ក្រសួងបរិស្ថានថា ខ្យល់ពុលនៅកម្ពុជាកើនឡើង តែមិនទាន់ដល់កម្រិតបន្ទាត់ក្រហម
24-មករា-2025
ក្រសួងបរិស្ថានកម្ពុជាបានឲ្យដឹងថា គុណភាពខ្យល់នៅប្រទេសកម្ពុជា ស្ថិតនៅក្នុងកម្រិតមួយ ដែលមិនទាន់ត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន និងត្រូវការពារនៅឡើយទេ។ ការលើកឡើងរបស់ក្រសួងបរិស្ថាន ដូច្នេះគឺសំអាងទៅលើកម្រិតស្តង់ដារនៃគុណភាពខ្យល់របស់កម្ពុជា ដែលមានលក្ខណៈដោយឡែកពីប្រព័ន្ធត្រួតពិនិត្យស្តង់ដារគុណភាពខ្យល់របស់ប្រទេសផ្សេងៗទៀត។ ក្រសួងបរិស្ថានថា ខ្យល់ពុលនៅកម្ពុជាកើនឡើង តែមិនទាន់ដល់កម្រិតបន្ទាត់ក្រហម © RFI
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានប្រាប់អ្នកកាសែតថា កំហាប់ភាគល្អិតនិចល PM 2.5 កាលពីថ្ងៃទី២២ មករា បានកើនឡើងរហូតដល់ ៣៥,៧មីក្រូក្រាម ក្នុង១ម៉ែត្រគូបខ្យល់។ តែកំណើនកំហាប់ភាគល្អិតនិចលនេះនៅមិនទាន់ដល់កម្រិតបន្ទាត់ក្រហម ដែលចាំបាច់ត្រូវចេញវិធានការឲ្យពលរដ្ឋប្រុងប្រយ័ត្ន ពាក់ម៉ាស ឬមិនគួរចេញពីផ្ទះនៅឡើយទេ។
តាមអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះដដែល កម្រិតស្តង់ដារគ្រោះថ្នាក់នៃខ្យល់ពុលនៅកម្ពុជា គឺ ៥០មីក្រូក្រាម ក្នុង ១ម៉ែត្រគូបខ្យល់ និងថា ការកើនឡើងនៃកម្រិតខ្យល់ពុលនេះមិនទាក់ទងនឹងសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកស្តីពីការចុះអ័ព្ទចាប់ពីថ្ងៃទី២៣ មករា រហូតដល់ដាច់ខែមករា នេះទេ។
លោក ខ្វៃ អាទិត្យា បញ្ជាក់ថា មានហេតុផលមួយចំនួន ដែលបង្កឲ្យមានការបំពុលខ្យល់ ដូចជាការដុតសំរាម ផ្លាស្ទិក គល់ជញ្រ្ជាំង កំទេចកំណាត់ ការដុតរានព្រៃជាដើម រួមនឹងកត្តានៃការប្រែប្រួលអាកាសធាតុផងដែរ។ ចំណុចទាំងអស់នេះ ត្រូវលោកអំពាវនាយឲ្យប្រជាជនចូលរួម និងមានការទប់ស្កាត់ពីអាជ្ញាធរដំណាលគ្នាដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីដើមសប្តាហ៍នេះ ប្រធានបទនៃខ្យល់នៅក្នុងប្រទេសកម្ពុជា ត្រូវបានមហាជនលើកមកជជែកគ្នាតាមរយៈបណ្តាញសង្គមដោយយោងតាមគេហទំព័រ និងអេបបរទេសមួយចំនួន ដែលបង្ហាញថា មានម៉ោងខ្លះនៅកម្ពុជា កំហាប់ភាគល្អិតនិចលបានឡើងខ្ពស់ រហូតដល់ចំណុចក្រហម ដែលកម្រិតនេះតម្រូវឲ្យមានវិធានការការពារផ្សេងៗ។ មួយវិញទៀត អាជ្ញាធរថៃក៏បានប្រកាសប្រាប់ពលរដ្ឋរបស់គេឲ្យមានការប្រុងប្រយ័ត្ន ពាក់ម៉ាស បិទសាលាបណ្តោះអាសន្ន និងធ្វើការពីផ្ទះដោយសារកម្រិតខ្យល់ពុលខ្ពស់។
លោក ខ្វៃ អាទិត្យា បានទទួលស្គាល់ការព្រួយបារម្ភរបស់ពលរដ្ឋចំពោះកម្រិតខ្យល់ពុល និងបានបកស្រាយថា ពលរដ្ឋមិនទាន់យល់ពីកម្រិតស្តង់ដារដោយឡែករបស់កម្ពុជា ដែលខុសពីប្រទេសដទៃ។ តាមអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះដដែល ប្រទេសដទៃមានការកម្រិតស្តង់ដារខ្យល់ពុលផ្សេងៗគ្នា និងថា ការកំណត់កម្រិតស្តង់ដារខ្យល់ពុលប្រទេសខ្លះក៏ទាបជាងកម្ពុជាដែរ។ ទោះយ៉ាងណា លោក ខ្វៃ អាទិត្យា បានបន្ថែមថា ក្រសួងបានបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍នៃកំណើនខ្យល់ពុល ខណៈមធ្យមភាគនៃគុណភាពខ្យល់ប្រចាំឆ្នាំ នៅកម្ពុជាបានស្ថិតនៅក្នុងកម្រិតស្តង់ដារអង្គការសុខភាពពិភពលោក គឺ ១៤,១មីក្រូក្រាម ក្នុង១ម៉ែត្រគូបខ្យល់៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ