banner1
Meta ថា លោកហ៊ុន ម៉ាណែត ចំណាយថវិកាជាង ១,៥លានដុល្លារ ដើម្បីផ្សព្វផ្សាយតាមហ្វេសប៊ុក

 17-កុម្ភៈ-2025

របាយការណ៍របស់ក្រុមហ៊ុនគ្រប់គ្រងហ្វេសប៊ុកឈ្មោះ Meta បានបង្ហាញថា នាយករដ្ឋមន្រ្តីកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចំណាយថវិកាជាង ១លាន៥សែនដុល្លារ ដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនូវសកម្មភាពការងារដឹកនាំប្រទេស សកម្មភាពប្រចាំថ្ងៃ បទចម្រៀង និងសារនយោបាយ។ អ្នកតាមដានសង្គមយល់ថា ការចំណាយថវិកាយ៉ាងច្រើនសម្បើមបែបនេះ មិនមែនជារឿងចាំបាច់ និងអាចប៉ះពាល់ដល់ថវិកាជាតិ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត AP – Heng Sinith

ក្រុមហ៊ុន Meta បានផ្សព្វផ្សាយរបាយការណ៍ស្តីពី អ្នកបង់លុយ ដើម្បីផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៥។ នៅកម្ពុជាត្រូវបាន Meta បង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចំណាយលុយជាង ១លាន៥សែនដុល្លារ សម្រាប់ផ្សព្វផ្សាយមាតិកាផ្សេងៗរបស់លោកនៅលើបណ្តាញសង្គម។ តាម Meta លោក ហ៊ុន ម៉ាណែត បានចំណាយលុយឲ្យហ្វេសប៊ុកជួយផ្សព្វផ្សាយ សកម្មភាពការងារដឹកនាំប្រទេសកម្ពុជា សកម្មភាពប្រចាំថ្ងៃបែបឯកជន បទចម្រៀង និងសារនយោបាយជាដើម។ ក្រៅពីនេះ និងបើតាមរបាយការណ៍របស់ Meta ដដែល មន្ត្រីខ្មែរមួយចំនួនក្នុងរដ្ឋាភិបាលក៏បានចំណាយថវិការាប់សិបម៉ឺនដុល្លារ ដើម្បីផ្សព្វផ្សាយសកម្មភាពការងាររបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកដែរ។

ជុំវិញព័ត៌មានស្តីពី ការចំណាយរបស់លោក ហ៊ុន ម៉ាណែត ដើម្បីផ្សព្វផ្សាយតាមហ្វេសប៊ុកនេះ វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីបាននៅ ឡើយទេ គិតត្រឹមរសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥ នេះ។ តែលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍគំនិត និងការស្រាវជ្រាវយល់ឃើញថា ការចំណាយថវិកាជាង ១លាន៥សែនដុល្លារ ដើម្បីផ្សព្វផ្សាយតាមហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ជាការចំណាយដ៏ធំមួយដែលលោក ហ៊ុន ម៉ាណែត ចង់ប្រកួតប្រជែង ឬបង្ហាញនូវសកម្មភាពការងារផ្សេងៗ ដើម្បីអាចឲ្យពលរដ្ឋបានឃើញ និងទទួលព័ត៌មានឆាប់រហ័ស។

ទោះជាយ៉ាងណា អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍគំនិត និងការស្រាវជ្រាវរូបនេះមិនភ្លេចចោទជាសំណួរថា តើថវិកាដែលលោក ហ៊ុន ម៉ាណែត បានចំណាយនោះជាថវិកាផ្ទាល់ខ្លួន ឬក៏ជាថវិកាជាតិ។ សំណួរនេះត្រូវបានលោក សេក សុជាតិ ឆ្លើយថា ប្រសិនបើជាការប្រើប្រាស់ថវិកាជាតិ នោះវាធ្វើឲ្យប៉ះពាល់ដល់ការបង់ពន្ធអាករផ្សេងៗរបស់ពលរដ្ឋ ព្រោះរដ្ឋាភិបាលមិនបានប្រើប្រាស់ថវិកាឲ្យចំគោលដៅ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 136
ឯកសារពិគ្រោះ : 446
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា