ធនាគារជាតិថា ទំហំកម្ចីក្នុងប្រព័ន្ធធនាគារកើនជិត៦០ពាន់លានដុល្លារនៅឆ្នាំ២០២៤ កើន៣ភាគរយ
4-មីនា-2025
ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានរាយការណ៍ថា ក្នុងឆ្នាំ២០២៤ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់ឥណទាន(ប្រាក់កម្ចី)ឱ្យទៅអតិថិជនប្រមាណ៥៩.៩ពាន់លានដុល្លារអាមេរិក ពោលកើនឡើង៣% ខណៈទំហំឥណទានកាលពីឆ្នាំ២០២៣មានប្រមាណ ៥៧.៦ពាន់លានដុល្លារ។ បើតាមធនាគារជាតិ ទំហំឥណទានដែលវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុផ្តល់ឱ្យអតិថិជន អាចមានកំណើនបន្ថែមទៀតក្នុងឆ្នាំ២០២៥នេះ ក្នុងក្តីរំពឹងទុក៦%។
ធនាជាតិនៃកម្ពុជា
លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាថ្លែងថា ការផ្តល់ឥណទានរបស់ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តកើនឡើង ថ្វីបើមានល្បឿនយឺតជាងមុនបន្តិច តែអាចចាត់ទុកថា ជាផលវិជ្ជមាន។ លោកស្រីបានលើកហេតុផលចំនួន២ ដែលធ្វើឱ្យការផ្តល់កម្ចីរបស់ធនាគារទៅអតិថិជនមានភាពយឺតយ៉ាវជាងមុន ទី១ គឺតម្រូវការ និងទី២ គឺការផ្គត់ផ្គង់។
តម្រូវការដែលលោកស្រី ជា សេរី បានលើកឡើងនោះគឺថា វិស័យសំណង់ អចលនទ្រព្យ ទេសចរណ៍ ការលក់ដុំ និងរាយ ពុំសូវមានដំណើរការល្អនោះទេ ដែលជាហេតុធ្វើឱ្យអតិថិជនកាត់បន្ថយការខ្ចីប្រាក់ ខណៈការផ្គត់ផ្គង់វិញ ធនាគារ និងមីក្រូហិរញ្ញវត្ថុកំពុងបង្កើនការប្រុងប្រយ័ត្នផ្តល់ឥណទានចំពោះអតិថិជន ចំពេលស្ថានភាពសេដ្ឋកិច្ចសាកលមានភាពមិនប្រាកដប្រជាខ្លាំង។
ថ្វីបីការផ្តល់ឥណទានក្នុងប្រព័ន្ធធនាគារបានកើនឡើងក៏ដោយ តែវិស័យធនាគារអាចប្រឈមនឹងហានិភ័យមួយចំនួនផងដែរ ដូចជាការធ្លាក់ចុះនូវគុណភាពឥណទាន និងការថមថយលទ្ធភាពស្វែងរកប្រាក់ចំណេញរបស់ធនាគារ ខណៈវិស័យអចលនទ្រព្យអាចជាបន្ទុក និងសម្ពាធខ្លាំងមកលើប្រព័ន្ធធនាគារ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិ។
លោក អំ សំអាត នាយកគ្រប់គ្រងទូទៅនៃអង្គការលីកាដូមើលឃើញពីផលវិជ្ជមានប្រសិនបើធនាគារផ្តល់កម្ចីឱ្យអតិថិជន ដើម្បីពង្រើកអាជីវកម្ម បង្កើនប្រាក់ចំណូល។ ផ្ទុយមកវិញ លោកយល់ថា វាអាចផ្តល់ផលអវិជ្ជមាន ប្រសិនបើធនាគារមិនបានផ្តល់កម្ចីស្របតាមគោលការណ៍ ហើយអតិថិជនប្រើប្រាស់កម្ចីនោះខុសទិសដៅ ដែលញុំាងឱ្យកើតមានវិបត្តិបំណុលវណ្ឌក។ ចំពោះកំណើននៃការផ្តល់ឥណទានរបស់វិស័យធនាគារក៏មិនអាចសបញ្ជាក់ថា ជាភាពរីកចម្រើននៃសេដ្ឋកិច្ចនោះដែរ ព្រោះថាកន្លងមកពលរដ្ឋជាច្រើនបានបង្ខំចិត្តលក់ដី ផ្ទះ និងទ្រព្យសម្បត្តិផ្សេងៗ ដើម្បីយកលុយសងបំណុលត្រឡប់ទៅធនាគារវិញ។
ជាដំណោះស្រាយ លោក អំ សំអាត ស្នើឱ្យស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវមានយន្តការឯករាជ្យមួយ ដើម្បីសិក្សាដោះស្រាយបញ្ហា ដែលពលរដ្ឋកំពុងជួបប្រទះដោយមិនគួរយកយន្តការដែលមានស្រាប់ និងមិនឆ្លុះបញ្ចាំពីបញ្ហារបស់អតិថិជនជាក់ស្តែងមកអនុវត្តនោះទេ។
កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនវិភាគទិន្នន័យឈ្មោះ ៦០ ដេស៊ីបែល(60 Decibels) រកឃើញថា ៣៦% នៃអតិថិជនដែលជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ពួកគេត្រូវកាត់បន្ថយការចំណាយលើថ្លៃម្ហូបអាហារ ដើម្បីសន្សំប្រាក់សងបំណុល ខណៈមានតែ ៦% ប៉ុណ្ណោះដែលអះអាងថា ជីវភាពរបស់ពួកគេមានភាពល្អប្រសើរក្រោយខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ