banner1
ធនាគារជាតិកម្ពុជាថា អតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦%

 25-កុម្ភៈ-2025

ធនាគារជាតិនៃកម្ពុជាបានរាយការណ៍នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា អតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើង៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤។ ដើមចមនៃកំណើនអតិផរណាក្នុងខែមករា នេះ គឺការឡើងថ្លៃនៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង រួមទាំងម្ហូបអាហារលក់នៅតាមភោជនីយដ្ឋាន។ តែអ្នកជំនាញផ្នែកសេដ្ឋកិច្ចយល់ថា កំណើនអតិផរណា ៦% នេះមិនទាន់ជាក្តីកង្វល់ទេ ព្រោះវានឹងអាចថយចុះវិញក្នុងខែកុម្ភៈ។

អាជីវករលក់ដូរម្ហូបអាហារ © Internet

តួលេខដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញថា អតិផរណាសម្រាប់ខែមករា ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦%។ ក្នុងនោះ មុខទំនិញ ដែលមានកម្រិតអតិផរ ណាកើនលើសពី ៥% មានដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើងកើន១០,៤% អាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹងហក់ឡើង ៧,៨% ការកម្សាន្ត និងវប្បធម៌កើនឡើង ៥,៤% និងម្ហូបអាហារនៅតាមភោជនីយដ្ឋានកើនឡើងចំនួន ៥%។ រីឯមុខទំនិញ ដែលមានកម្រិតអតិផរណាកើនក្រោម ៥% រួមមាន ការសិក្សា ទំនិញ និងសេវាកម្មផ្សេងៗ ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់ ផ្ទះសម្បែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់គ្រួសារ និងការថែទាំផ្ទះជាប្រចាំ សុខាភិបាល និងគមនាគមន៍។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា ការកើនឡើងនូវកម្រិតអតិផរណានាដើមឆ្នាំ២០២៥ នេះ គឺដោយសារសន្ទុះចំណាយលើការចាយវាយអំឡុងចូលឆ្នាំសកល និងចូលឆ្នាំចិន។ តែលោកបណ្ឌិត គី សេរីវឌ្ឍន៍ កត់សម្គាល់ថា ខែមករា ជាខែដែលសេដ្ឋកិច្ចកម្ពុជា បានកម្រើកឡើងវិញ ហើយអាជីវករលក់ដូរអាចរកចំណូលបានច្រើនគួរសម។ ចំណែកក្នុងខែកុម្ភៈវិញត្រូវអ្នកជំនាញសេដ្ឋកិច្ចដដែលរូបនេះប៉ាន់ស្មានថា កម្រិតអតិផរណាអាចនឹងធ្លាក់ចុះទាបជាងមុន ព្រោះសន្ទុះនៃការទិញទំនិញនៅលើទីផ្សារហាក់ថមថយ ពិសេសនៅចំពោះមុខការធ្លាក់ថ្លៃនៃតម្លៃប្រាក់ដុល្លារអាមេរិក។

គួរជម្រាបថា កម្ពុជា គឺជាប្រទេសមួយ ដែលអាចរក្សាស្ថិរភាពនៃអត្រាអតិផរណាក្នុងកម្រិតទាបមួយក្នុងតំបន់ និងនៅលើពិភពលោក ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ពិសេសភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភព លោក។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ កម្ពុជាមានកំណើនអត្រាអតិផរណាត្រឹមតែ ០,៦% ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច ៥,៣%៕

ប្រភពព័ត៌មាន​​ ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 138
ឯកសារពិគ្រោះ : 466
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា