កម្ពុជា កំណត់យកទីតាំងឧក្រិដ្ឋកម្ម៣កន្លែង នៅក្នុងរបបខ្មែរក្រហមជា«បូជនីយដ្ឋានចងចាំនៃកម្ពុជា»
10-មីនា-2025
ទីតាំងឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហមចំនួន៣កន្លែង ត្រូវបានកំណត់ជាទីតាំងបូជនីយដ្ឋានចងចាំនៃកម្ពុជា ដើម្បីរំឭកខួប៥០ឆ្នាំនៃចំណុចចាប់ផ្តើមរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានធ្វើឲ្យប្រជាជនកម្ពុជារងទុក្ខវេទនាអស់រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ទីតាំងចំនួន៣កន្លែង ដែលត្រូវកំណត់ជា«ទីតាំងបូជនីយដ្ឋានចងចាំ» រួមមានអតីតមន្ទីរឃុំឃាំង១៣ ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងរាជធានីភ្នំពេញ។
មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក © CEGC
ក្រសួងវប្បធម៌គូសបញ្ជាក់ថា ការរៀបចំឯកសារដាក់ទីតាំងទាំង៣នេះជា«ទីតាំងបូជនីយដ្ឋានចងចាំ» គឺដោយសារកត្តាប្រវត្តិសាស្ត្រមានទំនាក់ទំនងគ្នា (អំពើហិង្សា ការធ្វើទារុណកម្ម និងការកាប់សម្លាប់)។ អំពើឧក្រិដ្ឋកម្មទាំងនេះ បានកើតឡើងជាប្រព័ន្ធ និងមានការគ្រោងទុកជាមុន តាំងពីទសវត្សរ៍១៩៧០ ពិសេសនៅគ្រាដែលបង្កើតមន្ទីរ១៣។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ ទីតាំងឧក្រិដ្ឋកម្មប្រវត្តិសាស្ត្រទាំង៣នេះ មានចែងនៅក្នុងព្រះរាជក្រឹត្យ ស្តីពីការបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ព្រះរាជក្រឹត្យមានគោលបំណងគាំទ្រដល់ដំណើរការរៀបចំទីតាំងទាំង៣ សម្រាប់ចុះក្នុងបញ្ជីជាបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ក្រសួងវប្បធម៌បានបញ្ជាក់ដែរថា ទីតាំងប្រវត្តិសាស្រ្តខាងលើបានជាប់ក្នុងបញ្ជីត្រៀមនៃអង្គការយូណេស្កូនៅឆ្នាំ២០២០ ហើយនៅខែមករា ឆ្នាំ២០២៤ ក្រសួងវប្បធម៌កម្ពុជា បានដាក់ឯកសារស្នើសុំផ្លូវការ ក្រោយពីមានការឯកភាពពីអន្តរក្រសួងចំនួន១០ រួមទាំងរាជធានីខេត្តចំនួន៣ដែលពាក់ព័ន្ធ ដូចជារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។
រដ្ឋាភិបាលកម្ពុជាកំណត់ទីតាំងទាំង៣នេះ ជាបូជនីយដ្ឋានចងចាំនៃកម្ពុជា នៅក្នុងគោលបំណង៣។ ទី១ ការពារ និងអភិរក្សវត្ថុតាង និងឯកសារប្រវត្តិសាស្ត្រទាំងឡាយទុកជាមេរៀន ចងចាំ និងទប់ស្កាត់ការកើតឡើងវិញនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ទី២ ការពារបរិស្ថាន ការពារទេសភាពប្រវត្តិសាស្ត្រ និងធនធានក្នុងតំបន់នោះដោយការអភិវឌ្ឍប្រកបដោយចីរភាព និងទី៣ បង្កើនការយល់ដឹង ការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ការផ្សះផ្សារជាតិ និងសន្តិភាព។
បើតាមក្រសួងវប្បធម៌ កម្ពុជាបានចុះបញ្ជីទីតាំងចំនួន៤រួចហើយ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួមមានរមណីយដ្ឋានអង្គរវត្ត ប្រាសាទព្រះវិហារ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានប្រាសាទកោះកេរ។ ទាក់ទងនឹងគម្រោងចុះបញ្ជីបូជនីយដ្ឋានចងចាំនៅកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រសួងវប្បធម៌បានពន្យល់ថា វាជាទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេនៅកម្ពុជា ដែលមិនមែនជាបុរាណដ្ឋាន ហើយក៏ជាទីតាំងដំបូងគេក្នុងពិភពលោក ពីក្នុងចំណោមបណ្តាទីតាំងឧក្រិដ្ឋកម្មបន្សល់ពីសម័យសង្គ្រាម៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ