នាយករដ្ឋមន្ដ្រីវៀតណាម លោក ផាម មីញជីញ បានស្នើឱ្យកម្ពុជា និងវៀតណាមធ្វើការរួមគ្នា ដើម្បីរៀបចំបោះបង្គោលព្រំដែនគោក ដែលនៅសល់ ចំនួន១៦%។ សំណើរបស់មេដឹកនាំវៀតណាមដូចនេះធ្វើឡើងក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជា នៅក្នុងទីក្រុងហាណូយនាថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មានវៀតណាម Vietnam News។
វៀតណាមស្នើឱ្យកម្ពុជាចូលរួមដោះស្រាយការបោះបង្គោលព្រំដែនគោកដែលនៅសល់ ១៦% © Vietnam news
សារព័ត៌មាន Vietnam News បានសរសេរថា នៅក្នុងជំនួបសម្ដែងការគួរសមរវាងលោក ប្រាក់ សុខុន និងលោក ផាម មីញជីញ ភាគីវៀតណាមបានលើកស្នើឱ្យកម្ពុជាធ្វើការរួមជាមួយវៀតណាមក្នុងការបោះបង្កោលខណ្ឌសីមាព្រំដែនគោក ដែលនៅសេសសល់ចំនួន១៦%។ ក្នុងន័យនេះ មេដឹកនាំវៀតណាមបានស្នើឱ្យកម្ពុជាចូលរួមស្វែងរកដំណោះស្រាយ ដែលសមហេតុផល ដើម្បីបិទបញ្ចប់ការបោះបង្គោលនេះឱ្យបានចប់សព្វគ្រប់។ តាម Vietnam News ដដែល ការដែលមេដឹកនាំវៀតណាមស្នើឱ្យកម្ពុជារួមគ្នាដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់នេះ គឺដើម្បីបង្កើតបានជាព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរវាងប្រទេសទាំងពីរ។
គួររម្លឹកថាកាលពីខែតុលា ឆ្នាំ២០១៩ កម្ពុជា និងវៀតណាមបានចុះហត្ថលេខាទទួលស្គាល់លទ្ធផលការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនសម្រេចបាន ៨៤%។ តែការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរនៅសល់ចំនួន ១៦%ទៀត។ លោកស្រី កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអតីតអនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី២៦ កុម្ភៈ យ៉ាងខ្លីថា កត្តាដែលនាំឲ្យកម្ពុជា និងវៀតណាមមិនអាចបោះបង្គោលខណ្ឌសីមាព្រំដែនគោកបានចប់សព្វគ្រប់ និងបន្តដោះស្រាយរហូតមកដល់ពេលនេះ គឺដោយសារតែភាគីទាំងពីមិនទាន់ចុះសម្រុងគ្នានៅចំណុចមួយចំនួនលើទីតាំងជាក់ស្តែង។
គួរជ្រាបថា កម្ពុជា និងវៀតណាមមានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ បច្ចុប្បន្ន ប្រទេសទាំងពីរបានសម្រេចការងារបោះបង្គោលព្រំសីមាបានប្រមាណ ៨៤% និងកំពុងបន្តដោះស្រាយប្រមាណ ១៦% ដែលនៅសេសសល់៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com