លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានជួបជាមួយ លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ក្នុងថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥ នេះ។ តាមលោកស្រី Bridgette L. Walker បើមានព័ត៌មានផ្លូវការណាមួយស្តីពី គម្រោងផ្តល់ជំនួយដល់សកម្មភាពកំចាត់មីននៅកម្ពុជា ទូតអាមេរិកប្រចាំនៅកម្ពុជានឹងផ្តល់ដំណឹងភ្លាមឲ្យរដ្ឋាភិបាលកម្ពុជា។ ការបញ្ជាក់របស់ភាគីអាមេរិកដូចនេះ បន្ទាប់ពីមានការជូនដំណឹងរបស់អង្គភាព CMAC ស្តីពី ការរំលាយបុគ្គលិក និងកម្លាំងប្រតិបត្តិការចំនួន ២១០នាក់ ដែលស្ថិតក្នុងគម្រោងជំនួយរបស់អាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានជួបជាមួយលោកហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ © CMAC
តាមខ្លឹមសារជំនួបលើទំព័រហ្វេសប៊ុកអង្គភាព CMAC នាថ្ងៃសុក្រ ទី១៤ កុម្ភៈ ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជាលោកស្រី Bridgette L. Walker បានលើកឡើងពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា ពិសេសផ្តោតលើការងារកម្ចាត់មីន។ លោកស្រី Walker បានអបអរចំពោះសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបាន ក្នុងនោះ មានការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងប្រទេស រួមទាំងការចូលរួមរបស់កម្ពុជាក្នុងចូលរួមជួយគាំទ្រដល់ប្រទេសមានបញ្ហាមីននៅលើពិភពលោក។
នៅក្នុងជំនួបដដែល ភាគីអាមេរិកបានលើកឡើងពីក្តីបារម្ភជុំវិញផលប៉ះពាល់ដោយការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកនៅលើពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាមួយដែរ។ តែលោកស្រី Walker បានទទួលស្គាល់ថា ការផ្អាកជំនួយរបស់អាមេរិកនាពេលនេះបានធ្វើឲ្យប៉ះពាល់ដល់កម្លាំងប្រតិបត្តិការជាច្រើនរបស់អង្គភាពស៊ីម៉ាក់។ ចំណែក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា CMAC បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានជួយអង្គភាព CMAC ក្នុងការបង្កើនសមត្ថភាព និងលទ្ធភាពនៅក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាព CMAC ចេញផ្សាយថ្ងៃទី១៣ កុម្ភៈ ការប្រកាសផ្អាកជំនួយភ្លាមៗរបស់រដ្ឋបាលអាមេរិកកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងប្រតិបត្តិការរបស់អង្គភាព CMAC ចំនួន២១០នាក់ និងអង្គការជាដៃគូចំនួន៣ ដែលមានចំនួនថវិកាប្រមាណ ២លានដុល្លារអាមេរិក ក្នុងមួយ ១ឆ្នាំ។ ការផ្អាកជំនួយរបស់ទីភា្នក់ងារ USAID បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងជំនាញបច្ចេកទេសអង្គភាព CMAC ដែលកំពុងបំពេញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងខេត្តចំនួន៨ រួមមានខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។
CMAC ថានាពេលបច្ចុប្បន្ន មានកម្លាំងប្រតិបត្តិការប្រមាណ ៩២% កំពុងបន្តដំណើរការប្រតិបត្តិការរំដោះមីនជាធម្មតានៅតាមបណ្តាខេត្តនានា រួមទាំងខេត្តដែលត្រូវបានផ្អាកជំនួយនេះផង និងថា កម្លាំងទាំងនេះគាំទ្រដោយរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយ ដូចជា ជប៉ុន ចិន អាឡឺម៉ង់ JICA CMAA/UNDP វិស័យឯកជន និងអង្គការដៃគូមួយចំនួនទៀត។ ថ្មីៗនេះ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៤,៤លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់អង្គភាព CMAC និងសកម្មភាពកំចាត់មីននៅកម្ពុជា។ តែអគ្គនាយក CMAC បញ្ជាក់ថា ជំនួយរបស់រដ្ឋាភិបាលចិនពេលនេះមិនមែនចូលជំនួសជំនួយអាមេរិក USAID ដែលរដ្ឋបាល លោក ដូណាល់ ត្រាំ បានផ្អាកមួយរយៈនោះទេ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com