អាមេរិក និងចិន កំពុងតែបោះដៃរកគ្នា ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម
21-កុម្ភៈ-2025
ថ្លែងទៅកាន់ក្រុមអ្នកកាសែតក្នុងយន្តហោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីលទ្ធភាព ក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។ មិនតែប៉ុណ្ណោះ ចៅហ្វាយសេតវិមានអាមេរិកថែមទាំងបានរំឭកអំពីទំនាក់ទំនង«ដ៏ល្អអស្ចារ្យ»ជាមួយប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង កាលពី៥ឆ្នាំមុន ទៀតផង។
ចៅហ្វាយសេតវិមានអាមេរិក ដូណាល់ ត្រាំ ចាប់ដៃគ្នាជាមួយប្រមុខរដ្ឋចិន ស៊ី ជីនពីង កាលពីឆ្នាំ២០១៩ នៅប្រទេសជប៉ុន។ REUTERS – Kevin Lamarque
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងប៉េកាំង មានការប្រកួតប្រជែងគ្នា«តិចតួច» ក៏ប៉ុន្តែ ទំនាក់ទំនងរបស់លោកនិងប្រធានាធិបតីចិន ស៊ី ជីនពីង គឺ«ល្អអស្ចារ្យខ្លាំង»ណាស់។ ចៅហ្វាយសេតវិមានអាមេរិក ក៏មានប្រសាសន៍បញ្ជាក់អំពីលទ្ធភាពចុះកិច្ចកិច្ចព្រមព្រៀមពាណិជ្ជកម្មជាមួយចិន។ ជាមួយគ្នានេះ លោក ត្រាំ បានរំឭកពីចំណងមេត្រីភាពជាមួយលោក ស៊ី ជីនពីង ដែលកាលពីឆ្នាំ២០២០ ប្រទេសទាំង២បានសម្រេចចុះកិច្ចព្រមព្រៀងដ៏អស្ចារ្យ។ នេះបើតាមប្រសាសន៍របស់លោក ដូណាល់ ត្រាំ ដែលត្រូវពួកអ្នកកាសែតជិះក្នុងយន្តហោះប្រធានាធិបតីជាមួយគ្នា ស្រង់សម្តីទៅផ្សាយ នៅថ្ងៃពុធ ទី១៩ កុម្ភៈ។
បើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ក្នុងឆ្នាំ២០២៤ ចិនជាដៃគូពាណិជ្ជដ៏ចម្បងបំផុតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលតំណាងឲ្យជិត ៣០០ ពាន់លានដុល្លារ នៃការដោះដូរពាណិជ្ជកម្មទ្វេភាគី។ មហាសេដ្ឋី ដូណាល់ ត្រាំ ជាមេដឹកនាំអាមេរិកមួយដ៏លេចធ្លោ ដែលឲ្យតម្លៃទៅលើលុយកាក់ និងផលប្រយោជន៍អាមេរិកជាធំចម្បង។ កាលពីអាណត្តិដឹកនាំលើកទី១ រូបលោកបានបំផុសសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ ក៏ប៉ុន្តែ ក្នុងអាណត្តិថ្មីវិញ ប្រសាសន៍របស់លោកនៅពេលនេះ បានបង្ហាញឲ្យឃើញពីការចង់បោះដៃរកចិន ហើយបង្ហាញសញ្ញាចង់សម្រុះសម្រួលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ជាប្រតិកម្មឆ្លើយតបភ្លាមៗ រដ្ឋាភិបាលក្រុងប៉េកាំងគូសបង្ហាញថា សង្គ្រាមពាណិជ្ជកម្ម និងជម្លោះពន្ធគយ គ្មានផ្តល់ផលចំណេញដល់ភាគីណាឡើយ ហើយវាមានតែបំផ្លាញផលប្រយោជន៍ពិភពលោកតែប៉ុណ្ណោះ។ នេះបើតាមលោក Guo Jiankun អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងថ្ងៃព្រហស្បតិ៍ ទី២០ កុម្ភៈ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅក្រុងប៉េកាំង។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះបានខំថ្លឹងថ្លែងពាក្យសម្តីនិងសម្រាលភាពតានតឹង ដោយដាស់តឿនដែរថា ភាគីទាំង២គួរតែត្រូវដោះស្រាយក្តីបារម្ភទាំងឡាយ ដោយឈរលើកិច្ចសន្ទនានិងពិភាក្សាសួរយោបល់គ្នា និងប្រកបដោយស្មារតីស្មើភាព ហើយគោរពគ្នាទៅវិញទៅមក។
ទោះបីជាម្តេចក្តី សហរដ្ឋអាមេរិកនៅមានច្រកផ្លូវដាក់សម្ពាធចិន។ តាមសេចក្តីប្រកាសជាហូរហែ ដើមខែកុម្ភៈ ឆ្នាំ២០២៥ សហរដ្ឋអាមេរិកដំឡើងពន្ធគយ ចំនួន ១០% ចំពោះគ្រប់ទំនិញដែលនាំចូលពីស្រុកចិន។ វិធានការបន្ទាប់ ទីក្រុងវ៉ាស៊ីនតោននឹងដំឡើងពន្ធគយ ចំនួន២៥%បន្ថែមទៀត ចំពោះដែក និងអាលុយមីញ៉ូមរបស់ចិន ឬដៃគូពាណិជ្ជកម្មផ្សេងទៀត។ វិធានការនេះនឹងត្រូវអនុវត្តចាប់ពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ ជាការឆ្លើយតប ចិនប្រកាសវិធានការទប់ទល់អាមេរិក ដោយដំឡើងពន្ធ ១៥% ចំពោះធ្យូងថ្ម និងឧស្ម័នហ្កាស ហើយថែមពន្ធ១០% ចំពោះប្រេង និងគ្រឿងម៉ាស៊ីនកសិកម្ម ព្រមទាំងរថយន្តអាមេរិក។
ទោះម្តេចក្តី ពេលនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yandon បានថ្លែងថា រដ្ឋាភិបាលក្រុងប៉េកាំងអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កុំសង់រនាំងពាណិជ្ជកម្ម និងកុំប្រើចំណាត់ការចាប់បង្ខំនោះឡើយ។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកគួរតែប្តូរចរិតអាក្រក់ ហើយសហការជាមួយប្រទេសដទៃ ដើម្បីដោះស្រាយបញ្ហារួម។ នេះបើតាមមន្ត្រីចិនដដែល៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ