banner1
វិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជានៅតែមានកំណើនយឺតក្នុងឆ្នាំ២០២៥

 11-កុម្ភៈ-2025

វិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ នេះត្រូវបានព្យាករថា គឺនឹងងើបឡើងវិញយឺត បន្ទាប់ពីបានដាំក្បាលចុះតាំងពីផ្ទុះជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០២០។ ការព្យាករយ៉ាងដូចនេះត្រូវបានលើកឡើងនៅក្នុងវេទិកាសាធារណៈស្ដីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រឹកថ្ងៃចន្ទទី១០ កុម្ភៈនេះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា វិស័យសំណង់ក្នុងឆ្នាំ២០២៥នេះនឹងមានសន្ទុះក្នុងរង្វង់ ២.៥% និងអចលទ្រព្យក្នុងរង្វង់ ២.៦%។ កំណើនក្នុងកម្រិតទាបនៅក្នុងវិស័យទាំង ២នេះត្រូវបានក្រសួងសេដ្ឋកិច្ចពន្យល់ថា គឺដោយសារសកម្មភាពសាងសង់ និងការទិញ-លក់អចលនវត្ថុមានតម្លៃទាប ខណៈលំហូរទុនវិនិយោគពីបរទេសនៅមានកម្រិតតិចតួចនៅឡើយ។ ថ្លែងក្នុងវេទិកាសាធារណៈស្ដីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋ កិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៥ លោក អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ចលើកឡើងថា វិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជាជាវិស័យដែលធ្លាក់ចុះជាងគេតាំងពីឆ្នាំ២០២០។

តែទោះជាយ៉ាងណា លោក អ៊ុង លុយណា បានបង្ហាញនូវសុទិដ្ឋិនិយមពីការងើបវិញតិចតួចបំផុតក្នុងវិស័យមួយនេះ តាមរយៈការនាំចូលសម្ភារៈសំណង់ និងការទិញ-លក់អចលវត្ថុ ព្រមទាំងការអនុវត្តគោលនយោ បាយអន្តរាគមន៍មួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា។ ដោយឡែក នៅក្នុងវេទិកាសាធារណៈស្ដីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៥ ដដែល ក្រសួងសេដ្ឋកិច្ចបានដាក់ក្ដីរំពឹងពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៦,៣ % សម្រាប់ឆ្នាំ២០២៥ នេះ ដោយសារកំណើនក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏គ្រោងធ្វើការបោះផ្សាយមូលបត្ររដ្ឋចំនួន ៥០០ពាន់លាន រៀល ឬស្មើប្រមាណ ១២៣លានដុល្លារអាមេរិក សម្រាប់ហរិញ្ញប្បទានចំណាយវិនិយោគ និងរក្សាតុល្យាភាពថវិកាជាតិក្នុងឆ្នាំ ២០២៥។

ពាក់ព័ន្ធនឹងអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំនៅកម្ពុជាវិញ ត្រូវបានក្រសួងសេដ្ឋកិច្ចព្យាករថា គឺមានក្នុងរង្វង់ ២.៥% ក្នុងឆ្នាំ២០២៥ ដោយសារតែការរក្សាបាននូវលំហូរសេដ្ឋកិច្ចក្នុងស្រុក និងស្ថានភាពថ្លៃទំនិញអន្តរជាតិ។ ចំពោះទុនបម្រុងអន្តរជាតិក្នុងឆ្នាំ២០២៥ ក៏ត្រូវបានរំពឹងថា គឺកើនដល់ ២៤.៤ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងរយៈពេលប្រមាណ៧ខែនៃការនាំចូលទំនិញ និងសេវាកម្មក្នុងស្រុក។ គួរជ្រាបថា តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុឆ្នាំ២០២៤ កម្ពុជាមានបំណុលសរុបក្នុងទំហំទឹកប្រាក់ចំនួន ១១.៧៨ពាន់លានដុល្លារ ស្មើនឹង ២៥.២%នៃ GDP ឬ ផលិតផលសរុបក្នុងស្រុក។ ចិនជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា ពោលគឺមានចំនួន ៣៥% នៃបំណុលសរុប ខណៈក្រសួងសេដ្ឋកិច្ចបានអះអាងថា ស្ថានភាពបំណុលរបស់កម្ពុជា គឺនៅអាចគ្រប់គ្រងបាន ព្រមទាំងនៅតែមានចីរភាព និងមានហានិភ័យកម្រិតទាបដដែល៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 135
ឯកសារពិគ្រោះ : 444
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា