banner1
IMFថា សេដ្ឋកិច្ចកម្ពុជានៅតែដើរទៅមុខ តែអាចមានល្បឿនយឺតជាងការរំពឹងទុក

 30-មករា-2025

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស IMF បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយនៅថ្ងៃទី២៧ ខែមករា ដែលផ្តោតលើទស្សនវិស័យ និងហានិភ័យនៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥។ IMF បានអះអាងនៅក្នុងរបាយការណ៍ថា សេដ្ឋកិច្ចកម្ពុជានៅតែបន្តដើរទៅមុខ តែអាចមានភាពយឺតយ៉ាវជាងការគ្រោងទុក និងថា សេដ្ឋកិច្ចកម្ពុជាអាចងាយរងគ្រោះព្រោះតែលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចពិភពលោក។ ក្នុងន័យនេះ IMF បានផ្តល់ជាអនុសាសន៍ថា កម្ពុជាត្រូវរៀបចំគោលនយោបាយសំខាន់ៗមួយចំនួនដូចជា វិស័យសារពើពន្ធ រូបិយវត្ថុ ហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធ។

រូបតំណាង © Internet

មានកម្រាស់ជាង១០០ទំព័រ របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានសម្លឹងឃើញសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវដើរឆ្ពោះទៅមុខ តែនៅក្នុងល្បឿនមួយដែលយឺតជាក្តីរំពឹងទុក និងការលូតលាស់នៅមិនទាន់មានតុល្យភាព។ IMF រំពឹងថាក្នុងឆ្នាំ២០២៥ គឺមានតែវិស័យទេសចរណ៍ និងការនាំចេញដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យបោះជំហានទៅមុខ ខណៈវិស័យសំណង់ និងអចលនទ្រព្យកំពុងបន្តស្ថិតក្នុងបរិបទមួយមិនទាន់ច្បាស់លាស់។ ជាមួយគ្នានេះ លំហូរវិនិយោគពីបរទេសក៏ធ្លាក់ចុះ តែមានការកើនឡើងចំពោះឥណទានមិនដំណើរការ ឬហៅថាកម្ចីដែលអតិថិជនបង់សងត្រឡប់យឺត។

មូលនិធិរូបិយវត្ថុអន្តរជាតិបានកត់សម្គាល់បន្ថែមនៅក្នុងរបាយការណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចងាយរងគ្រោះដោយសារតែលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចពិភពលោក ការប្តូរគោលនយោបាយរបស់ដៃគូពាណិជ្ជកម្មធំៗនៅលើពិភពលោក និងការបែងចែកភូមិសាស្ត្រនយោបាយ ដែលអាចរំខានដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគពីបរទេស។ ចំណែកការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានៅឆ្នាំ២០២៧-២០៣០ នឹងនាំឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារធំៗជាច្រើន ក្នុងនោះក៏មានសហភាពអឺរ៉ុបមួយដែរ។

ក្នុងន័យនេះ IMF បានផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីធ្វើយ៉ាងឱ្យសេដ្ឋកិច្ចកម្ពុជានៅតែមានចលនាទៅមុខ។ អនុសាសន៍ទាំងនោះរួមមាន ការធ្វើកំណែទម្រង់លើគោលនយោបាយសារពើពន្ធដោយបន្តអនុវត្ត និងធ្វើឱ្យប្រសើរឡើងនូវការប្រមូលពន្ធ និងការលើកលែងពន្ធ ពិសេសបង្កើនប្រសិទ្ធភាពលើការចំណាយ និងពង្រឹងការគ្រប់គ្រងវិនិយោគសាធារណៈដែលជាធាតុផ្សំស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងភាពធន់ និងធានានូវស្ថិរភាពបំណុល។

ចំណែក គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុត្រូវបាន IMF ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបន្តរក្សាតម្លៃរូបិយប័ណ្ណរបស់ជាតិ គឺប្រាក់រៀល ធានាស្ថិរភាពហិរញ្ញវត្ថុ និងកាត់បន្ថយការចរាចរប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារ។ បន្ថែមពីនេះ និងបើតាមរបាយការណ៍របស់ IMF ដដែល កម្ពុជាត្រូវបង្កើនការត្រួតពិនិត្យលើវិស័យអចលនទ្រព្យដែលជាវិស័យគន្លឹះក្នុងការ ការពារស្ថិរភាពហិរញ្ញវត្ថុ។

ទាក់ទងនឹងកំណែទម្រង់រចនាសម្ព័ន្ធត្រូវបាន IMF ផ្តល់ជាយោបល់នូវចំណុចមួយចំនួនដូចជា ការជំរុញគោលនយោបាយលើកកម្ពស់ធនធានមនុស្ស ការពង្រឹងបរិយាសធុរកិច្ច ការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញចំពោះវិស័យឧស្សាហកម្ម​ និងការពង្រឹងអភិបាលកិច្ច និងតម្លាភាព។

សូមជម្រាបថា ក្នុងឆ្នាំ ២០២៥ នេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានដាក់ការព្យាករសេដ្ឋកិច្ចកម្ពុជាថានឹងមានកំណើន ៥,៨% ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់ក្តីរំពឹងថានឹងមានកំណើន ៦,៣% ដែលជំរុញដោយវិស័យឧស្សាហកម្ម និងកសិកម្ម៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 135
ឯកសារពិគ្រោះ : 444
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា