិ​បន្លែ​ផ្លែឈើ​ និង​ខ្សត់​ជាតិ​ទឹក​ដោះ​ ព្រមទាំង​ការ​ទទួល​ទាន​ជាតិ​សុរា និង​ជក់​បារី ជា​ ជនជាប់​ចោទចម្បង​គេ។ ទទួល​ទាន​អាហារមិន​ត្រឹម​ត្រូវ​​ ធ្វើ​ឱ្យ​មនុស្ស​មាន​ជំងឺ​ធាត់ ដែល​ជា​កត្តា​ហានិភ័យ​ជាប់​សង្ស័យ​ថា ​នាំឱ្យ​​មាន​កំណើន​ជំងឺ​មហារីក១៥​មុខ មាន​ជាអាទិ៍​ជំងឺមហារីក​​ប្រព័ន្ធ​រំលាយ​អាហារ ពោះវៀន​ធំ​ ព្រមទាំង​ជំងឺ​មហារីក​តម្រងនោម។ ជា​ឧទាហរណ៍​ ​ប្រទេស​បារាំង រាប់​ឃើញ​មាន​ករណី​ជំងឺ​មហារីក​ចម្បង​ទាំង​បី​ខាង​លើ ៩,២% ក្នុង​ចំណោម​មនុស្ស​អាយុ​១៨ ទៅ ​២៤​ឆ្នាំ ១៣,៨%​នៃ​មនុស្ស​អាយុ​ខ្ទង់​២៥ ទៅ​ ៣៤​ឆ្នាំ​ និង​១៦,៧%​នៃ​អ្នក​មានអាយុ​៣៥-៤៤​ឆ្នាំ។ អង្គការ​សុខភាពពិភពលោក ចង្អុល​មុខ​ជំងឺធាត់​ជ្រុល​ថា ​មាន​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​បំផុត​នឹង​ជំងឺ​មហារីក ព្រោះ​តែ​វា​បង្ក​ឱ្យ​មាន​កា​ររលាក​និង​បម្រែបម្រួល​អរមូន។ អាហារ​ខ្លះ​ទៀត​ ដូច​ជា​ពពួក​អាហារ​កែច្នៃ​ខ្លាំង អាហារ​បែប​ឧស្សាហកម្ម អាច​មិន​ផ្តល់​រោគ​សញ្ញាជា​ជំងឺ​​ធាត់មែន តែ​ក៏​បង្កើន​គ្រោះកើត​​ជំងឺមហារីក​មួយ​ចំនួន​ផ្សេង​ទៀតបានដែរ។ ​ទទួល​ទាន​អាហារ​កែច្នៃឡើង​១០% គ្រោះ​កើត​ជំងឺ​មហារីក​ឡើង​១០%​ដែរ។

កត្តា​បរិស្ថានពុល ជាតិ​ពុល​គីមី ថ្នាំ​សម្លាប់​សត្វ​ល្អិត​ និង​ ជាពិសេស​ជាតិ​ប្លាស្ទិក​ សុទ្ធ​សឹង​ជា​ប្រភព​​​នាំ​ទៅ​រក​​ជំងឺ​មហារីក​ដែរ។ របស់​របរ​ធ្វើ​ជ័រ​ប្លាស្ទិក​ ដូច​ជា​ដប​ទឹក ថង់ ស្បោង ប្រអប់​ស្នោ​ ប្រអប់ ​វែក​បាយ វែក​ឆាជ័រដ៏​ស្រាល​ស្រួលប្រើ តែង​បញ្ចេញ​ជាតិ​ពុលមីក្រូប្លាស្ទិក​ នៅ​ពេល​ត្រូវ​ក្តៅ​ ត្រូវ​ភ្លើង​ ដាច់​ឆ្កូត។ ជាតិ​មីក្រូប្លាស្ទិក​ នឹង​សាយ​ភាយ​ឆ្លង​ទៅ​ក្នុង​អាហារ។ មាន​ន័យ​ថា​យើង​កំពុង​ទទួល​ទាន​ជាតិ​ប្លាស្ទិក​ចូល​ទៅ​ក្នុង​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ដោយ​មិន​ដឹង​ខ្លួន។ ពិភពអ្នក​​វេជ្ជសាស្ត្រ​ និងអ្នក​​វិទ្យាសាស្ត្រ​​បាន​យល់​និង​ដឹង​ថា​ មីក្រូ​ប្លាស្ទិក​អាច​ជះ​​ឥទ្ធិពល​លើ​ប្រព័ន្ធ​អង់ដូគ្រីនរបស់​មនុស្ស​ ដោយ​ធ្វើ​មាន​ជំងឺ​ធាត់​ជ្រុល ជំងឺ​សម្ពាធ​ឈាម ជំងឺ​ទឹកនោម​ផ្អែម​ ជំងឺ​មហារីក​សុដន់។

​ជា​សរុប​ទៅ ការ​​ប្រឈម​នឹង​ជាតិ​ពុលគីមី​យ៉ាង​ច្រើន ​រំខាន​ដល់​ប្រព័ន្ធ​អរមូន​អង់ដូគ្រីន ដែល​មាន​នៅក្នុង​ស្ទើរ​គ្រប់​មុខ​រាប់​តាំងពី​គ្រឿង​សំអាង ដល់​សម្លៀក​បំពាក់ បូក​ផ្សំ​នឹងការ​ទទួល​ទាន​​ចំណី​អាហារ​មហាកែច្នៃ​ មាន​ជាតិ​ពុលគីមី ជាតិ​ពុល​​ប្លាស្ទិក មិន​សូវ​មាន​បន្លែផ្លែ​ឈើ ហើយ​ស្ពឹក​ស្រពន់​មិន​បញ្ចេញ​កម្លាំង​កាយ​សម្បទា និងអាការៈ​ធាត់ ជា​ល្បាយ​ដ៏​ប្រពៃ​នៃ​ការ​បង្កើន​គ្រោះ​កើត​ជំងឺ​មហារីក សម្រាប់​មនុស្ស​វ័យ​ក្រោម​៤០​ឆ្នាំ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 138
ឯកសារពិគ្រោះ : 469
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា