banner1
ចិន រំពឹង​លើ​​​អាពាហ៍ពិពាហ៍​នៃ​​គូស្នេហ៍​ថ្មី ដើម្បីផ្តល់​សន្ទុះ​ដល់​​សេដ្ឋកិច្ចជាតិ

 17-កុម្ភៈ-2025

ថ្ងៃទី​១៤​កុម្ភៈ​ ជា​ទិវា​នៃ​ក្តី​ស្រឡាញ់។ នៅ​លើ​ពិភពលោក ប្រទេស​ជា​ច្រើន​ចាត់​ទុក​ថ្ងៃ​នេះ ​ជា​ថ្ងៃ​បុណ្យ​ស្នេហា និង​ជា​ឱកាស​ក្រឡេក​មើល​ស្ថានភាព​ស្នេហា​នៅក្នុង​ប្រទេស​ចិន ដែល​ចំនួន​អាពាហ៍ពិពាហ៍​បានធ្លាក់​ចុះ​​​២០% នៅ​ឆ្នាំ​២០២៤។ ​ស្ថានភាពបែប​​នេះ​មិន​ល្អ​ទេ ​សម្រាប់​​សេដ្ឋកិច្ច​ជាតិ​។ ហេតុដូច្នេះហើយ​បាន​ជា​ អាជ្ញាធរ​​ចិន​ប្រើ​គ្រប់​មធ្យោបាយ ​ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យ​គិត​​​រក​គូស្រករ​និង​រៀប​ការ។

ដើម្បី​ជំរុញ​អត្រា​កំណើត ចិន​ផ្តល់​ប្រាក់​រង្វាន់​១៥០០យ៉ន់​ដល់​គូស្វាមីភរិយាថ្មី​ក្នុង​ថ្ងៃ​ចុះ​លិខិត​អាពាហ៍ពិពាហ៍ © rfi khmer

មិន​ខ្វល់​រឿង​រៀបការ​ និង​បង្កើត​គ្រួសារ កំពុង​ក្លាយ​ជា​បញ្ហា​យ៉ាង​ពិតៗជាក់​ស្តែង​​នៅ​ក្នុង​​ប្រទេស​​ចិន។ ចំនួន​អាពាហ៍ពិពាហ៍​បាន​ធ្លាក់​ចុះ​អស់​២០​% ក្នុងអំឡុង​​ពេល​តែ​មួយ​ឆ្នាំ នៅ​ឆ្នាំ​២០២៤។ គ្រាន់​តែ​ពលរដ្ឋ​មិន​សូវ​ចង់រៀបការ ក៏​រដ្ឋាភិបាល​​បារម្ភដែរ ស្តាប់​ទៅហាក់​​ដូច​ជា​​កំប្លែងជ្រុល​ពេក​ហើយ។ ប៉ុន្តែ​បញ្ហា​នេះ​ ជះ​ឥទ្ធិពល​ខ្លាំង​ណាស់​ដល់​សេដ្ឋកិច្ច​ជាតិខ្លាំង​ណាស់ ព្រោះ​បើ​មិន​សូវ​មាន​អាពាហ៍ពិពាហ៍​ មាន​ន័យ​ថា​មិន​សូវ​មាន​កំណើត​កូន​ និង​មិន​សូវ​មាន​កម្លាំងពលកម្ម​ ​នៅ​២០ឆ្នាំ​ខាង​មុខ។ កម្លាំងពលកម្មច្រើន ​និង​ក្នុង​តម្លៃ​ថោក​ ជា​ចំណែក​មួយ ​ដែល​រុញ​ច្រាន​ឱ្យ​ចិន​មាន​កំណើន​សេដ្ឋកិច្ច​ល្អ​កន្លង​មក។

កម្លាំងពលកម្មថយ​ចុះ​អាច​ពន្យឺត​មហិច្ឆតាសេដ្ឋកិច្ចចិន និង​ដំឡើង​បន្ទុក​សម្រាប់​ក្មេង​ជំនាន់​ក្រោយក្នុង​ការ​ទ្រទ្រង់​ចិញ្ចឹម​មនុស្ស​ចាស់។​ ជាង​នេះ​ទៅ​ទៀត ចំនួន​ប្រជាពលរដ្ឋ​ចិន បានថយ​​ចុះ​ជា​គម្រប់​បី​ឆ្នាំ​ជាប់​គ្នា ដែល​មាន​ន័យ​ថា​ ​ចិន​មាន​ប្រជាជនចាស់​កាន់​តែច្រើន​ តម្រូវ​ការថវិកា​សម្រាប់​បើក​ប្រាក់​និវត្តន៍​ក៏​កាន់​តែ​ធំ។ ​

ហេតុដូច្នេះបាន​ជា​អាជ្ញាធរ​ចិន ប្រឹង​ប្រើ​គ្រប់​មធ្យោបាយ​ ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យ​រៀប​អាពាហ៍ពិពាហ៍ និង​​បង្កើត​កូន ហើយរឹតបន្តឹង​នីតិវិធី​​លែងលះ។ ចិន​បាន​លើក​ទឹក​ចិត្ត​ឱ្យ​សាលា​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​ផ្តល់​ការ​សិក្សា​ផ្នែក​ស្នេហា ដើម្បី​ឱ្យ​ក្មេង​មាន​ទស្សនៈ​វិស័យ​វិជ្ជមាន​ចំពោះ​អាពាហ៍ពិពាហ៍ និង​ការ​បង្កបង្កើត​គ្រួសារ។ នៅ​ក្រុង​ខ្លះ អាជ្ញាធរ​បាន​ផ្តល់​រង្វាន់​ជា​ថវិកា ១៥០០យ៉ន់ចិន ដល់​គូស្រករ​ថ្មី​ថ្មោងក្នុង​ថ្ងៃ​​ចុះ​លិខិត​រៀប​អាពាហ៍ពិពាហ៍។ ១៥០០យ៉ន់ ឬ​ស្មើ​នឹង​ប្រមាណ​២០០ដុល្លារ​អាមេរិក តិច​មែន​ តែ​តំណាង​ឱ្យ​ដល់​ទៅ​ពាក់​កណ្តាល​នៃ​ប្រាក់​ខែមធ្យម​របស់ប្រជាពលរដ្ឋ​ចិន។ វិធានកា​រនេះ​ទើប​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​១​មករា ​២០២៥ និ​ងបាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង។ ក្រុង​ខ្លះ​​ទៀត​ ផ្តល់​រង្វាន់​ជា​លុយ​ដល់​គូស្វាមី​ភរិយានៅ​ពេល​​បង្កើត​កូនទីពីរ​ ឬ​ទីបី។ ចំណាត់ការ​នេះ​បាន​ទទួល​ជោគជ័យ​ដែរ ព្រោះ​ក្រុងណា​មាន​ជំនួយហិរញ្ញវត្ថុ​ក្រុង​នោះ​មាន​អត្រា​កំណើត​កើន​ឡើង​នៅ​ឆ្នាំ​២០២៤។ នៅ​តំបន់​ខ្លះ​ទៀត រដ្ឋបាល​​ខេត្ត​ក្រុង​​រៀប​ចំពិធី​​ជួប​​ជុំផ្គូផ្គងគ្នា​​​ ជា​ផ្លូវការ​តែម្តង​ផង។ ស្នេហា​ជា​ប្រធានបទ​ដែល​ប៉េកាំងគិត​គូរ​យ៉ាង​ហ្មត់ចត់​ ដោយ​ចង់​ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​ជន្ទល់​សេដ្ឋកិច្ច​ដ៏​ចម្បង​មួយផង។

សូម​បញ្ជាក់​ថា​ ជាមួយ​អត្រា​យុវជនអត់​ការងារ​ ធ្វើ​បាន​ឡើង​ដល់​១៥,៧% និង​ទីផ្សារ​ការងារ​កាន់​តែ​ចង្អៀត ក្មេង​សម័យ​ថ្មី​ភាគ​ច្រើន​ គិត​គូរ​ដល់​សុខុមាលភាព​ផ្ទាល់​ខ្លួន ជា​ជាង​គិត​គូរ​រៀប​ការ បង្កើត​គ្រួសារ​​ដែល​ត្រូវ​ចំណាយ​ច្រើន ជាពិសេស​ការ​ចំណាយលើ​ផ្នែក​សិក្សា​អប់រំ​កូន។ ក្រៅ​អំពី​លក្ខខណ្ឌ​សេដ្ឋកិច្ច​ផុយស្រួយ​សម្រាប់​រស់​ជា​គូ ខ្លះ​យល់​ថានៅលីវ​ មិន​សូវ​ស្ត្រេស។ មូលហេតុ​មួយ​​ទៀតគឺ​ ស្ត្រី​ចិន​កាន់​តែរឹង​មាំ​ មានចំណូល​ថេរ ដែល​រស់​តែ​ម្នាក់ឯង​ដោយ​មិន​ចាំបាច់​ត្រូវ​គិត​គូរ​រក​ប្តី។

នៅ​ឆ្នាំ​២០២៤ ចិន​មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​១៤០៨​លាន​នាក់ ទល់​នឹ​ង​១៤១០​លាន​នាក់ ​កាលពី​មួយ​ឆ្នាំមុន៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 136
ឯកសារពិគ្រោះ : 446
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា