នៅក្នុងសេចក្តីប្រកាសស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោក ថងលុន ស៊ីសូលីត កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងប្រទេសឡាវ គណបក្សទាំងពីរបានឯកភាពគ្នាជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពន្លឿនការជ្រើសរើសទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេពៅរបស់ខេត្តព្រះវិហារ និងទន្លេសេឡាំប៉ាវរបស់ខេត្តចំប៉ាសាក់ឱ្យបានឆាប់បំផុត។
មន្ត្រីជំនាញក្រសួងសាធារណៈការ កម្ពុជា និងឡាវ ដែលបានបើកកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងព្រំដែនដោយភ្ជាប់ប្រទេសទាំងពីរ គឺដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍រវាងកម្ពុជា និងឡាវ។
លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារអន្តរក្រសួងបានលើកឡើងនៅកិច្ចប្រជុំ កាលពីខែមករាថា ការសាងសង់ស្ពានឆ្លងកាត់ទន្លេពៅ និងទន្លេសេឡាំប៉ាវនេះនឹងក្លាយជា «ស្ពានមិត្តភាព សហប្រតិបត្តិការ» និងការអភិវឌ្ឍព្រំដែនរវាងប្រទេសទាំងពីរ។ តាមលោក ឡេង ធនយុទ្ធា គម្រោងសាងសង់ស្ពាន និងផ្លូវតភ្ជាប់នេះត្រូវបានរំពឹងទុកថានឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសទាំងពីរ ដែលនឹងនាំមកនូវភាពជាអ្នកជិតខាងល្អ ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងនៅចំពោះមុខ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលដើមខែធ្នូ ឆ្នាំ២០២៤កន្លងទៅថា ស្ពានតភ្ជាប់កម្ពុជា និងឡាវនេះនឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភា្ជប់ប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ ក៏ដូចជាការតភ្ជាប់នៅក្នុងមហាអនុតំបន់មេគង្គដែរ៕