banner1
រដ្ឋាភិបាលកម្ពុជា ត្រៀមផ្តល់ដីឱ្យពលរដ្ឋក្រីក្រ តាមរយៈកម្មវិធី «ផ្តល់ដី ការពារព្រៃ»

 30-មករា-2025

ក្នុងសេចក្តីថ្លែងសារពិសេសនាថ្ងៃទី២៨ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីការត្រៀមខ្លួនអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ» ក្នុងគោលដៅដោះស្រាយបញ្ហាជូនពលរដ្ឋក្រីក្រដែលគ្មានដី ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ និងជំរុញការចូលរួមរបស់ពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើ។ តាមលោក ហ៊ុន ម៉ាណែត កម្មវិធី «ផ្តល់ដី ការពារព្រៃ» នឹងបើកទទួលពាក្យស្នើសុំរបស់ពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥។

រដ្ឋាភិបាលកម្ពុជាត្រៀមផ្តល់ដីឱ្យពលរដ្ឋក្រីក្រតាមរយៈកម្មវិធី «ផ្តល់ដី ការពារព្រៃ» © FB

ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ពលរដ្ឋក្រីក្រនឹងអាចដាក់ពាក្យស្នើសុំមកកាន់គណៈកម្មការរៀបចំកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដែលហៅកាត់ថា ផ.ក.អ ដើម្បីទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋ។ នេះជាសេចក្តីថ្លែងសារពិសេសរបស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ មករា។ តាមនាយករដ្ឋមន្រ្តី កម្មវិធីនេះនឹងអនុញ្ញាតឲ្យពលរដ្ឋក្រីក្រទទួលបានដីពីរដ្ឋជាមួយនឹងការរៀបចំភូមិជូន ហើយពលរដ្ឋ ដែលរស់នៅទីនោះអាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ដែលខ្លួនរស់នៅ។

លោក ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ពលរដ្ឋខ្វះខាត ដែលទទួលបានដីពីរដ្ឋ ត្រូវតែជាពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ។ តែចំពោះនីតិវិធី បែបបទ ទីកន្លែងដាក់ពាក្យស្នើសុំ និងលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដើម្បីអាចទទួលបានដី គណៈកម្មការរៀបចំកម្មវិធីនឹងចាប់ផ្តើមជូនដំណឹងជាបន្តបន្ទាប់នៅពេលក្រោយទៀត។ នៅក្នុងសេចក្តីថ្លែងសារពិសេសដដែល កម្មវិធី «ផ្តល់ដី ការពារព្រៃ» នេះមានគោលបំណងអាទិភាពចំនួន៣ ទី១ ការដោះស្រាយដីជូនពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដ ទី២ ការចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងទី៣ ជំរុញការចូលរួមរបស់ពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើ។

ជុំវិញការអនុវត្តកម្មវិធីផ្តល់ដីជូនពលរដ្ឋក្រីក្រនេះ ត្រូវបានលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាយល់ថា រដ្ឋគួរមានច្បាប់កំណត់មិនឱ្យមានការលក់ដូរ ឬបញ្ចាំអ្វីទេ ព្រោះថា ពលរដ្ឋក្រីក្រភាគច្រើនជួបវិបត្តិហិរញ្ញវត្ថុ ឬជាប់បំណុលវ័ន្តកជាដើម។ ចំពោះលោកបណ្ឌិត សុខ ទូច ច្បាប់កំណត់នេះក៏គួរត្រូវចែងឱ្យបានច្បាស់អំពីការការពារ និងអភិរក្សព្រៃឈើដោយលោកបានកត់សម្គាល់ឃើញកន្លងមកថា ពលរដ្ឋអ្នកស្រុកមួយចំនួនជាអ្នកបំផ្លាញ និងទន្ទ្រានយកដីព្រៃ។ ដូច្នេះសម្រាប់លោកបណ្ឌិត សុខ ទូច មុននឹងផ្តល់ដីឱ្យពលរដ្ឋ រដ្ឋាភិបាលគួរអប់រំពលរដ្ឋឱ្យបានដឹងច្បាស់ជាមុនសិនអំពី ការប្រើប្រាស់ដីដាំដំណាំ ឬរកទីផ្សារលក់ដំណាំដាំដុះ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋ។

គួររម្លឹកថា កម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ត្រូវបានដាក់ចេញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ការដៅចំណុចរៀបចំនូវកម្មវិធីនេះត្រូវបានលោក ហ៊ុន ម៉ាណែត អះអាងថា គឺនឹងគិតអនុវត្តនៅតំបន់ទិសឦសាន និងតំបន់មួយចំនួនទៀត ដែលមានការចាំបាច់នៅក្នុងការការពារធនធានធម្មជាតិក៏ដូចជាជំរុញការអភិវឌ្ឍប្រទេស។ គួរដឹងដែរថា រដ្ឋាភិបាលបាន បែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និងបានទទួលស្គាល់លើដីកម្មសិទ្ធិឯកជននៅឆ្នាំ ១៩៨៩៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 427
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា