banner1
វត្តមាន​របស់បញ្ញាសិប្បនិម្មិតចិន DeepSeek ធ្វើឲ្យរញ្ជួយ​វិស័យ​បច្ចេកវិទ្យា​ និងទីផ្សារ​មូលបត្រ

 29-មករា-2025

វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលភាគច្រើនលើសលុបសុទ្ធតែជាក្រុមហ៊ុន​អាមេរិកនេះ​ ត្រូវរំជើបរំជួលយ៉ាងខ្លាំងក្នុងពេលនេះ ជាមួយ​នឹងវត្តមានថ្មី របស់បច្ចេកវិទ្យាចិន ឈ្មោះថា DeepSeek។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត DeepSeek  របស់ចិននេះ បានញាំងឲ្យ​មានការកោតសរសើរ លាយ​ឡំដោយ​ចម្ងល់ ព្រមទាំងការប្រុងប្រយ័ត្នផងដែរ​។ នៅថ្ងៃអង្គារ ​២៨​ មករា ​​​នេះ​ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត បានធ្លាក់ថ្លៃខ្លាំងបន្តបន្ទាប់គ្នា នៅលើទីផ្សារមូលបត្រ មិនថា នៅ​អាមេរិក ឬ នៅជប៉ុន​។​​ តើហេតុអ្វីបាន​ជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត DeepSeek របស់ចិន ធ្វើ​ឲ្យកក្រើក រំជើបរំជួលខ្លាំង​ដូច្នេះ?

ពិភពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ ​AI ដែលសឹងតែទាំងអស់សុទ្ធតែជាក្រុមហ៊ុនយក្សរបស់អាមេរិកនោះ ស្រាប់តែថ្ងៃនេះត្រូវរំជើបរំជួល​ផ្អើលឈូឆរតែម្តង ដោយសារតែវត្តមានថ្មីនៃ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិន។ ចិន ស្ងាត់ៗក៏ស្រាប់តែចេញបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតដ៏ទំនើប ធ្វើឲ្យគ្រប់គ្នាភ្ញាក់​ផ្អើលជាខ្លាំង។ បច្ចេកវិទ្យានេះ ត្រូវបាន​ស្រាវជ្រាវនិងស្ថាបនាឡើង ដោយក្រុមហ៊ុនចិន ឈ្មោះ DeepSeek ដែលមានទីតាំងនៅ​ទីក្រុងហាងចូវ ទីក្រុង​ធំប្រមូល​ផ្តុំទៅដោយ​ក្រុមហ៊ុនបច្ចេកវិទ្យាចិន​។

DeepSeek បានបើកឲ្យដំណើរការជាផ្លូវការ​ នៅ​ថ្ងៃទី​២៨ មករា នេះ នូវ​​​បច្ចេកវិទ្យាថ្មី ឈ្មោះថា DeepSeek R1។ គ្រប់គ្នាអាចទាញយក​បច្ចេកវិទ្យានេះមកប្រើ ដោយ​ឥតគិតថ្លៃ លើទូរស័ព្ទឬលើម៉ាស៊ីនកុំព្យូទ័រ​​។ DeepSeek R1 បានក្លាយ​ជាកម្មវិធី ដែល​គេទាញចេញយក​មកប្រើច្រើនជាងគេ​នៅថ្ងៃនេះ នៅលើ​ Apple Store។ DeepSeek R1 គឺជា​គូប្រជែងដោយ​ផ្ទាល់ ជាមួយ Chat GPT របស់ក្រុមហ៊ុន OpenAI អាមេរិកតែម្តង។

ពោលគឺ DeepSeek R1 ជា​ប្រភេទ Chatbot ដែលអាចឆ្លើយ​សំណួរ សឹងគ្រប់ទាំងអស់របស់អ្នកប្រើប្រាស់ ហើយអាចបង្កើតខ្លឹមសារថ្មី តាមរយៈការប្រមូលទិន្នន័យ​ដែលមានស្រាប់​ មកផ្គុំសរសេរ​ឲ្យចេញជាលទ្ធផល ទៅតាមអ្វីដែល​អ្នកប្រើប្រាស់ចង់បាន​។ ឧទាហរណ៍ងាយស្តាប់ កុំថាឡើយដល់ទៅប្រាប់ឲ្យ​វាសរសេរ​អត្ថបទវិភាគអ្វីមួយស៊ីជម្រៅ​ សូម្បីតែ​ពេលយើងគិតមិនឃើញថាធ្វើម្ហូបអ្វីញ៉ាំ​ ក៏យើងអាចសួរ DeepSeek បានដែរ ដោយគ្រាន់តែប្រាប់ថាក្នុងទូរទឹកកកយើងមានសល់របស់ខ្លះ​ ហើយវានឹងប្រាប់យើងថាអាចធ្វើម្ហូបអ្វីញ៉ាំបាន។

តម្លៃថោក ហើយ​ប្រើកម្លាំងបន្ទះឈីបតូចបំផុត​

អ្វីដែលធ្វើ​ឲ្យ​គ្រប់គ្នាភ្ញាក់​ផ្អើល ហើយស្ញប់ស្ញែង​ គឺក្រុមហ៊ុនចិន​ចំណាយ​ប្រាក់តិចខ្លាំង យកតែមែនទែន ដើម្បីស្រាវជ្រាវនិង​ផលិត DeepSeek R1។ ChatGPT របស់ OpenAI ត្រូវបាន​គេចំណាយប្រាក់ច្រើនពាន់លានដុល្លារ​ ដើម្បីផលិត​វា។ ក៏ប៉ុន្តែ​ DeepSeek របស់ចិនវិញ គឺ​ចំណាយ​ប្រាក់ត្រឹមតែ​ ៥,៦លានដុល្លារ តែប៉ុណ្ណោះ។ ពោលគឺថា វាតិចខ្លាំងណាស់​ សម្រាប់លទ្ធផលចេញមកដែល​​ធ្វើអ្វីៗ​បានសឹងតែដូចគ្នា។

ចំណាយ​ប្រាក់ផលិត​តិចហើយ​ DeepSeek អាចដំណើរការ​បានដោយស្រួល ជាមួយនឹងបន្ទះឈីប ដែលមានកម្លាំងខ្សោយ​បំផុត មិនចាំបាច់ទាល់តែមានកម្លាំងខ្លាំងដូច​ ChatGPT ទេ។ ទាំងអស់នេះហើយ បានជាមានការភ្ញាក់ផ្អើល ហើយកោតសរសើរចិន​។ លោក Sam Altman អគ្គនាយក OpenAI បានទទួលស្គាល់ ថាបច្ចេកវិទ្យា ​​DeepSeek របស់ចិន ពិតជាគួរ​ឲ្យស្ញប់ស្ញែងមែន ព្រោះថា​ចិនចំណាយ​ប្រាក់តិចខ្លាំង តែបានលទ្ធផលបច្ចេកវិទ្យាចេញ​មក អាចប្រកួតប្រជែងនឹងរបស់អាមេរិកបាន។

យ៉ាងណាមិញ លោក Alexandr Wang អគ្គនាយក​ ក្រុមហ៊ុន Scale AI បានថ្លែងលើកញ្ជក់ទូរទស្សន៍ CNBC ថា DeepSeek របស់ចិន បើមិនល្អជាង ក៏អាចស្មើ​ជា​មួយ​​ប​ច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិតរបស់អាមេរិកដែរ​។ លោក ដូណាល់ ត្រាំ ក៏បានលើកឡើងដែរថា DeepSeek របស់ចិន គឺជាសញ្ញាអាសន្ន ប្រាប់អាមេរិកថាត្រូវតែ​ប្រុងប្រយ័ត្នបំផុតព្រោះថា ចិនអាចនឹងទៅលឿនដាច់អាមេរិកក្នុងវិស័យបច្ចេកវិទ្យា។

ព្រួយបារម្ភ និងចំនុចខ្សោយ​

តែទន្ទឹមគ្នានេះ ក៏មាន​ការបារម្ភមួយចំនួនមែន ទាក់ទិននឹង​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិននេះ។ ជាក់ស្តែងរដ្ឋាភិបាលអូស្ត្រាលី បានបង្ហាញការបារម្ភថា គេមានសំណួរជាច្រើនដែលគ្មានចម្លើយ ស្តីពី​បច្ចេក វិទ្យារបស់ចិននេះ។ សំណួរទាំងនោះ គឺវាពាក់ព័ន្ធនឹង​​ គម្រូបច្ចេកវិទ្យាថា វាគួរឲ្យទុកចិត្តកម្រិតណា សម្រាប់អ្នកប្រើប្រាស់ ជាពិសេសនោះ គឺទាក់ទិននឹងការ​ការពារទិន្នន័យ​ឯកជន។

ចំណុចខ្សោយ​មួយទៀតរបស់ DeepSeek គឺទំហំនៃ​ទិន្នន័យ ​ដែលហាក់នៅមានកម្រិត។ ខ្លឹមសារទៀតសោត ក៏ត្រូវតែគោរពទៅតាម​បន្ទាត់នយោបាយ​របស់បក្សកុម្មុយនីស្តចិន។ តួយ៉ាងពេលដែល​អ្នកប្រើប្រាស់ ចង់ស្វែងរកចម្លើយណាមួយ ដែលទាក់ទិននឹងបញ្ហារសើបមួយចំនួន ដូចជា​រឿងបាតុកម្មនៅទីលានធានអានមិន ឬតំបន់ទីបេ ឬការរំលោភសិទ្ធិមនុស្សនៅស៊ីនជាំងជាដើម គឺ DeepSeek R1 មិនផ្តល់ចម្លើយឱ្យទេ។ គិតត្រឹមពេលនេះ DeepSeek អះអាងថាបច្ចេកវិទ្យាខ្លួនអាចធ្វើការបានស្ទាត់ជំនាញតែលើភាសាអង់គ្លេស និងចិនតែប៉ុណ្ណោះ។

ផ្សារហ៊ុនជ្រួលច្របល់

យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ វត្តមានរបស់ DeepSeek បានធ្វើ​ឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា​ធំៗ ត្រូវធ្លាក់ថ្លៃខាតបន្តបន្ទាប់គ្នា។ អ្នកវិនិយោគចាប់ផ្តើមមានការព្រួយបារម្ភ ជាមួយនឹងវត្តមាន​ថ្មីរបស់ DeepSeek។ ជាក់ស្តែង ក្រុមហ៊ុន Nvidia ដែលជាអ្នកផលិត​បន្ទះសឺមីកុងឌុកទ័រកម្លាំងខ្លាំង ដែលគេត្រូវការប្រើ ដើម្បីដំណើរការ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនោះ បានធ្លាក់តម្លៃភាគ​ហ៊ុនដល់ទៅ​១៧% នៅព្រឹកថ្ងៃទី​២៨​ មករា​ បន្ទាប់ពី DeepSeek ចេញមុខជាផ្លូវការ​​។ ពោលគឺត្រឹមតែមួយថ្ងៃ​ Nvidia ខាតលុយអស់ជិត ​៦០០ពាន់លានដុល្លារ​។

មិនមែនមាន​តែ Nvidia ទេ ដែលធ្លាក់ថ្លៃភាគ​ហ៊ុន ក្រុមហ៊ុនជាច្រើន ឲ្យតែរកស៊ីពាក់ព័ន្ធនឹងគ្រឿងបន្លាស់ គ្រឿងផ្សំដើម្បីដំណើរការបញ្ញាសិប្បនិម្មិត គឺធ្លាក់ថ្លៃភាគ​ហ៊ុនសឹងទាំងអស់ មិនថានៅផ្សារមូលបត្រអាមេរិក ឬនៅជប៉ុនទេ។ Advantest ក្រុមហ៊ុនផលិត​គ្រឿងបរិក្ខា​សម្រាប់​​ឧស្សាហកម្ម​សឺមីកុងឌុកទ័រ ធា្លក់ថ្លៃហ៊ុនចំនួន​ ១១,១៣% នៅថ្ងៃអង្គារ ទី​២៨ មករា។ នៅជប៉ុន ក្រុមហ៊ុន Tokyo Electron បាន​ខាតថ្លៃហ៊ុន ចំនួន៥,៧៣%។ ចំណែកធនាគារ SoftBank Group របស់ជប៉ុន ដែលលោក​ ដូណាល់ ត្រាំ​ បានប្រកាសថា មានឈ្មោះចូលរួមក្នុងមហាគម្រោង AI អាមេរិក​ដែរនោះ ក៏បានធ្លាក់ថ្លៃហ៊ុន ៨,៣២% នៅថ្ងៃចន្ទ២៧ មករា​ ហើយ​នៅថ្ងៃអង្គារ ធ្លាក់​៥,២១%​បន្ថែម​ទៀត​។ រីឯ ក្រុមហ៊ុន Fujikura អ្នកផលិត​ខ្សែកាបទិន្នន័យ​ ធ្លាក់ថ្ងៃភាគហ៊ុនដល់ទៅ ៩,២១%។

ផ្ទុយទៅវិញ នៅ​ផ្សារហ៊ុនហុងកុងឯនោះ គេសង្កេតឃើញថា តម្លៃភាគហ៊ុនរបស់​​ក្រុមហ៊ុនបច្ចេកវិទ្យាចិន បានឡើងថ្លៃ​ស្រឺតៗបន្តបន្ទាប់គ្នា។ ជាក់ស្តែង ក្រុមហ៊ុន​ Tensen ឡើង១,៩% ក្រុមហ៊ុន​ Baidu ឡើង ៣,៩% និង​ក្រុមហ៊ុន Xiaomi ឡើងបាន​២,៨%។ ពិភពបច្ចេកវិទ្យាទំនើបរបស់ចិន ហាក់ដូចជាបានស្ទុះ​ហក់យ៉ាងខ្លាំង ដោយសារតែខ្យល់ជំនោរថ្មី បក់ដោយ DeepSeek៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 427
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា