banner1
វៀតណាមនឹងធ្វើបដិវត្ត កាត់បន្ថយ​បុគ្គលិកមន្រ្តីរដ្ឋ ​២០% ក្នុងរយៈពេល​ ៥ឆ្នាំ

 11-កុម្ភៈ-2025

ដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ច​ឲ្យកាន់តែបោះជំហាន​លឿនទៅមុខ បក្សកុម្មុយនិស្តវៀតណាម​ចង់ធ្វើបដិវត្ត​មួយធំ ដោយ​កាត់បន្ថយ​ចំនួនបុគ្គលិក​តាម​ស្ថាប័ន​រដ្ឋ ឲ្យបាន​២០% ​ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៣០។ ឆ្នាំដែល​វៀតណាម​ប្តេជ្ញា​ចង់ក្លាយ​ជា​ប្រទេស​មានប្រាក់ចំណូលមធ្យម មុន​នឹង​ហក់ចូលក្នុង​ចំណោមប្រទេស​មាន​ប្រាក់ចំណូលខ្ពស់​ក្នុង​រង្វង់ឆ្នាំ ២០៤៥។ តើ​ប្រទេស​កុម្មុយនិស្ត​វៀតណាម​អាច​ធ្វើកំណែទម្រង់ ដោយ​ការបណ្តេញ បញ្ឈប់​បុគ្គលិក​រដ្ឋ​តាមគោលដៅ​របស់ខ្លួន​ដែរឬទេ?

សមាជិកបក្សកុម្មុយនិស្តវៀតណាម AP – Bui Lam Khanh

“ប្រសិនបើយើងចង់ឲ្យខ្លួនជាសះស្បើយ​គ្មានជំងឺ ពេលខ្លះ យើងត្រូវ​លេបថ្នាំដ៏ល្វីង និងទ្រាំឈឺចាប់​មួយរយៈពេល ដើម្បីឲ្យការព្យាបាលអាច​កម្ចាត់​មេរោគមហារីក”។ អគ្គលេខាធិការបក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡាំ​ បានប្រើ​ន័យធៀប​យ៉ាងដូច្នេះ នៅពេល​លោក​និយាយ​ពី​ចំនួន​បុគ្គលិក​នៅតាម​ស្ថាប័ន​រដ្ឋវៀតណាម។

កាលពី​ខែ​ធ្នូ ចុងឆ្នាំមុន ប្រធានបក្ស​កុម្មុយនិស្ត​វៀតណាមរូបនេះ ធ្លាប់ព្រមាន​រួចហើយថា ទីភ្នាក់ងារ ស្ថាប័នរដ្ឋ​មិនគួរ​ជា​កន្លែងលាក់ខ្លួន របស់​មន្រ្តីអន់ៗ គ្មានសមត្ថភាពនោះទេ។

ចាប់តាំង​ពី​លោក​តូ ឡាំ​ ចូលកាន់ក្បាល​ម៉ាស៊ីន​ដឹកនាំ​កាលពីពាក់​កណ្តាល​ឆ្នាំមុន បក្ស​កុម្មុយនិស្តវៀតណាម​បាន​ដាក់គោលនយោបាយ​ថ្មី ចង់បាន​រដ្ឋាភិបាល​ទំនើបមួយ​ដែល​មាន​ប្រព័ន្ធ​ដឹកនាំ​ស្រាល សកម្ម ដើម្បី​សម្របខ្លួន​នឹង​បរិបទសេដ្ឋកិច្ច​សកល។

កាត់បន្ថយ​បុគ្គលិក ដើម្បី​សម្រាលទម្ងន់ចំណាយ​របស់រដ្ឋាភិបាល។ នៅ​ថ្ងៃពុធ ​ទី១២ ​កុម្ភៈ ខានស្អែកនេះ សភាវៀតណាម​នឹងពិនិត្យ​សេចក្តីព្រាងច្បាប់​ ដែល​ដៅកាត់បន្ថយ​បុគ្គលិក នៅក្នុងមុខងារសាធារណៈ​ឲ្យ​បាន​២០%​ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៣០។ យោងតាម​ការចុះផ្សាយ​របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលទទួលបាន​អត្ថបទ​សេចក្តីព្រាងច្បាប់​ខាងលើ បក្សកុម្មុយនិស្ត​វៀតណាម​គ្រោង​នឹង​កាត់បន្ថយ​ចំនួន​ក្រសួង និងទីភ្នាក់ងារពី​៣០ មក​នៅ​ចំនួន​២២។

គិតត្រឹម​ឆ្នាំ ២០២២ វៀតណាម​មាន​បុគ្គលិករដ្ឋ​ប្រមាណជាង ២លាននាក់។ បើតាម​រដ្ឋាភិបាល ១ភាគ៥ នៃចំនួន​ការងារ​នៅតាម​ស្ថាប័នរដ្ឋ​នឹង​ត្រូវ​កាត់ជម្រុះចោល ក្នុងរយៈពេល​៥ឆ្នាំទៅមុខ។ មន្រ្តីរដ្ឋការ​ប្រមាណ ១សែននាក់ នៅតាម​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប៉ូលិស និង​តាម​ជួរកងទ័ព នឹង​ត្រូវ​បណ្តេញចេញពីការងារ ឬបង្ខំ​ឲ្យ​ចូលនិវត្តន៍មុនកាលកំណត់។

អាជ្ញាធរវៀតណាមវាយតម្លៃថា ការកាត់បន្ថយ​បុគ្គលិករដ្ឋ​ជាង​១សែននាក់​ នឹង​ធ្វើ​ឲ្យ​រដ្ឋសន្សំ​បានថវិកា​៤,៣ពាន់លាន​ដុល្លារ ក្នុង​រយៈពេល​៥ឆ្នាំ ខណៈដែល​ការចំណាយ​លើ​ប្រាក់បំណាច់ឈប់ពីការងារ និង​ប្រាក់ចូលនិវត្តន៍មុនកាលកំណត់ មានចំនួន​ច្រើនជាង ដល់​ទៅ ៥ពាន់លាន​ដុល្លារ។ ទោះការចំណាយ​លើ​ការកាត់បន្ថយ​បុគ្គលិក​មាន​ច្រើន​នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ ប៉ុន្តែបក្សកុម្មុយនិស្ត​វៀតណាម​សំឡឹង​ឃើញ​ប្រយោជន៍​នៅថ្ងៃអនាគត នៅពេល​រដ្ឋាភិបាលមានបន្ទុកចំណាយ​កាន់តែតិច​ទៅលើប្រាក់ខែ​របស់​មន្រ្តី បុគ្គលិករដ្ឋ។

ដោយ​ធ្វើកំណែទម្រង់​តាមរយៈ​ការកាត់បន្ថយ​ចំនួន​បុគ្គលិករដ្ឋ ដើម្បីកាត់បន្ថយ​ការចំណាយរបស់​រដ្ឋ ដូច​អាមេរិក​របស់​លោកដូណាល់ ត្រាំ និង​អាហ្សង់ទីន របស់​ប្រធានាធិបតី រ៉ាវីយ៉េ មីឡី បក្សកុម្មុយនិស្ត​វៀតណាម​កំពុង​ធ្វើ​បដិវត្តដ៏ធំមួយ ដែលជៀសមិនផុត នឹង​ជួប​ឧបសគ្គ។ ចំពោះ​អ្នកជំនាញ ដោយប្រកាស​កាត់បន្ថយ​បុគ្គលិករដ្ឋ ដើម្បីកាត់បន្ថយ​ការចំណាយ រដ្ឋវៀតណាម​មិនប្រាកដថា នឹង​អាច​សម្រេចគោលដៅ ដែលចង់បាន​រដ្ឋាភិបាល​មួយដែល​ស្រាល និង​មាន​សមត្ថភាព។ ទោះជា​បក្សកុម្មុយនិស្តវៀតណាម​ប្រកាស​បើកយុទ្ធនាការប្រឆាំង​អំពើពុករលួយ ដូចជា ចាប់ខ្លួន កាត់ទោស​មន្រ្តីបក្ស មហាសេដ្ឋីគ្រាក់ៗ​ដែលប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែវៀតណាម​នៅតែ​ប្រទេសមួយ ដែល​ល្បីខាង​បក្សពួកនិយមខ្លាំង និង​ជាប់នៅ​ចំណាត់​ថ្នាក់​លេខ៨៣ ក្នុងចំណោម​ប្រទេស​ចំនួន​១៨០ ស្តីពីទស្សនៈ​លើ​អំពើពុករលួយ និង​តម្លាភាព។

ប្រជាជន​វៀតណាមមួយចំនួន​វាយតម្លៃថា មហិច្ឆតា​បណ្តេញ​បុគ្គលិក ដើម្បី​កាត់បន្ថយ​ការចំណាយ នឹងអាចធ្វើ​ឲ្យ​រដ្ឋ​រហូតបាត់​បុគ្គលិក​ដ៏មាន​សមត្ថភាពពូកែ។ ពួកគេ​ទាំងនោះ​អាច​សុខចិត្ត​ទទួល​យកប្រាក់បំណាច់​ឈប់ពីការងារ​រដ្ឋ ប៉ុន្តែទៅ​បន្ត​ស្វែងរក​ផលប្រយោជន៍ នៅ​តាម​ក្រុមហ៊ុន​ឯកជន៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 135
ឯកសារពិគ្រោះ : 444
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា