ក្រសួងសុខាភិបាលកម្ពុជាបានកត់ត្រានៅក្នុងរបាយការណ៍ពីចំនួនអ្នកកើតជំងឺមហារីកព្យាបាលនៅក្នុងមន្ទីរពេទ្យកម្ពុជាក្នុងឆ្នាំ២០២៤ ដែលមានសរុបជាង ៣១០០០នាក់ ពោលកើនឡើង ៨៧ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ តាមរបាយការណ៍ ប្រភេទជំងឺមហារីក ដែលមកទទួលការព្យាបាលច្រើនជាងគេគឺ មហារីកសុដន់ និងមហារីកមាត់ស្បូន។
របាយការណ៍របស់ក្រសួងសុខាភិបាល ដែលបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២៤ នាថ្ងៃទី៣ មីនា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤ អ្នកជំងឺមហារីកសរុបចំនួន ៣១ ៥១៨នាក់ បានទទួលការព្យាបាលនៅមន្ទីរពេទ្យកម្ពុជា ក្នុងនោះ មាន ១២៧នាក់ បានទទួលមរណៈភាព។ តាមរបាយការណ៍ ចំនួនអ្នកជំងឺមហារីកដែលព្យាបាលនៅក្នុងមន្ទីរពេទ្យកម្ពុជាក្នុងឆ្នាំ ២០២៤ បានកើនឡើងចំនួន ៨៧.៤២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ ក្រសួងសុខាភិបាលបានកត់ត្រាឃើញទៀតថា ក្នុងចំណោមអ្នកកើតជំងឺមហារីកដែលទទួលបានការព្យាបាលនៅកម្ពុជាក្នុងឆ្នាំ ២០២៤ ប្រភេទជំងឺមហារីកដែលច្រើនជាងគេគឺ មហារីកសុដន់ និងមហារីកមាត់ស្បូនដែលមានសរុបជិត ៣២ភាគរយនៃអត្រាអ្នកជំងឺមហារីកសរុប។
តាមរបាយការណ៍ដដែល ក្នុងឆ្នាំ២០២៤ ក្រសួងសុខភិបាលបានចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ ៩ឆ្នាំ ដោយឥតគិតថ្លៃសរុបចំនួន ៩៥.៧៧ ភាគរយ ក្នុងចំណោមកុមារីអាយុ ៩ឆ្នាំនៅកម្ពុជា។ សម្រាប់ជំងឺមហារីកសុដន់វិញ ក្រសួងសុខាភិបាលក៏បានដាក់ចេញនូវយន្តការអប់រំតាមសហគមន៍ស្តីពីជំងឺមហារីកសុដន់ តាមរយៈការលើកទឹកចិត្តឱ្យស្រ្តីចេះពីរបៀបពិនិត្យរករោគសញ្ញាដោយខ្លួនឯងឱ្យបានទៀតទាត់ និងទៅទទួលការពិនិត្យ និងស្វែងរករោគវិនិច្ឆ័យពីគ្រូពេទ្យជំនាញជាដើម។ ថ្លែងនៅក្នុងពិធីបើកសន្និបាតសុខាភិបាលនាថ្ងៃទី៣ មីនា លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលអះអាងពីការប្តេជ្ញាចិត្តបន្តពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជាឱ្យបានកាន់តែល្អប្រសើរឡើង ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅឆ្នាំ ២០៣០។
តាមលោក ឈាង រ៉ា វិស័យសុខាភិបាលកម្ពុជាចាំបាច់ត្រូវតែពង្រឹងសមត្ថភាព និងតាមដានការអនុវត្តការងាររបស់មន្ត្រីជំនាញ ព្រមទាំងត្រូវបន្តពង្រឹងសេវាសុខាភិបាលឱ្យកាន់តែល្អ និងមានគុណភាពសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។ ក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ថា ចំនួនពលរដ្ឋខ្មែរដែលងាកមកប្រើប្រាស់សេវាសុខាភិបាលក្នុងស្រុកបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ និងថា ចំនួននេះបង្ហាញពីការរីកចម្រើនវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។ ការត្រឡប់មកប្រើប្រាស់សេវាសុខាភិបាលក្នុងស្រុកវិញរបស់ពលរដ្ឋត្រូវបានក្រសួងសុខាភិបាលពន្យល់ថា គឺដោយសារមានការគ្របដណ្តប់សេវាសាធារណៈផ្សេងៗដូចជាបណ្ណសមធម៌ និងបណ្ណ ប.ស.ស ជាដើម៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com