ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅប្រទេសហ្វីលីពីនបានបញ្ចប់នៅថ្ងៃអង្គារទី១១ កុម្ភៈ។ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ លោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីហ្វីលីនបានឯក ភាពលើកិច្ចសហប្រតិបត្តិចំនួន៨ ទាក់ទងនឹងសេដ្ឋកិច្ច ការវិនិយោគ កសិកម្ម ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យបច្ចេកវិទ្យាព័ត៌មាន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន © STPM
កិច្ចសហប្រតិបត្តិចំនួន៨ នោះរួមមាន ទី១ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការពីការគេចពន្ធ ទី២ អនុស្សារណៈនៃការសម្តែងបំណងសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន ទី៣ អនុស្សារណៈនៃការយោគយល់ស្តីពី ការបង្ការអំពើលួច និងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌ ទី៤ អនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិពាណិជ្ជកម្ម ទី៥ អនុស្សារណៈនៃការយោគយល់គ្នាស្តីពី ការអនុវត្តច្បាប់ប្រកួតប្រជែង ទី៦ កម្មវិធីនៃការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ទី៧ អនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយងទី៨ គឺអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថល។ នេះបើតាមសេចក្តីប្រកាសរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលស្តីពី ជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត និងលោក ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន។
តាមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅហ្វីលីពីនបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិល្អរវាងប្រទេសទាំងពីរ និងថា កម្ពុជា-ហ្វីលីពីន នឹងបន្តជំរុញទំនាក់ទំនងទេ្វភាគីឲ្យដល់កម្រិតខ្ពស់លើគ្រប់វិស័យ។ ក្រៅពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានជួបជាមួយវិស័យធុរកិច្ច និងឯកជនរបស់ហ្វីលីពីន និងបានអះអាងនៅពេលជំនួបនោះថា កម្ពុជា និងហ្វីលីពីនកំពុងសហការគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសម្រួលដល់ការហោះហើររបស់ភ្ញៀវទេសចរ។
ក្នុងន័យនេះ លោក ហ៊ុន ម៉ាណែត បានស្នើឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ហ្វីលីពីនថ្មីបន្ថែមទៀត គឺសៀមរាប-សេប៊ូ ដើម្បីរុញវិស័យទេសចរណ៍តំបន់វប្បធម៌ និងតំបន់មាត់សមុទ្រ។
សម្រាប់កិច្ចការអន្តរជាតិវិញត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា និងហ្វីលីពីនអះអាងពីការប្តេជ្ញាចិត្តរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងពិភពលោក។ តែលោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ពីក្តីប្រាថ្នារបស់ខ្លួនទៅកាន់ប្រធានាធិបតីហ្វីលីពីន ដែលចង់ឃើញសមុទ្រចិនខាងត្បូងក្លាយជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅហ្វីលីពីនចំនួន ២ថ្ងៃ គឺជាដំណើរទេស្សនកិច្ចក្រៅប្រទេសដំបូងបំផុត សម្រាប់បេសកកម្មការទូតរបស់នាយករដ្ឋន្ត្រីកម្ពុជាក្នុងឆ្នាំ២០២៥នេះ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com