ជំនួបកំពូលAI៖ លោកម៉ាក្រុង ថ្លែងសារឃោសនាទាក់ទាញ ឲ្យគេមកវិនិយោគនៅបារាំង និងនៅអឺរ៉ុប
12-កុម្ភៈ-2025
ជំនួបកំពូលស្តីពីបញ្ញាសិប្បនិម្មិត ដែលបានបើកទ្វារនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទទី១០ កុម្ភៈ មានមនុស្សចូលរួមប្រមាណ១៥០០នាក់ ដែលសុទ្ធតែជាប្រមុខដឹកនាំរដ្ឋាភិបាល និងប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្រមទាំងអ្នកជំនាញក្នុងវិស័យបញ្ញាសិប្បនិម្មិត។ នៅក្នុងឱកាសនេះ លោកម៉ាក្រុងប្រធានាធិបតីបារាំង បានថ្លែងសារបើកស្វាគមន៍ជំនួបកំពូល ហើយថែមទាំងបានអួតអំពីសក្តានុពលរបស់បារាំង និងរបស់អឺរ៉ុប ថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងថ្លែងសុន្ទរកថាស្វាគមន៍ ជំនួបកំពូលស្តីពីបញ្ញាសិប្បនិម្មិត នៅមហាវិមាន Grand Palais ទីក្រុងប៉ារីស ថ្ងៃទី១០ កុម្ភៈ ២០២៥ AP – Michel Euler
ក្រោមដំបូលកញ្ចក់ដ៏ល្អអស្ចារ្យ នៃមហាវិមាន Grand Palais នៅចំពោះមុខអ្នកចូលរួមជាង ១០០០នាក់ មានទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងជាពិសេសនោះគឺ អគ្គនាយកធំៗនៃក្រុមហ៊ុនបច្ចេកវិទ្យា លោកប្រធានាធិបតីបារាំង បានឡើងថ្លែងសារស្វាគមន៍ជាភាសាបារាំងផង ជាភាសាអង់គ្លេសផង។
ក្រៅតែពីបានលើកឡើងអំពីសារៈសំខាន់នៃជំនួបកំពូលស្តីពីបញ្ញាសិប្បនិម្មិត លោកម៉ាក្រុង បានឆ្លៀតនិយាយអួតអំពីសក្តានុពលរបស់បារាំង ដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យបញ្ញាសិប្បនិម្មិត។ លោកម៉ាក្រុងអះអាងថា បារាំងមិនត្រឹមតែមានបុគ្គលិកជំនាញពូកែៗផ្នែក AI ប៉ុណ្ណោះទេ តែអ្វីដែលពិសេស គឺបារាំងមានចរន្តអគ្គិសនីគ្រប់គ្រាន់ហើយមិនបំពុលបរិស្ថានទៀត។ កាលពីឆ្នាំមុន យើងបាននាំចេញចរន្តអគ្គិសនី ចំនួន៩០តេរ៉ាវ៉ាត់ ។ ដូច្នេះមានន័យថា យើងមានសមត្ថភាពពេញលេញ ក្នុងការបំពេញតម្រូវការចរន្តអគ្គិសនី សម្រាប់ក្រុមហ៊ុនទាំងអស់ និងសម្រាប់ផ្ទះប្រជាជនយើង។ ចរន្តអគ្គិសនីយើងមានមិនខ្វះទេ ដោតប្រើចុះ ! អ្វីដែលសំខាន់បំផុតនោះ គឺយើងមានថាមពលអគ្គិសនី ដែលបញ្ចេញឧស្ម័នកាបូនិកទាបបំផុត។ គ្មាននរណាមានដូចបារាំងឡើយ គឺមានតែមួយទេ នៅក្នុងពិភពលោកយើងនេះ។ ប្រព័ន្ធថាមពលអគ្គិសនីយើង គឺផ្អែកទៅលើថាមពលនុយក្លេអ៊ែរ ពោលគឺ ប្រមាណ ៧៥% នៃថាមពលរបស់យើង គឺផលិតដោយថាមពលនុយក្លេអ៊ែរ។
លោកម៉ាក្រុងបានប្រកាសផងដែរ នូវមហាគម្រោងវិយោគឯកជននៅបារាំង ក្នុងតម្លៃទឹកប្រាក់ប្រមាណ ១០៩ពាន់លានដុល្លារ ដើម្បីសាងសង់ទីតាំងស្តុកទិន្នន័យ និងមជ្ឈមណ្ឌលប្រតិបត្តិការ AI ដ៏ធំច្រើនកន្លែងក្នុងទឹកដីបារាំង។ លោកម៉ាក្រុងអះអាងថា បារាំង និងអឺរ៉ុបដើរឲ្យកាន់តែលឿន ដើម្បីបង្កបរិយាកាសបើកទូលាយ ស្វាគមន៍អ្នកវិនិយោគក្នុងវិស័យបច្ចេកវិទ្យា។ យុទ្ធសាស្ត្រដើរលឿនជាមួយនឹងលទ្ធផលជាក់ស្តែង ដែលលោកម៉ាក្រុង អះអាងថា នឹងយកគម្រូ ដូចគម្រោងសាងសង់ព្រះវិហារណូត្រឹដាមឡើងវិញដូច្នោះដែរ។
ជាមួយគ្នានេះ លោកម៉ាក្រុងបានលើកឡើងថា ជំនួបកំពូលស្តីពីAI នៅប៉ារីសលើកនេះ គឺវាឱកាសតែមួយគត់ ដើម្បីដាស់អឺរ៉ុបឲ្យក្រោកឡើង ដើរឲ្យទាន់ពិភពលោកក្នុងវិស័យបច្ចេកវិទ្យា និងជាពិសេសនោះគឺធ្វើជាគម្រូល្អមួយ ក្នុងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ដែលបម្រើផលប្រយោជន៍មនុស្សជាតិ។ អឺរ៉ុបមិនត្រូវចាំតែធ្វើក្របខណ្ឌច្បាប់គ្រប់គ្រងបច្ចេកវិទ្យានេះទេ តែទន្ទឹមនឹងនេះ គឺអឺរ៉ុបត្រូវតែជម្រុញការវនិយោគ ក្នុងក្របខណ្ឌច្បាប់មួយ ដែលមិនតឹងតែងខ្លាំង។
សម្រាប់ខ្ញុំ ជំនួបកំពូលនេះ មិនមែនគ្រាន់តែជាការប្រកាសនូវគម្រោងវិនិយោគធំៗនៅបារាំងប៉ុណ្ណោះទេ។ តែវាគឺជាការដាស់ឲ្យយុទ្ធសាស្ត្ររបស់អឺរ៉ុប ក្រោកភ្ញាក់ឡើង។ នៅថ្ងៃស្អែក លោកស្រីប្រធាន វុនឌឺឡេយេន នឹងប្រកាសអំពីយុទ្ធសាស្រ្តរបស់អឺរ៉ុបក្នុងវិស័យបញ្ញាសិប្បនិម្មិត។ យុទ្ធសាស្ត្រនេះ គឺជាឱកាសតែមួយគត់សម្រាប់អឺរ៉ុប ដើម្បីពន្លឿនការរីកចម្រើន ដើម្បីកែសម្រួលឲ្យធូរស្រាលនូវក្របខណ្ឌច្បាប់ និងដើម្បីវិនិយោគទៅលើសមត្ថភាពម៉ាស៊ីនកុំព្យូទ័រ។
ហើយខ្ញុំសប្បាយចិត្ត ដែលអ្នកទាំងអស់គ្នា ជ្រើសរើសបារាំង ជ្រើសរើសអឺរ៉ុបដើម្បីដាក់ទុនវិនិយោគ។ ហើយខ្ញុំ និងលោកនាយករដ្ឋមន្ត្រី ម៉ូឌី ក៏មានមោទនភាពណាស់ដែរ ដែលបានរួមគ្នាដឹកនាំជំនួបកំពូលនេះ ដើម្បីផ្ញើសារក្នុងន័យ បង្រួបបង្រួម និងបំណងប្រាថ្នាក្នុងការវិនិយោគឲ្យបានច្រើន ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយ ដែលបម្រើដល់អត្ថប្រយោជន៍មនុស្សជាតិ។
នៅល្ងាចថ្ងៃទី១០ កុម្ភៈ ក្រោយចប់សុន្ទរកថា លោកប្រធានាធិបតីម៉ាក្រុង បានរៀបចំពិធីលៀងសាយភោជន៍ នៅឯវិមានអេលីហ្សេ ដោយមានការចូលរួម ពីប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលទាំងអស់ ដែលមានវត្តមានក្នុងជំនួបកំពូលស្តីពីAI។ ក្រៅពីលោកឧបនាយករដ្ឋមន្ត្រីចិន គឺមានលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី លោកអនុប្រធានាធិបតីអាមេរិក JD Vance លោកនាយករដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយដូ និងលោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ប្រធានគណៈកម្មការអឺរ៉ុប ចូលរួមផងដែរ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ